ពីនេះ ពីនោះ
ល្បិច​«​ដឹង​តែ​ធ្វើ​មិនដឹង​»​ភាគច្រើន​ជា​ល្បិច​អ្នករៀន​ទស្សនវិជ្ជា​
08, Apr 2018 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ «​ដឹង​តែ​ធ្វើ​មិនដឹង​» មានន័យថា ដឹង​ច្បាស់​ពី​រឿង​អ្វីមួយ​ហើយ តែមាន​ចេតនា​ពើ​ធ្វើ​មិនដឹង​។ ល្បិច​ប្រភេទ​នេះ គឺ​ច្រើនតែ​ជា​វិធីសាស្ត្រ​របស់​អ្នករៀន​ខាង​ទស្សនវិជ្ជា ដែល​ចង់​ស្ទាប់ស្ទង់​សមត្ថភាព​ដៃគូរ ឬ​អ្នកមាន​សមត្ថភាព​ដែល​នៅ​ជិត​ខ្លួន​។ ហើយក៏​ជា​ទង្វើ​ការពារ​អាត្មា​ខ្លួន ក្នុង​គោលបំណង ចៀស​ឲ្យ​ផុតពី​សេចក្ដី​ខុស និង​ត្រូវ​។​



​នៅក្នុង​សុភាសិត​ចិន​មួយ​បាន​និយាយថា «​មិនចេះ​ធ្វើ​ពើ​ធ្វើ​ថ្លង់ មិនអាច​ធ្វើ​លោក​ម្ចាស់​បានទេ​»​។ យ៉ាងណាមិញ «​ដឹង​តែ​ធ្វើ​មិនដឹង​»​បើ​ប្រើ​ជា​ល្បិចកល​វិញ មិនមែន​គឺ​ដើម្បី​ការពារ​ខ្លួន​នោះទេ​។ ប៉ុន្តែ​ល្បិចកល គឺ​ប្រើ​សម្រាប់​ទប់ទល់​និង​អ្នកដទៃ​។

​ចំពោះ​កិច្ចការ​អ្វីមួយ​ដឹង​ហើយ​ធ្វើ​ពើ​មិនដឹង ពិតជា​មិន​ងាយស្រួល​នោះទេ ចាំបាច​ត្រូវមាន​ការអប់រំ​ខ្ពស់​ទើប​អាច​ធ្វើទៅកើត​។ មូលហេតុ​ដែលមាន​ការ​បែងចែក​មនុស្ស​ឈ្លាសវៃ និង​មនុស្ស​ល្ងង់ខ្លៅ គឺ​ស្ថិតនៅត្រង់​ដឹង ឬ មិនដឹង អាចធ្វើ​ពើ ឬ​មិន​អាចធ្វើ​ពើ​នោះឯង​។​

​ជន​ល្ងង់ខ្លៅ មិនអាច​វាស់​ជម្រៅ​អ្នកចេះ​ដឹងបាន តែង​និយាយថា «​ពួកគេ​ទាំងនោះ ជា​មនុស្ស​លាក់ពុត ហើយ​ក្រឡិចក្រឡុច ធ្វើ​អ្វី​ក៏ដោយ រក​យល់​មិនបាន​ទាល់តែសោះ​»​។ នៅត្រង់ «​រក​យល់​មិនបាន​» នេះហើយ ដែលជា​ចំណុច​ពិសេស​របស់​អ្នកចេះ​នោះ​។ នេះហើយ​ហៅថា អ្នកចេះ​ធ្វើ​ភ្លើ ជា​អំពើ​ដែល​មនុស្ស​សាមញ្ញ​យល់​មិន​ដល់​។​

​ដកស្រង់​ពី​សៀវភៅ​៖ ល្បិច​ទល់​មេឃ​, ប្រែ​សម្រួល​ដោយ គីម ឃាង​


© រក្សាសិទ្ធិដោយ thmeythmey.com