កីឡាជាតិ
ជាតិ
​កីឡាករ​ពី​ក្របខណ្ឌ NBA នឹង​មក​ចែករំលែក​បទពិសោធន៍​នៅ​កម្ពុជា​
14, May 2016 , 7:59 am        
រូបភាព
ដោយ:
 
 
​ការប្រកួត​កីឡាបាល់បោះ​ក្របខណ្ឌ​អង្គ​រលីក ឆ្នាំ​២០១៦ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៥ ខែមិថុនា រហូតដល់​ថ្ងៃទី​២៤ ខែកញ្ញា នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ នា​អំឡុងពេល​នៃ​ការប្រកួត​ដណ្តើមពាន​រង្វាន់​ដែលមាន​ទឹកប្រាក់​៣​ពាន់​ដុល្លារ​អាមេរិក​នេះ កម្ពុជា​ក៏ នឹង​ទទួលបាន​បទពិសោធន៍​ពី​កីឡាករ​ល្បីៗ​មួយចំនួន​លេង​នៅ​ក្របខណ្ឌ NBA របស់​អាមេរិក​ផងដែរ​។

 
​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែឧសភា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ថ្នាក់ដឹកនាំ NOCC និង​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា បាន​អះអាងថា កីឡាករ​ដែល​លេង​នៅ​ក្របខណ្ឌ NBA របស់​អាមេរិក នឹង​មក​ចែករំលែក​បទពិសោធន៍​របស់ខ្លួន​នៅ​កម្ពុជា​។​
 
​ដោយ​មិនបាន​បញ្ជាក់​ពី​ឈ្មោះ និង​ក្រុម​របស់​កីឡាករ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​អះអាងថា ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​ជួយ​ជ្រោមជ្រែង​ឲ្យ​មានការ​ចូលរួម​បង្ហាញ​សមត្ថភាព​របស់​ក្រុម​កីឡាករ​នៅក្នុង​ក្របខណ្ឌ NBA នៅ​កម្ពុជា ចន្លោះ​ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១៨ ខែកក្កដា​។​
 
​ការ​មកកាន់​កម្ពុជារ​បស់​ក្រុម NBA របស់​អាមេរិក​នេះ ក្នុង​គោលបំណង​ធំៗ​ពីរ​គឺ ដើម្បី​លើកទឹកចិត្ត ពង្រឹង និង​ជំរុញ​វិស័យ​កីឡាបាល់បោះ​កម្ពុជា​ឲ្យ​កាន់តែ​មានការ​រីកចម្រើន និង​ដើម្បី​ផ្តល់ជំនួយ ដូចជា​បាល់ សំណាញ់ ជូន​សិស្ស​តាម​បណ្តា​សាលា​នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត​មួយចំនួន​។ ហើយ​លោក វ៉ា​ត់ ចំរើន សង្ឃឹម​យ៉ាង​មុតមាំ​ថា តាមរយៈ​ការ​មកកាន់​កម្ពុជា របស់​ក្រុម NBA នេះ នឹង​អាចជួយ​លើកទឹកចិត្ត និង​ពង្រឹងសមត្ថភាព ព្រមទាំង​បច្ចេកទេស​របស់​កីឡាករ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន សម្រាប់​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​។   
 
​ការប្រកួត​កីឡាបាល់បោះ​ដណ្តើម​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​អង្គ​រលីក ប្រចាំឆ្នាំ​២០១៦ (Baseball Angkor League 2016) រដូវ​កាល​ទី​៤ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែមិថុនា ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៤ ខែកញ្ញា នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្រុម​ទាំង​១០ ដែល​ចូល​រូ​ម​ប្រកួត​នៅ​ឆ្នាំនេះ​ត្រូវធ្វើ​ការប្រកួត​វិលជុំ ដោយ​ជុំទីមួយ​ក្រុម​នីមួយៗ​ត្រូវ​ជួប​ប្រកួត​ជាមួយគ្នា​ចំនួន​៩​ដង ពោលគឺ​មួយក្រុម​ត្រូវ​ប្រកួត​ចំនួន​៤៥​ដង​។ នេះ​បើ​យោងតាម​លោក កៅ សាន់​ណា​លី អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​។​
 
​លោក​បាន​បន្ថែមថា សម្រាប់​ការប្រកួត​ជុំ​ទី​១ នេះ​ក្នុងចំណោម​១០​ក្រុម​ចូលរួម​ត្រូវ​ធ្វើការ​ជម្រុះ​ចំនួន​២​ក្រុម ដើម្បី​យក​៨​ក្រុម​ដែលមាន​ពិន្ទុ​ខ្ពស់​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ជម្រុះ​១/៣ ដើម្បី​ចំរាញ់​ជ្រើសរើស​ក្រុម​ដែល​ឈ្នះ​ពីរ​ប្រកួត​ក្នុងការ​ប្រកួត​បី​លើក​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​នៅក្នុង​វគ្គ​នេះ​គឺ​ក្រុម​នីមួយៗ​ប្រកួត​តែមួយ​ប្រកួត​នោះទេ​ប្រសិនបើ​ក្រុម​ណា​ឈ្នះ​ក្រុម​នោះ​នឹង​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​តែម្តង​។ 
 
​សម្រាប់​លក្ខខណ្ឌ​នៃ​ការប្រកួត សម្រាប់​ក្រុម​បាល់បោះ​រស់​កម្ពុជា​អាចដាក់​កីឡាករ​បរទេស​បាន​៣​នាក់ ប៉ុន្តែ​សម្រាប់​ក្រុម​បាល់បោះ​បរទេស​ត្រូវដាក់​កីឡា​កម្ពុជា​យ៉ាងតិច​៣​នាក់ ហើយ​រាល់​ការប្រកួត​នៅលើ​ទីលាន​ត្រូវមាន​កីឡាករ​កម្ពុជា​ម្នាក់​ជានិច្ច​។​
 
​គួរ​បញ្ជាក់ថា ការប្រកួត​កីឡាបាល់បោះ​ដណ្តើម​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​អង្គ​រលីក​ឆ្នាំ​២០១៦ ក្រុម​ម្ចាស់​ជើងឯក​ទទួលបាន​ប្រាក់រង្វាន់ ៣​ពាន់​ដុល្លារ លេខ​២​ទទួលបាន ២​ពាន់​ដុល្លារ និង​លេខ​៣ ទទួលបាន​ប្រាក់រង្វាន់ ១​ពាន់​ដុល្លារ ៕  
 
 
 
  
 

Tag:
 បាល់បោះ​
  កៅ សាន់​ណា​លី​
  វ៉ា​ត់ ចំរើន​
© រក្សាសិទ្ធិដោយ thmeythmey.com