កីឡាជាតិ
ស្គី​ទឹកកក​ស្នើសុំ​ក្រសួង​អប់រំ​ចូល​ជា​សមាជិក ក្រោយ​បញ្ចប់​ការប្រកួត​ថ្នាក់ជាតិ​
09, May 2016 , 9:19 am        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​ស្គី​ទឹកកក​កម្ពុជា ក្រោយពី​បញ្ចប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ ដែល​រៀបចំ និង​ទ្រទ្រង់​ដោយ​សហព័ន្ធ​ផ្ទាល់​យ៉ាង​ជោគជ័យ​កាលពី​ថ្ងៃទី​៧ ខែឧសភា លោក ម៉េង ហៀ​ង​ប្រធាន​សហព័ន្ធ​នេះ​បានស្នើរ​សុំ​គោលការណ៍​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ដាក់​ប្រភេទ​កីឡា​នេះ​ចូលក្នុង​កម្មវិធី​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​របស់​ក្រសួង ក្នុង​គោលបំណង​ដើម្បី​ប្រមូលផ្តុំ​កីឡាករ​ជម្រើសជាតិ​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេងៗ​។


​សហព័ន្ធ​កីឡា​ស្គី​ទឹកកក​កម្ពុជា​បានស្នើរ​សុំ​គោលការណ៍​ពី​ក្រសួង​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ដាក់បញ្ចូល​កីឡា​ស្គី​ទឹកកក ក្នុង​កម្មវិធី​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​របស់​ក្រសួង ក្នុង​គោលបំណង​ដើម្បី​ប្រមូលផ្តុំ​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​សម្រាប់ធ្វើ​ការហ្វឹកហាត់​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេងៗ ជាពិសេស​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី​។ 

 ថ្លែង​នៅក្នុង​កម្មវិធី​បិទ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ កាលពី​ម្សិលមិញ លោក ម៉េង ហៀ​ង ប្រធាន​សហព័ន្ធ​កីឡា​ស្គី​ទឺ​ក​កក​កម្ពុជា​មានប្រសាសន៍​ថា​៖«​ខ្ញុំបាទ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រសួង​អប់រំ យុវជន និង​កីឡា  នឹង​ទទួល​សំណើរ​ស្នើសុំ​គោលការណ៍​ពី​សហព័ន្ធ​យើងខ្ញុំ ដើម្បី​ដាក់បញ្ចូល​កីឡា​ស្គី​ទឹកកក​ចូលក្នុង​កម្មវិធី​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៧ ក្នុង​គោលបំណង​បង្កើត​ឲ្យ​មាន​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា​»​។

​លោក​អគ្គលេខាធិការ​រូបនេះ​បន្តថា ប្រសិនបើ​សហព័ន្ធ​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​ដាក់បញ្ចូល​កីឡា​ស្គី​ទឹកកក​សម្រាប់​ការរៀបចំ​ជើងឯក​ថ្នាក់ជាតិ​របស់​ក្រសួង សហព័ន្ធ​នឹងដាក់​សំណើរ​សុំ​គោលការណ៍​ទៅកាន់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ក្នុងការ​ប​ញ្ជូ​ល​កីឡាករ​កីឡាការិនី​ស្គី​ទឹកកក​កម្ពុជា ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី​។ ហើយ​លោក​សង្ឃឹមថា នៅ​ថ្ងៃ​ណាមួយ​នាពេល​អនាគត នឹងមាន​ទង់ជាតិ កម្ពុជា ហោះហើរ​លើកដំបូង នៅក្នុង​ការប្រកួត​ស៊ី​ហ្គេម អាស៊ាន​ហ្គេម និង​កីឡា​អូឡាំពិក​រដូវរងា​រលើ​ឆាក​អន្តរជាតិ​។​

