ជាតិ
សេដ្ឋកិច្ច
ADB៖ កម្ពុជា​នឹង​ក្លាយជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​របស់​អាស៊ី
11, May 2016 , 2:30 pm        
រូបភាព
រូបថត ADB
រូបថត ADB
 
 
​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ខ្ពស់​រយៈពេល​៥​ឆ្នាំ​ជាប់ៗ​គ្នា​មកនេះ ប្រទេស​កម្ពុជា​ដែល​ធ្លាប់​រងគ្រោះ​ដោយ​សង្គ្រាមស៊ីវិល​ជាច្រើន​ឆ្នាំ​នោះ នឹង​ក្លាយជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​របស់​អាស៊ី​។ នេះ​បើ​យោងតាម​ការ​ទស្សន៍ទាយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។  

 
​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​បញ្ចេញ​ការណ៍​ព្យាករណ៍​ការអភិវឌ្ឍ​រប​ស់អា​ស៊ី​ប្រចាំឆ្នាំ​២០១៦ ដោយ​ទស្ស​ទាយ​ថា កម្ពុជា​ដែល​ញាំញី​ដោយ​សង្គ្រាមស៊ីវិល​និង​ភាពក្រីក្រ ក្លាយជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​ជាងគេ​នៅ​អាស៊ី​។ នេះ​ក៏ដោយ​សារ​ប្រទេស​នេះ​មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ក្នុង​កម្រិត​៧​ភាគរយ​ឬ​ច្រើនជាង​នេះ ចាប់តាំងពី​ឆ្នាំ​២០១៣​មក ហើយ​រំពឹងថា កំណើន​នឹង​បន្ត​ក្នុង​កម្រិត​នេះ​ដល់​ឆ្នាំ​២០១៧ ។​
 
​ប្រទេស​អាស៊ាន​មួយ​នេះ​បាន​អនុវត្ត​នយោបាយ «​រោងចក្រ​អាស៊ី​» ជា​គំរូ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន ដោយមាន​តម្លៃ​កម្លាំង​ពលកម្ម​ទាប​នៅក្នុង​ផលិតកម្ម​សម្រាប់​នាំចេញ​។ ខណៈដែល​តម្លៃ​ពលកម្ម​នៃ​ប្រទេសមួយ​ចំនូ​ន​មានតម្លៃ​ថ្លៃ កម្ពុជា​អាច​ទាក់ទាញ​អ្នកវិនិយោគ​យ៉ាងច្រើន ដោយសារ​កម្លាំង​ពលកម្ម​ថោក​បែបនេះ​។ ក្នុងការ​ព្យាករណ៍ ការអភិវឌ្ឍ​របស់​អា​ស៊ី​ប្រចាំ​២០១៦ (ADB) បញ្ជាក់ថា ចំនួន​ច្រើន​នៃ​ការផ្គត់ផ្គង់​ពលកម្ម​ដែលមាន​តម្លៃថោក​របស់​កម្ពុជា ពិតជា​ចំណុច​ទាក់ទាញ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស លើ​វិស័យ​វាយ​ន​ភណ្ឌ សម្រាប់​នាំចេញ​។ 
 
​ជាការ​ពិត ប្រជាជន​រាប់លាន​នាក់​នៅ​ទូទាំង​ទ្វីបអាស៊ី រួច​ផុតពី​ភាពក្រីក្រ​ដោយសារ​វិស័យ​កាត់ដេរ ព្រោះ​ការងារ​ធ្វើ​ឲ្យ​ពួកគេ​មានលទ្ធភាព​អប់រំ​កូនចៅ​បាន​ត្រឹមត្រូវ​។ ហើយ​បើទោះជា​មាន​បញ្ហា​ប្រឈម​ក៏ដោយ កម្ពុជា​ស្ថិតនៅលើ​ផ្លូវត្រូវ ក្នុងការ​អនុវត្តតាម​នយោបាយ​បែបនេះ​។ វិស័យ​ឧស្សាហកម្ម​មាន​កំណើន​១១.៧​ភាគរយ​កាលពី​ឆ្នាំ​២០១៥ ដែល​រួមចំណែក​ធំជាងគេ​ក្នុង​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​(GDP) ។ កំណើន​បានមកពី​ការកើនឡើង​ការនាំចេញ​ទំនិញ ក្នុង​កម្រិត​ប្រហែល​១៤.១២​ភាគរយ ដែល​ស្មើនឹង​៨.៥​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៥ ព្រមទាំង​ការកើនឡើង​ចំនួន​១០.២​ភាគរយ​នៃ​ការដឹកជញ្ជូន​ផលិតផល​វាយ​ន​ភណ្ឌ​និង​ស្បែកជើង ដែល​រួមចំណែក​ដល់​ទៅ​៧០​ភាគរយ​នៃ​ការនាំចេញ​ទាំងអស់​។ 
 
