កីឡាអន្តរជាតិ
អន្តរជាតិ
Bayern ទិញ​បាន Hummels និង Sanches ជា​ផ្លូវការ​មុន​បើក​រដូវ​កាល​ថ្មី
11, May 2016 , 10:41 am        
រូបភាព
 
​ម្ចាស់​ជើងឯក Bundesliga អាល្លឺម៉ង់ Bayern Munich បាន​ចុះហត្ថលេខា​ទិញយក​ខ្សែការពារ Mats Hummels របស់​ក្រុម Borussia Dortmund និង​ខ្សែបម្រើ​ក្លិប Benfica កីឡាករ Renato Sanches ជា​ផ្លូវការ​ហើយ​ដើម្បី​ជួយ​ក្រុម​នៅ​រដូវ​កាល​ក្រោយ​ក្រោម​ការដឹកនាំ​រប​ស់​គ្រូបង្វឹក​ថ្មី​លោក Carlo Ancelotti ។

 
Hummels វ័យ ២៧​ឆ្នាំ នឹងចូលរួម​ជាមួយ​ក្រុម Bayern នៅលើ​កិច្ចសន្យា​រយៈពេល​ប្រាំ​ឆ្នាំ​ប៉ុន្តែ​មិនបាន​បង្ហាញ​ពី​តម្លៃ​ផ្ទេរ​នោះឡើយ​។ កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​ក៏​ធ្លាប់​ផ្តើម​អាជីព​របស់ខ្លួន​នៅ Bayern ផងដែរ​កាលពី​ឆ្នាំ​២០០៧ មុន​ផ្លាស់​ទៅ​ក្រុម Dortmund​។ ហើយ​ការបង្ហាញ​ខ្លួន​របស់ Hummels លើកចុងក្រោយ​សម្រាប់ Dortmund នៅពេល​ប៉ះ​ជាមួយ Bayern Munich ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន German Cup នៅ​ថ្ងៃ​សៅរ៍ ទី​២១ ឧសភា ខាងមុខនេះ​។​
 
 
 
​សម្រាប់​ខ្សែបម្រើ Sanches វ័យ​១៨​ឆ្នាំ ត្រូវបាន​ក្រុម Bayern យកមក​កាន់​ទឹកដី Allianz Arena ក្នុង​ត​ម្លៃ​ផ្ទេ​រ២៧.៥ លាន​ផោន ជិត ៤០​លាន​ដុល្លារ​អាមេរិក លើ​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​។ ហើយ​កីឡាករ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ក៏មាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ក្លិប Manchester United ផងដែរ​ដោយ​ហ៊ានថ្លៃ​ដល់​ទៅ​ជាង​៥០​លាន​ដុល្លារ​ឯណោះ​។​
 
 
 
​កីឡាករ​ឆ្នើម​ទាំងពីរ​នឹងត្រូវ​រួម​ក្រុម​ជាមួយគ្នា​នៅ​រដូវ​កាល​ក្រោយ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​លោក Carlo Ancelotti ដែល​ត្រូវ​ជំនួស​គ្រូបង្វឹក​ចាស់​លោក Pep Guardiola ដែល​ចាកចេញ​ដើម្បី​ទៅ​ដឹកនាំ​ក្រុម Manchester City ៕
 


 

Tag:
 ទិញដូរកីឡាករ
© រក្សាសិទ្ធិដោយ thmeythmey.com