អន្តរជាតិ
រដ្ឋ​ការី​ប៊ី​ន​« ហៃ​ទី​» នឹង​ក្លាយជា​សមាជិក​ទី​៥៥​នៃ​សហភាព​អាហ្វ្រិក​
16, May 2016 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ខែ​ក្រោយនេះ ប្រទេស​ហៃ​ទី ដែលជា​រដ្ឋ​នៅ​តំបន់​ការី​ប៊ី​ន​នឹង​ក្លាយជា​សមាជិក​ថ្មី​របស់​សហភាព​អ​អាហ្វ្រិក​ជា​ផ្លូវការ​នៅ​ខែក្រោយ​ក្នុង​កិច្ចប្រជុំ​ប្រទេស​ម៉ាឡាវី​។ ហៃ​ទី​នឹង​ក្លាយជា​ប្រទេស​សមាជិក​ទី ៥៥​នៃ​សហភាព​អាហ្វ្រិក ហើយ​ជា​ប្រទេស​ដំបូង​បំផុត​នៅក្រៅ​ទ្វីបអាហ្វ្រិក​ដែល​ក្លាយជា​សមាជិក​អង្គការ​តំបន់​នេះ​។



សូមស្ដាប់ព័ត៌មានលម្អិត៖



​ចុងក្រោយ រដ្ឋ​ការី​ប៊ី​ន ហៃ​ទី នឹង​ក្លាយជា​សមាជិក​សហភាព​អាហ្វ្រិក​ជា​ផ្លូវការ​នៅ​ខែ មិថុនា​ខាងមុខ បន្ទាប់ពី​ស្នើសុំ​សមាជិក​ពេញសិទ្ធិ​កាលពី​ឆ្នាំ ២០១២​កន្លងទៅ​។ បច្ចុប្បន្ននេះ​សហភាព​អាហ្វ្រិក​មាន​សមាជិក​សរុប​ចំនួន ៥៤ ដែល​សមាជិក​ទាំងអស់​សុទ្ធ​តែមាន​ទីតាំង​ភូមិសាស្ត្រ​នៅក្នុង​ទ្វីបអាហ្វ្រិក​។​

​ដូច្នេះ ហៃ​ទី នេះ​នឹង​ក្លាយជា​សមាជិក​ទី ៥៥ នៃ​សហភាព​អាហ្វ្រិក ហើយ​វា​ក៏​ក្លាយជា​ប្រទេស​ដំបូង​បំផុត​ដែល​មិនមាន​ទីតាំង​ភូម​សាស្ត្រ​នៅ​អាហ្វ្រិក​តែ​ក្លាយជា​សមាជិក​អង្គការ​នេះ​។

​ការសម្រេច​ផ្តល់​សមាជិកភាព​ពេញលេញ​ដល់​ប្រទេស​ហៃ​ទីនេះ​នឹងត្រូវ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​សហភាព​អាហ្វ្រិក​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​រដ្ឋធានី Lilongwe នៃ​ប្រទេស​ម៉ាឡាវី​។ ហើយ​វា​នឹង​ក្លាយជា​ព្រឹត្តិការ​ណ៏​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ប្រជាជន​ហៃ​ទី​នៅពេលដែល​ប្រទេស​របស់​ពួកគេ​បានទទួល​សិទ្ធិ​ជា​សមាជិក​សហភាព​អាហ្វ្រិក​។

​កន្លងមក​ហៃ​ទី​បាន​ក្លាយជា​ប្រទេស​អង្កេត​ការណ៍ ហើយ​ក្នុង​ឆ្នាំ ២០១២ រដ្ឋាភិបាល​ប្រទេស​នេះ​បានបង្ហាញ​គម្រោង​សុំ​សមាជិកភាព​ពេញលេញ​តែម្តង​។ នេះ​ក៏​ដោយសារតែ​ហៃ​ទី មើលឃើញថា ខ្លួន​សក្តិ​សមជា​ផ្នែក​មួយ​នៃ​ទ្វីបអាហ្វ្រិក ថ្វីបើ​ស្ថិតនៅក្នុង​ទីតាំង​ភូមិសាស្ត្រ​ដាច់​នៅ​ឆ្ងាយ​ពី​អាហ្វ្រិក​ក្តី​។