​លើសពីនេះ កំណើន​ដ៏​ខ្លាំង​នៃ​សេដ្ឋកិច្ចកម្ពុជា មិនមែន​ដោយសារតែ​ឧស្សាហកម្ម​តែមួយ​នោះទេ​។ វិស័យ​សេវាកម្ម​ស្ថិតនៅ​លំដាប់​ទី​ពីរ​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​នេះ ដោយ​វា​មាន​កំណើន​ប្រមាណ​៧.១​ភាគរយ​។ វិស័យ​ផ្សេងទៀត​ដូចជា ធនាគារ ហិរញ្ញវត្ថុ ការដឹកជញ្ជូន​និង​ទូរគមនាគមន៍ មាន​កំណើន​ប្រហែល​៨​ភាគរយ ខណៈដែល​ការមកដល់​នៃ​ទេសចរ​កើន ៦.១​ភាគរយ ក្នុង​ឆ្នាំ​២០១៥​។ ស្របពេល​ជាមួយគ្នា​នោះ វិស័យ​កសិកម្ម​ក៏មាន​កំណើន​បន្តិច​ផងដែរ ដ្បិត​បាតុភូត El Nino នៅ​បន្ត​ជះឥទ្ធិពល​នៅឡើយ​។ តែ​រំពឹងថា វា​នឹងមាន​កំណើន​កម្រិត​១.៦​ភាគរយ នៅ​ឆ្នាំក្រោយ​។ 
 
​យ៉ាងណាមិញ ការប្រកួតប្រជែង​រប​ស់​កម្ពុជា ក្នុងនាម​ជា​មជ្ឈមណ្ឌល​ផលិត កំពុងតែ​ជួប​ការ​ប្រជែង​ពី​ប្រទេស​ដទៃ​ក្នុង​តំបន់ ជាពិសេស ប្រទេស​ដែលមាន​តម្លៃ​ពលកម្ម​ទាប​ដូចជា មី​យ៉ាន់​ម៉ា ជាដើម​នោះ​។ ជាការ​ឆ្លើយតប កម្ពុជា​ត្រូវធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់ខ្លួន ប្រសិនបើ​ចង់​បន្ត​កំណើនសេដ្ឋកិច្ច ដូចដែល​ប្រទេស​នេះ​កំពុង​តែមាន​នោះ​។ ទាក់ទិន​នឹង​បញ្ហា​នេះ ADB បញ្ជាក់ថា ស្របពេល​សេដ្ឋកិច្ចកម្ពុជា បង្ហាញ​សញ្ញា​រីកលូតលាស់​ក្នុង​វិស័យ​ច្រើន​រួមទាំង​វិស័យ​កាត់ដេរ និង​ផលិតកម្ម​ធុន​ស្រាល និង​នៅក្នុង​ទិសដៅ​នាំចេញ​ដែរនោះ មូលដ្ឋាន​នៃ​កំណើន​នៅតែ​តូច​នៅឡើយ​។ 
 
​ដើម្បី​គាំទ្រ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច កម្ពុជា​ក៏​ដាក់​អនុវត្ត​គោលនយោបាយ​ឧស្សាហកម្ម ដែល​សំដៅ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​វិស័យ​ឧស្សាហកម្ម ដោយ​ផ្លាស់ប្តូរ​ឧស្សាហកម្ម​ដែល​ប្រើ​ពលកម្ម​ច្រើន​និង​មានតម្លៃ​ថោក ទៅជា​ផលិតកម្ម​ដែលមាន​តម្លៃបន្ថែម​ខ្ពស់​។ គោលនយោបាយ​នេះ​ក៏​លើកទឹកចិត្ត​ឲ្យ​មានការ​ពង្រីក និង​ធ្វើ​ទំនើបកម្ម​សហគ្រាស​ធុន​តូច​និង​មធ្យម ការត្រួតពិនិត្យ​និង​ការអនុវត្ត​ច្បាប់​តឹងរ៉ឹង និង​បរិស្ថាន​ល្អប្រសើរ​សម្រាប់ធ្វើ​ពាណិជ្ជកម្ម​។        
 
​នៅ​ចុងក្រោយ​នោះ គេ​ក៏​សង្កេតឃើញ​មានការ​រីកចម្រើន​ខ្លះ​ហើយ​ដែរ ដោយ​វិស័យ​ឧស្សាហកម្ម​ត្រូវបាន​គេ​វាយតម្លៃ ថា នឹងមាន​កំណើន​៩.៥​ភាគរយ ព្រោះតែ​ការធ្វើ​ពិពិធ​កម្ម​ក្នុង​វិស័យ​កាត់ដេរ​និង​ស្បែកជើង ឲ្យ​ទៅជា​ផលិតផល​ដែលមាន​តម្លៃបន្ថែម​ខ្ពស់​៕    
        
 
   

Tag:
 ADB
 ​អាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com