ជាតិ
មជ្ឈមណ្ឌល​ផ្តល់​បណ្ណ​បើកបរ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន នឹង​ចាប់ដំណើរការ​នៅ​ដើមខែ​មិថុនា​
08, May 2016 , 2:23 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹងដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ផ្តល់​បណ្ណ​បើកបរ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល នៅ​ដើមខែ​មិថុនា​ខាងមុខនេះ​។ សេវា​ប្តូរ​បណ្ណ​បើកបរ និង​ធ្វើ​បណ្ណ​បើកបរ​ថ្មី​នេះ មាន​បើក​បម្រើ​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៩​យប់​។​



មជ្ឈមណ្ឌល​ផ្តល់​បណ្ណ​បើកបរ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល  នឹង​ដំណើរការ​នៅ ដើមខែ​មិថុនា​ដ៏​ខ្លី​ខាងមុខនេះ​។ បើតាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក វ៉ា​ស៊ឹម សុរិយា ឲ្យ​ដឹងថា  មជ្ឈមណ្ឌល​នេះ គឺជា​កន្លែង​ផ្តល់​សេវាសាធារណៈ​លើ​ការប្តូរ​បណ្ណ​បើកបរ និង​ធ្វើ​បណ្ណ​បើកបរ​ថ្មី​ក្នុង​ទីតាំង​ឯកជន​ដំបូង​គេ​។ លោក​បញ្ជាក់ថា ការផ្តល់សេវា​ក្នុង​មជ្ឈមណ្ឌល​ថ្មី​នេះ មាន​បើក​បម្រើ​ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៩​យប់ ជា​រៀងរាល់ថ្ងៃ ដោយ​គ្មាន​គិត​ថ្ងៃបុណ្យ​ឡើយ​។​

លោក វ៉ា​ស៊ឹម សុរិយា បន្តទៀតថា ភាគី​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ផ្តល់​ទីតាំង​ក្នុង​ទំហំ ៤០ ម៉ែត្រការ៉េ​នៅ​ជាន់​ផ្ទាល់​ដី ដោយ​មិន​គិត​កម្រៃ​ឡើយ​។ តែ​ខាង​ក្រសួង​ត្រូវ​ចេញថ្លៃ​ទឹក​-​ភ្លើង​ខ្លួនឯង​។ ក្រៅពី​សេវា​ផ្តល់​បណ្ណ​បើកបរ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រូបនេះ អះអាងថា អាចមាន​សេវា​ផ្សេងទៀត​ដែរ តែ​ស្ថិតក្នុង​ការពិភាក្សា​នៅឡើយ​។
​ការសម្រេច​ជ្រើសរើស​ទីតាំង​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ត្រូវបាន​លោក វ៉ា​ស៊ឹម សុរិយា មានប្រសាសន៍ ឲ្យ​ដឹងថា ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល មាន​ប្រជាពលរដ្ឋ​ចូលមក​ទិញ​ឥ​វ៉ាន់ និង​ដើរ​កម្សាន្ត​ច្រើន ដូចនេះ​ខាង​ក្រសួង​ចង់​បង្ករ​ភាពងាយស្រួល​ដល់​ពលរ​ដ្ឋ​អាចធ្វើ​បណ្ណ​បើកបរ​នៅ​ទីនោះ​តែម្តង​។​

ទោះជា​យ៉ាងណា ក្រសួង​មិនទាន់មាន​គម្រោង​ថា នឹង​បង្កើត​មជ្ឈមណ្ឌល​ផ្តល់​បណ្ណ​បើកបរ​នៅ​ទីតាំង​ឯកជន​ផ្សេង​ក្រៅពី​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​នោះទេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ា​ស៊ឹម សុរិយា​។

បើតាម​មន្ត្រីជាន់ខ្ពស់​រូបនេះ ទីតាំង​ផ្តល់​សេវា​ធ្វើ​បណ្ណ​បើកបរ និង​សេវា​មួយចំនួនទៀត សម្រាប់​នៅ​រាជធានី​ភ្នំពេញ សេវា​ទាំងនេះ​មាន​បម្រើ​ជូន​ប្រជាពលរដ្ឋ​នៅតាម​សាលាខណ្ឌ​នីមួយៗ​។ ដោយឡែក​នៅ​បណ្តា​ខេត្ត ការផ្តល់សេវា​ទាំងនេះ មានតែ​នៅតាម​មន្ទី​សាធារណការ និង​ដឹកជញ្ជូន តែប៉ុណ្ណោះ ប៉ុន្តែ​ក្រសួង​គ្រោង​នឹង​ពង្រីក​ការផ្តល់សេវា​សាធារណ​ដ​ល់​ថ្នាក់ស្រុក​តែម្តង​៕


Tag:
 ​បណ្ណ​បើកបរ​
  វ៉ា​ស៊ឹម សុរិយា​
  AEON ​
© រក្សាសិទ្ធិដោយ thmeythmey.com