ជាតិ
​ច្រត់ព្រះនង្គ័ល​៖ អាជ្ញាធរ​ខេត្តសៀមរាប​ត្រៀមកម្លាំង​ជាង​១០០០​នាក់​
19, May 2016 , 8:39 pm        
រូបភាព
​សៀមរាប​៖ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​នា​ថ្ងៃទី​២៤ ខែឧសភា ខាងមុខ នឹង​រៀបចំឡើង​នៅ​ខេត្តសៀមរាប ក្រោម​ព្រះរាជាធិបតីភាព ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​។ សម្រាប់​ព្រះរាជ​ពិធី​ដ៏​សំខាន់​នេះ អាជ្ញាធរខេត្ត ត្រៀមកម្លាំង​ប្រមាណ​១០០០​នាក់ នៅ​ទីតាំង​សំខាន់ៗ​ចំនួន​បី​។​



​លោក កាន់ សម្បត្តិ ស្នងការរង​ខេត្តសៀមរាប ទទួលបន្ទុក​សេនាធិការ បាន​ឲ្យ​សារព័ត៌មាន​ថ្មីៗ​ដឹងថា មាន​កម្លាំងចម្រុះ​ជាង​មួយ​ពាន់​នាក់ ដែល​បាន​ត្រៀម​រៀបចំ​សុវត្ថិភាព សណ្តាប់ធ្នាប់​នា​អំឡុង​នៃ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះមហាក្សត្រ​។ លោក​បន្ថែមថា កម្លាំងចម្រុះ​ទាំងនោះ​មានដូចជា ស្នងការ​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត អង្គភាព​ការពារ​បេតិកភណ្ឌ នគរបាល​ទេសចរណ៍ និង​នាយកដ្ឋានអង្គរក្ស​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​។

​តាម​ការបញ្ជាក់​របស់​លោក កាន់ សម្បត្តិ ទីតាំង​បី​សំខាន់ៗ ដែល​គ្រោង​នឹង​ប្រើប្រាស់​កម្លាំង​ច្រើន ក្នុងនោះ​មាន​កំណាត់​ផ្លូវ​ពី​ព្រលានយន្តហោះ ព្រះរាជដំណាក់ និង​ទីតាំង​ប្រារព្ធ​ពិធី​។ តាម​ផែនការ កងកម្លាំង​នឹង​ចាប់ផ្តើម​ចុះ​ការពារ​នៅ​ទីតាំង​នោះ ចាប់ពី​ថ្ងៃទី​២១ ឧសភា​តទៅ​។

​លោក កាន់ សម្បត្តិ ពន្យល់​បន្ថែមថា​៖« ជាក់ស្តែង​កងកម្លាំង​យើង បាន​ចុះ​ការពារ​កន្លែង​ប្រារព្ធ​ពិធី ក្រោយ​ថ្ងៃ​អង្គរ​សង្ក្រាន្ត​មក​ម្លេះ គឺ​តាំងពី​ការដឹក​រោង​ទៅ​។ យើង​ការពារ ក្រែង​លោក​ភ្លើង​ឆេះ ព្រោះ​សុទ្ធតែ​ស្បូវ ណាមួយ​ក្រែង​មាន​ជនខិលខូច វា​យកស្អី​ទៅ​ដាក់​...»៕


Tag:
 ​ច្រត់ព្រះនង្គ័ល​
  ព្រះមហាក្សត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com