​នាឱកាស​នោះដែរ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​កោតសរសើរ​ចំពោះ​សមត្ថភាព និង​ទេ​ព្យ​កោសល្យ របស់​កីឡាករ​កីឡាការិនី​ស្តី​ទឹកកក ដែល​បានបង្ហាញ​ពី​ភាព​អស្ចារ្យ របស់ខ្លួន​យ៉ាង​ប៉ិនប្រសប់​ក្នុងការ​ប្រកួត​ដែល​ធ្វើ​ឲ្យ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​លើក​ទី​២ បញ្ចប់​ដោយ​ជោគជ័យ និង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​កុះករ​របស់​ទស្សនិកជន​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​អបអរសាទរ​ចំពោះ​សហព័ន្ធ​កីឡា​ស្គី​ទឺ​កក​ក ដែល​បានរៀបចំ​ការប្រកួត​ជើងឯក​នេះ​ជា​លើក​ទី​២​។ ហើយ​យើង​ឃើញថា កីឡាករ​កីឡាការិនីរ​បស់​របស់​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​សម្តែង​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​បង្ហាញ​យុវជន ក៏ដូចជា​បង្ហាញ​សមត្ថភាព​របស់ខ្លួន ថ្វីដ្បិតតែ​កីឡា​ស្គី​ទឹកកក​នេះ​ជា​កីឡា​មួយ​ថ្មី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​កីឡាករ​កីឡាការិនី​អាច​សម្តែង​បាន​យ៉ាង​ស្ទាត់ជំនាញ​»​។

​សហព័ន្ធ​កីឡា​ស្គី​ទឺ​ក​កក​កម្ពុជា បាន​បង្កើតឡើង​នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៥  ដែល​ទទួលបាន​ការទទួល​ស្គាល់​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៥ និង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៥​។ កីឡា​ស្គី​ទឹកកក​នេះ​មាន​ពីរ​ប្រភេទ​គឺ កីឡា​រត់​ល្បឿន​លើទឹក​កក​(Speed Skating) និង​កីឡា​ស្គី​ទឹកកក​សម្តែង​(Figure Skating)​។

​គួរ​រំលឹក​ផងដែរ​ថា កីឡា​ស្គី​ទឹកកក​ជា​ប្រភេទ​កីឡា​រដូវរងារ និង​ចាត់​ចូល​សមាជិក​កីឡា​អូឡាំពិក​នៅ​ឆ្នាំ​១៩០៨ និង​ជា​កីឡា​ដែល​កំពុងមាន​ការពេញនិយម​នៅលើ​សកលលោក​នាពេល​បច្ចុប្បន្ន​។ កីឡា​នេះ​ទើបតែ​បង្ហាញ​វត្តមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​រយៈពេល​២​ប៉ុណ្ណោះ ហើយ​សម្រាប់​ការបង្ហាញ​វត្តមាន​នេះ​មិន​ត្រឹមតែ ទទួលបាន​ការគាំទ្រ និង​ទាក់ទាញ​យុវជន យុវនារី ជាតិ និង​អន្តរជាតិ មក​ជិះ​លេង​កម្សាន្ត ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជាការ​ឆ្លុះបញ្ចាំង​ពី​ភាព​រីកចម្រើន​ខាង​ផ្នែក​វិស័យ​កីឡា​របស់​កម្ពុជា​។

​គួរ​បញ្ជាក់ថា សម្រាប់​ប្រកួត​កីឡា​ស្គី​ទឹកកក​ជើងឯក​ថ្នាក់ជាតិ​កាលពី​ម្សិលមិញ មាន​កីឡាករ​កីឡាការិនី​ចូលរួម​ប្រកួត​ចំនួន​២៣​នាក់​(​ស្រី​១៣​នាក់​) មកពី​ក្លិប​ចំនួន​ចំនួន​៥​។ ពួកគេ​ទាំងនេះ​ប្រកួត​លើ​វិញ្ញាសា​ចំនួន​៧ គឺ កម្រិត​មូលដ្ឋាន​ទី​១, កម្រិត​មូលដ្ឋាន​ទី​២, ស្តារ​ឡេ​ឌី​ស​, ព្រី ព្រី​លែ​មិន​រី បុរស​, ព្រី​លែ​មិន​រី បុរស​, ព្រី​លែ​មិន​រី ឡា​ឌី​ស និង​អ៊ី​លែ​មិន​ធែ​រី​បុរស​។ អាជ្ញាកណ្តាល និង​ចៅក្រម​កាត់សេចក្តី មកពី​ប្រទេស​ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​។   

​ការប្រកួត​នោះដែរ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​ប្រឹក្សា​ភិ​បាល​នៃ​មជ្ឈមណ្ឌល​កម្សាន្ត Ice Park និង​អ្នកស្រី ហ៊ុន ម៉ាលី ព្រមទាំង​ភ្ញៀវ​កិ​ត្ត​យស​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប​ទៀត​៕


© រក្សាសិទ្ធិដោយ thmeythmey.com