ជាតិ
សង្គមជាតិ
យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ៖ក្រុម​សកម្មជន​ដីធ្លី៥នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន
16, May 2016 , 9:12 am        
រូបភាព
នៅ​ព្រឹក​ថ្ងៃទី ច័ន្ទ​ទី១៦ ឧសភា នេះ មាន​ក្រុម​សកម្មជន​ដីធ្លី​ចំនួន៥នាក់ បាននាំគ្នា​ស្លៀកពាក់​សម្លៀកបំពាក់​ឈុតខ្មៅ (Black Monday) និង​មាន​លើក​បដា​ស្រែក​ទាមទារ​ឲ្យ​មានការ​ដោះលែង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចំនួន៥នាក់​ដែល​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ។



ក្រុម​សកម្មជន​ស្លៀកពាក់​ឈុតខ្មៅ​ទាំងនេះ បាននាំគ្នា​ឈរ​ស្រែក​តវ៉ា​នៅក្បែរផ្សារដើមគរ ដែល​ត្រូវ​អាជ្ញាធរ​ហាមឃាត់។ ភ្លាមៗនោះ​សមត្ថកិច្ច​ក៏បាន​ចាប់ខ្លួន​សកម្មជន​ទាំង៥នាក់​នេះ យកទៅ​ប៉ុស្តិនគរបាល​ខណ្ឌទួលគោក ដើម្បី​ចាត់វិធានការ​តាម​បម្រាម​ដែល​ក្រសួងមហាផ្ទៃ​បាន​ហាមឃាត់​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ(Black Monday)។

សកម្មជន​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នេះ​រួមមាន​អ្នកស្រី ច្រាយ នី​ម អ្នកស្រី ងូវ ណា​រី អ្នកស្រី អ៊ី​ម ស្រី​ទូច អ្នកស្រី ភោគ សុ​ភី​ន និង អ្នកស្រី យ៊ី​ន ស្រ៊ី​ន ។

ការចាប់ខ្លួន​ក្រុម​អ្នក​ស្លៀកពាក់​ឈុតខ្មៅ​នេះ ធ្វើឡើង​ក្រោយពី​អាជ្ញាធរ​បាន​ព្រមាន​ចាត់​វិធាន​និង​ប្រកាស​ត្រៀមលក្ខណៈ​ជានិច្ច ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មានការ​ជួបជុំ​ធ្វើ​យុ​ទ្ទ​នា​ការ Black Monday ជាថ្មី​នៅ​ថ្ងៃទី ១៦ ខែឧសភា។

«យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ» ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​បុគ្គលិក និង​អតីត​បុគ្គលិក​អាដហុក សរុប៥នាក់ កាលពី​សប្ដាហ៍​មុន​នោះ អាជ្ញាធរ​បាន​ចាប់ខ្លួន​សកម្មជន​សមា​គម២នាក់ និង​សកម្មជន​ដីធ្លី៤នាក់ ត្រូវបាន​ចាប់ខ្លួន។ ហើយ​ពួកគេ​ត្រូវបាន​ដោះលែង​វិញ ក្រោយពី​ក្រសួងមហាផ្ទៃ បើក​អង្គប្រជុំ​ដោយបាន​ឯកភាពគ្នា​ណែនាំ​ឲ្យ​សកម្មជន​ទាំងនោះ ធ្វើ​កិច្ចសន្យា បញ្ឈប់​សកម្មភាព និង​រក្សា​ទុកជា​ឯកសារ​សម្រាប់​បម្រើ​ផ្លូវច្បាប់​ទៅ​ថ្ងៃក្រោយ។ តែ​យ៉ាងណា​មនុស្ស ៦ នាក់ ដែល​អាជ្ញាធរ​ឃាត់ខ្លួន កាលពី​សប្តាហ៍​មុននេះ គឺជា​គោលដៅ​សំខាន់ ដែល​អាជ្ញាធរ ត្រៀម​ចាប់​បញ្ជូនទៅ​តុលាការ បើ​ពួកគេ​នៅតែ​ធ្វើ​សកម្មភាព​ដដែល​ទៀត។



© រក្សាសិទ្ធិដោយ thmeythmey.com