ជាតិ
​អ្នកច្បាប់​ថា​តុលាការ​មិនអាច​នាំខ្លួន​ឯកឧត្តម កឹម សុខា ទេ តែ​អ្នកវិភាគ​ថា​អាច​
16, May 2016 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ បើ​និយាយ​តាមផ្លូវ​ច្បាប់ តុលាការ​មិនអាច​នាំខ្លួន ឯកឧត្តម កឹម សុខា បានឡើយ ព្រោះ​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ត្រូវបាន​ការពារ​ដោយ​អភ័យ​ឯក​សិទ្ធ​ក្នុងនាម​ជា​តំណាងរាស្ត្រ​។ ប៉ុន្តែ​អ្នកវិភាគ​នយោបាយ​និយាយថា អភ័យឯកសិទ្ធិ​មិនមាន​ប្រសិទ្ធភាព​សោះឡើយ ដើម្បី​រារាំង​ចេតនា​របស់​តុលាការ​ក្នុងការ​នាំខ្លួន​ឯកឧត្តម កឹម សុខា​នោះ​។​



​លោក ជូ​ង ជូ​ងី មេធាវី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បកស្រាយ​ថា ឯកឧត្តម កឹម សុខា មាន​អភ័យឯកសិទ្ធិ ដូច្នេះ​តុលាការ​មិនអាច​នាំខ្លួន​ប្រធានស្តីទី​គណបក្សប្រឆាំង​រូបនេះ តាមចិត្ត​ចង់​នោះទេ​។ លោក​មេធាវី​បន្តថា តុលាការ​អាច​នាំខ្លួន​ឬ​ឃាត់ខ្លួន ឯកឧត្តម កឹម សុខា​បាន លុះត្រាតែ​រដ្ឋសភា សម្រេច​ដក​អភ័យឯកសិទ្ធិ​ជាមុនសិន ក្នុងករណី​អនុប្រធាន​បក្សប្រឆាំង​រូបនេះ ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកច្បាប់​រូបនេះ​បន្តទៀតថា ប្រសិនបើ​តុលាការ នៅតែ​ប្រើ​អំណាច ដើម្បី​នាំខ្លួន​ឯកឧត្តម កឹម សុខា​មែន​នោះ វា​ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ​យ៉ាងធ្ងន់ធ្ងរ​។ លោក ជូ​ង ជូ​ងី​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ការចូល​ឬ​មិន​ចូល គឺជា​សិទ្ធិ​របស់គាត់ (​ឯកឧត្តម កឹម សុខា​)​។ បើ​នាំខ្លួន​គាត់​មែន បានន័យថា​តុលាការ​ប្រើ​កម្លាំង​របស់ខ្លួន ដោយ​បំពាន​ច្បាប់​ហើយ​»​។

​ប៉ុន្តែ​ក្រុមអ្នកតាមដាន​ស្ថានការណ៍​នយោបាយ​យល់ឃើញ​ខុសពី​លោក​មេធាវី​។ អ្នកវិភាគ​ទាំងនោះ​យល់ថា អភ័យឯកសិទ្ធិ​មិនអាច​ធ្វើជា​រនាំង​ការពារ​ឯកឧត្តម កឹម សុខា បាន​នោះទេ ប្រសិនបើ​តុលាការ​មាន​ចេតនា​ចង់​នាំខ្លួន​គាត់​មែន​។ ការអះអាង​ដូច្នេះ ដោយសារតែ​កន្លងមក ពួកគេ​សង្កេតឃើញថា តំណាងរាស្ត្រ​បានទទួល​រង​ការវាយដំ​យ៉ាងធ្ងន់ធ្ងរ ហើយ​តំណាងរាស្ត្រ​និង​សមា​ជិ​ព្រឹទ្ធសភា​ខ្លះទៀត ត្រូវបាន​ឃុំឃាំង ទាំង​មាន​អភ័យឯកសិទ្ធិ​។​

​លោក សូ ចន្ថា អ្នកវិភាគ​នយោបាយ បាន​លើកឡើងថា តាម​ការវិវត្ត​នយោបាយ​ចុងក្រោយ​នេះ តុលាការ​បាន​ចាត់ការ​ករណី​មួយចំនួន​លើ​អ្នកតំណាងរាស្ត្រ ដោយ​មិន​ខ្វល់ខ្វាយ​ពី​អភ័យឯកសិទ្ធិ​នោះទេ​។ លោក​រម្លឹកថា ជាក់ស្តែង អភ័យឯកសិទ្ធិ មិនអាច​ការពារ​លោក ហុង សុខ​ហួ សមាជិក​ព្រឹទ្ធសភា​បក្ស សម រង្ស៊ី និង​លោក អ៊ុំ សំអាន សមាជិក​រដ្ឋសភា​បក្ស​សង្គ្រោះ​ជាតិ ពី​ការចាប់ខ្លួន​នោះទេ​។ តាម​ការមើល​ឃើញបែបនេះ លោក​សូ ចន្ថា ហ៊ាន​សន្និដ្ឋានថា ឯកឧត្តម កឹម សុខា អាច​នឹងមាន​វាសនា ដូច​លោក ហុង សុខ​ហួ និង​លោក អ៊ុំ សំអាន ដូច្នេះ​ដែរ ប្រសិនបើ​តុលាការ​ចង់​ចាប់​មែន​នោះ​។​

