ជាតិ
លោកស្រី ខ្លូត ធីតា ចង់​ឲ្យ​អ្នកនិពន្ធ​នាំគ្នា​លើក​ពី​មន្ត​ស្នេហ៍​របស់​ប្រុស​មិនសូវ​​ស្អាត និង​ក្រីក្រ​
07, May 2016 , 4:12 pm        
រូបភាព
បុរស​ក្រីក្រ ឬ​ប្រុស​មិនសូវ​ស្អាត សូមកុំ​អស់សង្ឃឹម​ឲ្យ​សោះ​! អ្នកនិពន្ធ​អាចជួយ​អ្នក​ឲ្យ​មាន​មន្ត​ស្នេហ៍ ប្រសិន​ពួកគាត់​ធ្វើតាម​សំណូមពរ​របស់លោក​ស្រី​បណ្ឌិតសភា​ចា​រ្យ ខ្លូត ធីតា ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​។ លោកស្រី ខ្លូត ធីតា បាន​អះអាងថា ស្នាដៃ​របស់​អ្នកនិពន្ធ​បាន​ទាញ​ចិត្ត​លោកស្រី ឲ្យ​លង់​ស្នេហ៍​បុរស​ក្រីក្រ​ដូចជា​ចៅ​ចិត្រ ហើយ​លោកស្រី​បាន​សំណូមពរ​ដល់​អ្នកនិពន្ធ​បច្ចុប្បន្ន​ចេះ​ប្រើ​ស្នាដៃ​ខ្លួន​ដើម្បី​ទាញអារម្មណ៍​នារី​ទាំងឡាយ​ឲ្យ​ចាប់ចិត្ត​បុរស​ក្រីក្រ រូបសម្បត្តិ​មិន​ស្អាត ប៉ុន្តែ​មាន​សមត្ថភាព​។​


​យោងតាម​ឃ្លី​ប​វីដេអូ​មួយ​ដែល​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ព្រះមហា ប៉ែន វិបុល  នាយក​ប្រតិ​ប​ត្ដិ​នៃ​សមាគម​ទ្រទ្រង់​ការបោះពុម្ព​និង​អប់រំ លោកស្រី ខ្លូត ធីតា បាន​និយាយ​បែប​កំប្លែង​ថា លោកស្រី បានកើត​ក្នុង​ត្រកូល​គហបតី ប៉ុន្តែ​បន្ទាប់ពី​បាន​អាន​រឿង​កូ​លាប​ប៉ៃលិន លោកស្រី​បាន​ចាប់​ស្រឡាញ់​បុរស​ដូចជា​ចៅ​ចិត្រ ដែល​ពីមុន​លោកស្រី​មើល​អត់​សូវ​ឃើញ​ឡើយ​។​

​លោកស្រី ខ្លូត ធីតា បាន​លើកឡើងថា​៖ «​ដល់ពេល​ខ្ញុំ​មើល​រឿង​កូ​លាប​ប៉ៃលិន ខ្ញុំ​ដូរ​ចិត្ត​ភ្លែត ចង់​កូន​សេដ្ឋី​ទាក់ទង​ម៉ែ​ខ្ញុំ ក៏​ខ្ញុំ​គ្រវីក្បាល​ដែរ ខ្ញុំ​ស្រឡាញ់​តែ​អ្នកណា​ដូច​ចៅ​ចិត្រ ហើយ​ក្រ​…»​។ ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ដែល​បានចាត់ទុក​ខ្លួនឯង​ជា «​ឃុន​នារី​» នោះ បាន​លើកឡើងថា ស្វាមី​របស់លោក​ស្រី គឺជា​អ្នកបើកបរ​រថយន្ត​ផ្ទាល់​សម្រាប់​លោកស្រី ដោយ​គាត់​ជា​វិស្វករ​ចូលនិវត្តន៍​ដែលមាន​សម្បុរ​ខ្មៅ មកពី​ខេត្តស្វាយរៀង​។​

​ជាមួយនឹង​ការសរសើរ​ថា អ្នកនិពន្ធ​រឿង កូ​លាប​ប៉ៃលិន (​លោក ញ៉ុ​ក ថែម​) រឿង​ផ្តា​ស្រពោន (​លោក នូ ហាច​) ជាដើម ចេះ​ប្រើ​ស្នាដៃ​ទាញ​ចិត្ត​នារី​ឲ្យ​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​ត្រៀម​រកតែ​អ្នកក្រ​នោះ លោកស្រី ខ្លូត ធីតា ចង់​ឲ្យ​អ្នកនិពន្ធ​បច្ចុប្បន្ន​នាំគ្នា​ទាញ​អ្នកនយោបាយ ជាពិសេស​ស្រីៗ​ដែល​ឃើញតែ​វីឡា លុយ ឡាន ឲ្យ​វិល​មកវិញ ។​

​បើតាម​លោកស្រី បុរស​ក្រីក្រ ឬ​មិនសូវ​ស្អាត មួយចំនួន​មាន​លក្ខណៈសម្បត្តិ​ប្រសើរ​ជាង​បណ្ឌិត​មួយចំនួន​ដែលមាន​តែ​សញ្ញាបត្រ តែ​សញ្ញា​ឃើញ មិនសូវមាន​ការអនុវត្ត​។ «​បណ្ឌិតសភា​ចា​រ្យ​មានអី​អស្ចារ្យ កុំ​ជឿ​បណ្ឌិត​ពេក ពេលខ្លះ​ក៏​ខុស​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី ខ្លូត ធីតា​។​

សូម​ទស្សនា និង​ស្តាប់​ប្រសាសន៍​លោកស្រី ខ្លូត ធីតា ដូចខាងក្រោម​៖





Tag:
 ​អ្នកនិពន្ធ​
  ខ្លូត ធីតា
© រក្សាសិទ្ធិដោយ thmeythmey.com