ជាតិ
អ្នកវិភាគ ថា បដិវត្តន៍​ពុំ​អាច​កើតឡើង​នៅ​កម្ពុជា​ឡើយ​
19, May 2016 , 3:25 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច ស ខេង លើកឡើងថា អយុត្តិធម៌​សង្គម នាំ​ឲ្យ​កើតមាន​បដិវត្តន៍​ពណ៌ ឬ​បដិវត្តន៍​ប្រជាជន​។ អ្នកវិភាគ​យល់ស្រប​នឹង​សម្តី​សម្ដេច ស ខេង ប៉ុន្តែ​ពួកគេ​អះអាងថា នៅ​កម្ពុជា មិនទាន់​អាចមាន​បដិវត្តន៍​កើតឡើង​ឡើយ​។​



​អ្នកវិភាគ​នយោបាយ​ទទួលស្គាល់ថា បញ្ហា​សង្គម​ជាច្រើន រួមមាន អំពើ​អយុត្តិធម៌ ពុករលួយ បក្ស​ពួកគេ​និយម គ្មាន​សិទ្ធិសេរីភាព​បញ្ចេញមតិ គ្មាន​ការងារ ភាពក្រីក្រ ការរំលោភ​ដីធ្លី​ពលរដ្ឋ និង​ការ​លូកដៃ​ពី​សំណាក់​បរទេសតាមរយៈ​ប្រជាធិបតេយ្យ​ជាដើម នាំ​ឲ្យ​កើតមាន​បដិវត្តន៍​។ តែ​ប្រជាជន​កម្ពុជា​មិនទាន់​អាចមាន​សមត្ថភាព​ធ្វើ​បដិវត្តន៍​ឡើយ​។​

​លោក រស់ រ៉ាវុធ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លើកឡើងថា ទោះបីជា​កម្ពុ​ជាមាន​បញ្ហា​សង្គម​ច្រើនក្តី តែ​កម្ពុជា​ពុំទាន់​អាច​កើតមាន​បដិវត្តន៍ ដូច​បណ្ដា​ប្រទេស​មួយចំនួន​នៅ​ប​ស្ចឹ​ម​បូព៌ា​ឡើយ ព្រោះ​ប្រជាជន​នៅមាន​ចំណេះដឹង​តិចតួច ។ ជាពិសេស​គឺ ការឆ្លងកាត់​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ បណ្តាល​ឲ្យ​ប្រជាជន​បាត់បង់​ជីវិត​រាប់លាន​នាក់ ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ប្រជាជន​ដឹង​ច្បាស់ ពី​រូបភាព​វិបត្តិ​សង្គ្រាម​ពី​អតីតកាល ដែល​ធ្វើ​ឲ្យ​ពួកគេ​មិន​ហ៊ាន​ធ្វើ​បដិវត្តន៍​ដែរ​។ នេះបើតាមប្រសាសន៍អ្នកវិភាគ។

​អ្នកវិភាគ​រូបនេះ​ បន្តលើកហេតុផល​យ៉ាង​ដូច្នេះ​ថា​៖«​ហេតុផល​ដែល​ពលរដ្ឋ​ពុំ​អាចធ្វើ​បដិវត្តន៍ ព្រោះ​កម្ពុជា​ប្រកាន់​របប​ដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស មាន​រដ្ឋធម្មនុញ្ញ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ ចូលរួម​តាមដាន​ឃ្លាំមើល​បញ្ហា​សង្គម តាមច្បាប់។ ការធ្វើ​បាតុកម្ម កន្លងមក បណ្តាលមកពីអាជ្ញាធរពុំយល់ពីបំណងពលរដ្ឋ​ រីឯពលរដ្ឋពុំ​យល់​ពីបំណងអាជ្ញាធរ។ ពួកគេពុំបាន​ជួបគ្នា​ពិភាក្សា​ដោះស្រាយ​បញ្ហា ទើបមានបាតុកម្ម​។ កម្ពុជា​មាន​ពហុ​គណបក្សនយោបាយ និង​សង្គម​ស៊ីវិល របប​ដឹកនាំ​រដ្ឋ​តាម​រដ្ឋធម្មនុញ្ញ ហើយប្រជាជន​ពុំទាន់​យល់​ពី​បដិវត្តន៍ និង​មានបញ្ហាវិបត្តិ​សង្គ្រាមរ៉ាំរ៉ៃ កាលពី​អតីតកាល ដូច្នេះ​បដិវត្តន៍​ពុំ​អាច​កើតឡើង​ទេ »​។​

