ពីនេះ ពីនោះ
មនុស្ស​នឹង​អន់​ជាង​សត្វ នៅពេល​មនុស្ស​ប្រើប្រាស់​បញ្ញា​ខ្លួនឯង​ខុស
14, May 2018 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅក្នុង​ពិភព​ចក្រ​វា​ឡ​នេះ គ្មាន​ភាវៈ​ណាមួយ​អាចមាន​បញ្ញា​ជាង​មនុស្ស​ឡើយ​។ ដោយសារ​បញ្ញា​នេះ ធ្វើឱ្យ​មនុស្ស​ក្លាយជា​ភាវៈ​ឆ្លាត​បំផុត ដោយ​គេ​អាច​ផលិត​សម្ភារ​វិទ្យាសាស្ត្រ​បច្ចេកទេស​សព្វបែបយ៉ាង​ ដើម្បី​ការពារ​ធាតុអាកាស មេរោគ គ្រោះធម្មជាតិ សត្វ​សាហាវ​នានា​...​។​ល​។



​ស្រប់ពេល​ជាមួយ​ភាព​ឆ្លាត​វៃ​របស់​មនុស្ស មនុស្ស​បែរជា​ធ្វើ​រឿង​មួយចំនួន ​ដែលអាច​និយាយបានថា​ថោកទាប​ជាង​សត្វ ​ដែល​គ្មាន​បញ្ញា​ទៅវិញ​។ ព្រោះតែ​ទង្វើ​ថោកទាប​បែបនេះហើយ ទើប​គេ​ក៏​អាច​ចាត់ទុក មនុស្ស ជាស​ភាវៈ​ល្ងង់​បំផុត​ដែរ ព្រោះ​មនុស្ស​បាន​មើលងាយ បែងចែក កាប់សម្លាប់ ភូតភរ​កុហក​បោកប្រាស់​គ្នា​។​ល​។ ដោយសារតែ​ការជ្រើសរើស​តម្លៃ​ខុស អាត្មានិយម​, ការដណ្តើម​គ្នា​រស់​, ការ​ងប់ងុល​នឹង​សម្ភារ​និយម​, ការ​ឈ្លក់​វង្វេង​នឹង​មនោគមវិជ្ជា​នយោបាយ​ណាមួយ​យ៉ាង​ងុបងុល​, ជំនឿ​មួយចំនួន​ដែលមាន​លក្ខណៈ​អន់ថយ​, ការមិនយល់​ពី​ខ្លឹមសារ​អាថ៌កំបាំង​នៃ​ជីវិត​។​ល​។ ដែល​ធ្វើឱ្យ​ពិភពលោក​ប្រឈមមុខ​ នឹង​បញ្ហា​មិនចេះចប់​។

​ហេតុនេះហើយ ក្នុងនាម​ជាម​នុស្ស គួរតែ​ចេះ​រលឹក​ឡើងវិញ​ដោយ​ខ្លួនឯង ដោយ​មិនចាំបាច់​មាន​អ្នកដទៃ​ក្រើនរំលឹក អំពី​ទង្វើ​ដែល​ស្មោកគ្រោក​របស់ខ្លួន ក្នុងនាម​ជា​ភាវៈ​មាន​វិចារណញ្ញាណ​។ ព្រោះថា ពិភពលោក​នេះ ​មិន​ខ្វះ​ទេ​រឿង​ដែល​ល្អៗ មាន​ប្រយោជន៍ចំពោះ​ខ្លួនឯង គ្រួសារ សង្គមជាតិ និង​ពិភពលោក ដែល​យើង​អាចធ្វើ​បាន ដោយ​មិន​ធ្វើ​ឲ្យ​វិនាស​ដល់​អ្វីដែល​នៅ​ជុំវិញខ្លួន​។

​ទស្សនវិទូ អ្នកប្រាជ្ញ បណ្ឌិត ជំនាន់​ចាស់​លោក​បាន​ចងក្រង​ទុក​នូវ​ទ្រឹស្ដី​សុចរិត គុណធម៌ សីលធម៌ មាគ៌ា​ល្អ​... ដើម្បី​កសាង​ខ្លួន​មក​ច្រើនណាស់ គួរ​នាំគ្នា​សិក្សា​ស្វែងយល់​ឲ្យ​ចេះ​ឲ្យ​ចាំ ឲ្យ​យល់ ប្រសិនបើ​ខ្លួនឯង​មិនអាច​បង្កើត​ថ្មី​ដោយ​ខ្លួនឯង​។ ទោះបីថា​សម័យនេះ​គឺជា​សម័យ​វិទ្យាសាស្ត្រ សម័យ​បច្ចេកវិទ្យា ក៏ប៉ុន្តែ​វា​ក៏​មិនអាច​មើល​រំលង​វិទ្យាសាស្ត្រ​ធម្មជាតិ​ដែរ​។ 

​បញ្ញា​មនុស្ស​បាន​ពង្រីក​ពិភពលោក តែ​ក៏​មិនអាច​ទៅ​ឲ្យ​ផុតពី​ដែន​នៃ​ចក្រ​វា​ឡ​ដែរ​។ ហេតុនេះ ទោះបី​មនុស្ស​ប្រឹង​បង្កើត​យ៉ាងណា ក៏​នៅតែមាន​ដែន​កំណត់​ដដែល ទីបំផុត​ប្រសិនបើ​បង្កើត​ដោយ​ប្រាស់ចាក​ពីសី​លត​ម្លៃ គ្រប់យ៉ាង​នឹង​វិល​មក​អ្នក​វិញ​ដោយ​សេចក្ដី​វិនាស​។ ហេតុផល​នេះហើយ​ ដែល​គេ​អាច​មើលឃើញថា មនុស្ស​នឹង​អន់​ជាង​សត្វ ព្រោះ​សត្វ​វា​មិនបាន​បង្កើត​អ្វីមួយ ​ដើម្បី​បំផ្លាញ​ខ្លួន​វា ​ដូចជា​មនុស្ស​ឡើយ​។ វា​រស់នៅក្នុង​សភាព​ធម្មជាតិ សប្បាយ​ជាមួយ​សភាវគតិ​របស់​វា ប៉ុន្តែ​មនុស្ស​បង្កើត​ក៏​បង្កើត​ថ្មី បញ្ញា​ក៏​ប្រើ អ្វី​ក៏មាន តែ​បែរជា​មិនអាច​បំពេញតម្រូវការ​ខ្លួនឯងបាន​ទៅវិញ​។ ឯណា​សេចក្ដីសុខ​?


© រក្សាសិទ្ធិដោយ thmeythmey.com