ពីនេះ ពីនោះ
លែង​ចាប​រំដោះគ្រោះ កុំ​ភ្លេច​សង្គ្រោះ​អ្នក​ខ្សត់​!
15, Apr 2018 , 5:59 am        
រូបភាព
ដោយ: ថ្មីៗ

និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​!

​កំណាព្យ​បទ ពាក្យ​៨



-   ​បាន​តាក់តែង​កាយ​កុំ​ណាយ​តែង​ចិត្ត​                      ​កុំ​ចោល​សុច​រឹត​ផ្សាយ​ចិត្តមេត្តា​
​តូចធំ​មាន​ក្រ​ឬក៏​ឧកញ៉ា​    ​    ​                                     ​ក្រុង​ស្រែ​ឬ​ផ្សារ​គួរ​រអា​បាប​។​

-​   ចូលឆ្នាំ​បាន​ជុំ​កុំ​ងំ​ភ្លេច​ទាន​    ​    ​                             ​ជួយ​អ្នក​អត់ឃ្លាន​យំ​ក្បែរ​សំ​យ៉ាប​
​គួរ​ជួយ​អ្នក​ខ្សត់​បាន​មុន​លែង​ចាប​    ​    ​                      បង្អែមចម្អាប​ជា​នំចំណី​។​

-   ​បើ​បាន​ទៅ​វត្ត​កុំ​ភ្លាត់​ភ្លេចខ្លួន​    ​                              ​ស្លៀកពាក់​សមសួន​កុំ​ខើច​ខិត​ខ្លី​
​ម៉ូដ​ស្តើង​វាល​ខ្លាំង​បញ្ចាំង​សាច់​ខ្ចី​    ​    ​                        ខ្លាច​ញាតិ​ប្រុស​ស្រី​គេ​ស្តី​ដៀល​ថា​។​

-   ​បើ​បាន​ផឹកស៊ី​កុំ​វីវក់​ភ្លេច​    ​    ​    ​                             ជល់​កែវ​ទង្គិច​កុំ​ភ្លេច​អាត្មា​
​ស្រវឹង​រករឿង​អួត​សឿង​ហានក្លា​    ​    ​                         អាង​កាប់​ប្រហារ​លប​វាយ​ទាត់​ធាក់​។​

-   ​ពេល​រាំ​ឬ​ច្រៀង​កុំ​ដៀង​ឌឺដង​    ​    ​                          ពារ​ប៉ះគ្នា​ម្តង​កុំ​អាង​ខ្វែវ​ផ្គាក់​
​សុំទោស​ញញឹម​រាប់អាន​រាក់ទាក់​    ​    ​                        ចូលឆ្នាំថ្មី​ជាក់​យើង​សុខ​សប្បាយ​។​
​    ​    ​    ​    ​    ​    ​
​                          

© រក្សាសិទ្ធិដោយ thmeythmey.com