ពីនេះ ពីនោះ
តៃកុង​ឡាន​ម្នាក់​បើក​រយៈពេល​យូរ​គ្មាន​សម្រាក​អាច​នាំទៅរក​គ្រោះថ្នាក់​ចរាចរណ៍​
13, May 2018 , 1:39 pm        
រូបភាព
​គ្រោះថ្នាក់​ចរាចរណ៍​បានក្លាយ​ទៅជា​សោកនាដកម្ម​ដ៏​មហាសាល​នៅក្នុង​សង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ​។ កាលពី​ពេលមុន គេ​ថា គ្រាប់មីន និង​ជំងឺអេដស៍ គឺជា​ឃាតករ​សម្លាប់​មនុស្ស​ច្រើនជាងគេ​នៅ​កម្ពុជា​។



ប៉ុន្តែ​ឥឡូវនេះ ឃាតករ​នៅលើ​ដងផ្លូវ​សម្លាប់​ជីវិត​ខ្មែរ​ច្រើនណាស់​។​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​ជីវិត​មនុស្ស​ចំនួន​៦​នាក់​ប្រចាំ​ថ្ងៃជា​មធ្យម​នៅក្នុង​ប្រទេស​កម្ពុជា និង​ធ្វើ​ឲ្យ​ប្រទេស​ក្រីក្រ​មួយ​នេះ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​ជាង​៣០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ​។ 
 
​កត្តា​មនុស្ស​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ខ្លាំងជាងគេ បន្ទាប់មក​កត្តា​បច្ចេកទេស ឬ​កត្តា​យានយន្ត​ជាដើម​។ ក្នុងចំណោម​កត្តា​មនុស្ស តៃកុង​ឡាន​ធុន​មធ្យម និង​ធំ គឺជា​អ្នកបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទ្រង់ទ្រាយ​ធំ​។ មូលហេតុ គឺ​ដោយសារ តៃកុង​ឡានធំៗ​បើកបរ​ដោយ​ធ្វេសប្រហែស​ច្រើន ឬ​ម្យ៉ាងទៀត ពួកគេ​ត្រូវបាន​ក្រុមហ៊ុន​បង្ខំ​ឲ្យ​បើកបរ​គ្មាន​ពេល​សម្រាក​ឡើយ​។ តៃកុង​មួយចំនួនធំ​ត្រូវបាន​គេ​បង្ខំ​ឲ្យ​បើកបរ​ពី​ភ្នំពេញ​ទៅ​សៀមរាប ពី​សៀមរាប​មក​ភ្នំពេញ​វិញ​ក្នុង​ថ្ងៃ​តែមួយ​។ តើ​តៃកុង​អាច​ទ្រាំទ្រ​កម្លាំង​បាន​ឬទេ​? ឆ្លើយថា​បាន​។ តែ​លទ្ធភាព​នៃ​ការធ្វេសប្រហែស​អាច​កើតមាន​ច្រើន ប្រសិនបើ​តៃកុង​មានតែ​ម្នាក់​។ 
 
​ការបើកបរ​រថយន្ត​ដឹកទំនិញ​ក៏​ដូចគ្នា​ដែរ​។ តៃកុង ដោយសារ​ថៅកែ​កេង​លុយ​ពេក ត្រូវបាន​គេ​បង្ខំ​ឲ្យ​បើកបរ​ក្នុង​ចម្ងាយ​ឆ្ងាយ​ដោយ​មិន​សម្រាក ឬ​គ្មាន​តៃកុង​ជំនួស​។ នៅក្នុង​ប្រទេស​គោរព​ច្បាប់ តៃកុង​ឡាន ដែល​បើកបរ​ក្នុង​ចម្ងាយ​ឆ្ងាយ ត្រូវមាន​អ្នក​ជំនួស​គ្នា​ទៅវិញទៅមក​។ នៅ​កម្ពុជា ថៅកែ​កេង​ប្រាក់ចំណេញ​ខ្លាំងពេក គេ​ប្រើប្រាស់​តៃកុង​តែមួយ​ទេ​។ នេះហើយ គឺជា​កត្តា​ធំ​មួយ​ដែល​ជំរុញ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។ 
 
​ម្យ៉ាងទៀត តៃកុង​បើកឡាន​ខ្លះ ស្ថិតក្នុង​វ័យក្មេង​ឈាមរាវ បើកបរ​មិន​ខ្លាច មិនចេះ​ច្បាប់​ចរាចរណ៍​ឡើយ​។ ពួកគេ​ខ្លះ គ្មាន​បាន​រៀប​របៀប​បើកបរ​ទេ​។ គ្រាន់តែ​ចេះ​បើក ក៏​ទិញ​ប​ណ្ឌ​បើកបរ​តែម្តងទៅ​។ 
​ដើម្បី​ចង់​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ទ្រង់ទ្រាយ​ធំ ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​គួរ​ចាត់​វិធានការណ៍​ត្រួតពិនិត្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ឡើងវិញ​ទាំងអស់ ជាពិសេស ក្រុមហ៊ុន​រថយន្តក្រុង​ពី​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត​នានា​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com