​លោក សូ ចន្ថា ព្រួយបារម្ភ​ពី​ការផ្ទុះ​អំពើហិង្សា និង​ការ​ប្រទូស​ស​រ៉ា​យ​គ្នា​រវាង​អាជ្ញាធរ​និង អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិនបើ​ឯ​ឧ​ត្ត​ម កឹម សុខា ត្រូវបាន​នាំខ្លួន​មែន​នោះ​។ លោក​បញ្ជាក់​បែបនេះ​ថា​៖«​ខ្ញុំ​ប្រមើល​មើលទៅ​ឃើញថា បើ​មានការ​ចាប់ខ្លួន​មែន ការតវ៉ា​អាច​កើតមានឡើង ហើយ​អាច​នឹងមាន​ជន​បាតដៃ​ទី​៣ បង្កចលាចល​ថែមទៀត​។ ពេលនោះ ស្ថានភាព​នយោបាយ ប្រាកដជា​ក្តៅ​ឡើងៗ​ហើយ​»​។​

​លោក មាស នី  អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​មួយរូប​ទៀត មើលឃើញថា នាពេល​បច្ចុប្បន្ននេះ អ្នកនយោបាយ គិតតែ​ចង់​ឈ្នះ ចង់​ផ្ចាញ់ និង​សងសឹក​គ្នា​ទៅវិញទៅមក​។ លោក​ថា ការកាត់ក្តី​របស់​តុលាការ ក៏​ជាការ​បំពេញចិត្ត​របស់​អ្នកនយោបាយ ដូច្នេះ​ឯកឧត្តម កឹម សុខា អាច​នឹងត្រូវ​នាំខ្លួន ដោយ​ចៀស​មិន​ផុត​។

​អ្នកវិភាគ​រូបនេះ អះអាងថា រឿងរ៉ាវ​របស់​ឯកឧត្តម​កឹម សុខា មិនអាច​រម្ងាប់​ដោយ​តុលាការ​នោះទេ ប្រសិនបើ​អ្នកនយោបាយ មិន​ព្រម​បញ្ឈប់​។ លោក​ចាត់ទុក​ករណីរ​បស់​ឯកឧត្តម កឹម សុខា ថា​ជា​ឧបសគ្គ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​ជួបប្រទះ មុនពេល​ការបោះឆ្នោត​ឈាន​មកដល់​។  «​ខ្ញុំ​ថា រឿង​របស់គាត់ (​ឯកឧត្តម កឹម សុខា​) តុលាការ មិនអាច​បញ្ចប់​ទេ បើ​អ្នក​ន​យោ​យ​បាន​មិន​ចង់​បញ្ចប់​។ វា​ជា​ឧបសគ្គ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ឆ្លងកាត់​ដោយ​មិនអាច​គេច​បាន​។ [……] ហើយ មិនមែន​តែ​ប៉ុណ្ណឹង​ទេ បើតាម​ខ្ញុំ​យល់ អាច​នៅមាន​ព្យុះភ្លៀង​២​ឬ​៣​ដង​ទៀត ដែល​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​ជួប​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក មាស នី ដោយ​មិនបាន​បង្ហាញ​ច្បាស់​ថា អ្វី​ទៅជា​ព្យុះភ្លៀង​ទាំងនោះ​។​

​សូមបញ្ជាក់ថា ថ្មីៗ​នេះ តុលាការ​បានចេញ​ដីកា​ចំនួន​ពីរ ដើម្បី​កោះហៅ​ឯក​ឧ​ត្ត កឹម សុខា ឲ្យ​ចូលខ្លួន​បំភ្លឺ​។ ដីកា​ទី​១ បង្គាប់​ឲ្យ​ឯកឧត្តម​កឹម សុខា ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១១ ខែឧសភា ទាក់ទង​នឹង​ពាក្យបណ្តឹង «​បរិហារកេរ្តិ៍​» របស់​កញ្ញា ធី សុវណ្ណ​ថា​។ ដីកា​ទី​២ បាន​បង្គាប់​ឲ្យ​ឯកឧត្តម កឹម សុខា ចូល​បកស្រាយ​នៅ​ថ្ងៃទី​១៧ ខែឧសភា ពាក់ព័ន្ធ​នឹង​បទល្មើស «​សញ្ចារកម្ម​» ជុំវិញ​ករណី​របស់​ក​ញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​។ ដោយ​សំអាង​លើ​អភ័យ​ឯក​សិ​ទិ្ធ​របស់ខ្លួន​ក្នុងនាម​ជា​តំណាងរាស្ត្រ ឯកឧត្តម កឹម សុខា បាន​ច្រានចោល​ដីកា​នោះ ដោយ​មិន​ព្រម​បង្ហាញខ្លួន​នៅ​តុលាការ​ឡើយ​៕


Tag:
 អ្នកវិភាគ​
  កឹម សុខា​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com