​តាមពិតទៅ​មាន​បញ្ហា​ច្រើន​ដែល​ជំរុញ​ឲ្យ​ហៃ​ទី​ចង់​ក្លាយជា​សមាជិក​សហភាព​អាហ្វ្រិក​នេះ​។ ប្រជាជន​ហៃ​ទី យល់ថា​ខ្លួន​ជា​ផ្នែក​មួយ​នៃ​ទ្វីបអាហ្វ្រិក ព្រោះ​ទាំង​ប្រជាជនមាន​ស្បែក​ខ្មៅ​ច្រើន​ដូច​ប្រជាជន​អាហ្វ្រិក ហើយ​នាំគ្នា​គោរព​ប្រតិបត្តិ​ប្រពៃណី ទំនៀមទម្លាប់ សាសនា ប្រហាក់ប្រហែល​គ្នាច្រើន​ទៀត​។​

​ហើយ​ហៃ​ទី​ក៏​សំឡឹង​ឃើញ​ឱកាសល្អៗ​ដែល​ខ្លួន​ទទួលបាន​ពេល​ក្លាយជា​សមាជិក​សហភាព​អាហ្វ្រិក ជាពិសេស​មាន​ចំណង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​នយោបាយ​រឹងមាំ​។ អាច​ថា ហៃ​ទី​រំពឹង​ក្លាយជា​ទីផ្សារ​មួយ​សម្រាប់​ទ្វីបអាហ្វ្រិក​ព្រោះថា តំបន់​អាហ្វ្រិក​កំពុងតែ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​របស់ខ្លួន​នាពេល​បច្ចុប្បន្ន​ផង​នោះ​។​

​សម្រាប់​បណ្តា​ប្រទេស​អាហ្វ្រិក​ឯណោះ​វិញ ហៃ​ទី ស្ថិតក្នុង​ក្រុមគ្រួសារ​អាហ្វ្រិក​តែមួយ គ្រាន់តែ​ជា​បងប្អូន​ដែល​រស់នៅ​បរទេស​ប៉ុណ្ណោះ​ហើយ​ពួកគេ​មាន​ប្រវត្តិសាស្ត្រ​រួមគ្នា​ច្រើន​។ បណ្តា​សមាជិក​ទាំងនោះ​ស្វាគមន៍​ការស្នើសុំ​ចូលរួម​សហភាព​អាហ្វ្រិក​របស់​ហៃ​ទី​យ៉ាង​កក់ក្តៅ​បំផុត​។ បើ​យោងតាម​ប្រវត្តិសាស្ត្រ ហៃ​ទី បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ​បណ្តា​រដ្ឋ​អាហ្វ្រិក ទាំង​ផ្នែក​នយោបាយ​ក្តី ការទូត​ក្តី ។   ឧទាហរណ៍​ជាក់ស្តែង ហៃ​ទី បាន​រិះគន់​ការឈ្លានពាន​ប្រទេស​អេ​ត្យូ​ពី​ពី​សំណាក់​ទ័ព​ហ្វា​ស៊ី​ស អ៊ីតាលី , រក្សា​ជំហរ​យ៉ាងរឹងមាំ​ប្រឆាំង​សង្គ្រាម​អង់​ហ្កូ​ឡា​,​ប្រកាស​គាំទ្រ​ការប្រកាស​ឯករាជ្យ​រប​ស់​លី​ប៊ី និង​ជួយ​គាំទ្រ​ដល់​បណ្តា​ចលនា​ជួបជុំ​ទាមទារ​ប្រជាធិបតេយ្យ​នៅ​អាហ្វ្រិក​កន្លងមក​៕


© រក្សាសិទ្ធិដោយ thmeythmey.com