​លោក សូ ចន្ថា ក៏​យល់ឃើញ​ដូច​លោក រស់ រ៉ាវុធ ដែរ​។ លោក សូ ចន្ថា បាន​ទទួលស្គាល់ថា កម្ពុជា​កំពុង​ជួបប្រទះ​បញ្ហា​សង្គម​ដែល​ត្រូវ​ដោះស្រាយ ដើម្បី​សន្តិសុខ ស្ថិរភាព​សង្គម​។ បើ​តាម​អ្នកវិភាគ​រូបនេះ រដ្ឋាភិបាល​គួរតែ​ដោះស្រាយ  និង​កំណែទម្រង់​បញ្ហា​សង្គម​នានា ដូចជា បញ្ហា​គ្មាន​ការងារ ជីវភាព​រស់នៅ​ពលរដ្ឋ បំបាត់​អំពើ​បក្សពួកនិយម សិទ្ធិសេរីភាព​បញ្ចេញមតិ និង​អយុត្តិធម៌​ចំពោះមុខ​ច្បាប់​ជាដើម​។ «​រដ្ឋាភិបាល​គួរ​ធ្វើការ​កែទម្រង់​បញ្ហា​ទាំងនេះ ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​ពលរដ្ឋ​ភាគច្រើន​ទទួលយក​ដំណោះស្រាយ​។ រដ្ឋាភិបាល គួរ​មាន​គោលការណ៍​ដោះស្រាយ​ច្បាស់លាស់ ទើប​បញ្ហា​ត្រូវបាន​ដោះស្រាយ​។​រដ្ឋាភិបាល​ត្រូវតែ​ពង្រឹង​ធនធានមនុស្ស ប្រព័ន្ធតុលាការ ការរស់នៅ​ស្មើ ភាព​គ្នា​រវាង​មន្ត្រី និង​ប្រជាជន ចំពោះមុខ​ច្បាប់ តាម​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សូ ចន្ថា​។

​ក្នុង​ពិធី​ខួប​លើក​ទី​៧១ នៃ​ថ្ងៃកំណើត​កងកម្លាំង​នគរបាលជាតិ​កាលពី​ថ្ងៃទី​១៦ ខែឧសភា កន្លងមក​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សម្តេច ស ខេង បាន​ណែនាំ​មន្ត្រី​ក្រោម ឲ្យ​ឱវាទ​ស្វែងយល់​ពី​បញ្ហា​សង្គម​បច្ចុប្បន្ន​ហើយ ត្រៀម​បង្កា​តាមផ្លូវ​ច្បាប់​ទុកជាមុន ដើម្បី​កុំ​ឲ្យ​មាន​បដិវត្ត​ប្រជាជន​កើតឡើង ផ្ទុយ​ពី​ច្បាប់​។ តែ​យ៉ាងណា​សម្ដេច ស ខេង ដែល​ដឹង​ពី​បញ្ហា​សង្គម​នោះ បាន​លើកឡើងថា អយុត្តិធម៌​សង្គម នាំ​ឲ្យ​កើតមាន​បដិវត្តន៍​ពណ៌ ឬ​បដិវត្តន៍​ប្រជាជន ដោយ​សម្តេច បាន​បញ្ជា ឲ្យ​ម​ន្រី្ត​និង​អាជ្ញា​ធរមាន​សម​ត្ត​កិច្ច សិក្សា​ពី​បញ្ហា​ប្រជាពលរដ្ឋ និង​ដោះស្រាយ​បញ្ហា​តាម​តម្រូវការ​ពួកគេ​ឲ្យ​បាន​ត្រឹមត្រូវ​៕


Tag:
 ស ខេង​
  បដិវត្តន៍​
  រស់ រ៉ាវុធ​
  សូ ចន្ថា​
© រក្សាសិទ្ធិដោយ thmeythmey.com