បឹងទំពុន នឹង​លែងមាន​បឹង​ត្រកួន​-​កញ្ឆែត​ទៀត​?
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
បឹងទំពុន នឹង​លែងមាន​បឹង​ត្រកួន​-​កញ្ឆែត​ទៀត​?
21, May 2016 , 2:20 pm        
រូបភាព
​ភ្នំពេញ​៖ បឹងទំពុន គឺជា​ប្រភព​ផ្គត់ផ្គង់ ត្រកួន និង​កញ្ឆែត ធំជាងគេ​នៅលើ​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ និង​ចែកចាយ​ទៅតាម​បណ្តា​ខេត្ត​មួយចំនួន​ផងដែរ​។ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គម្រោង​អភិវឌ្ឍន៍​នានា​នៅ​តំបន់​នោះ បាន​លេចចេញ​ជា​បណ្តើៗ ដែល​បានធ្វើ​ឲ្យ​ប្រជាកសិករ​ដាំ​ត្រកួន​-​កញ្ឆែត​នៅ​តំបន់​នោះ​បារម្ភ​យ៉ាងខ្លាំង​ពី​អនាគត​របស់ខ្លួន ខណៈ​តំបន់​បឹងទំពុន ទំនង​«​លែងឃើញ​ផ្ទៃ​បឹង​ត្រកួន​-​កញ្ឆែត​ខៀវស្រងាត់​តទៅទៀត​»​។​


 
​បឹងទំពុន ដែល​ឥឡូវ​មួយផ្នែក​គឺជា​វាល​ខ្សាច់ និង​សំណង់​អគារ អាច​ឲ្យ​គេ​គិត​ស្រមៃ​បាន​ថា ទីកន្លែង​ផ្គត់ផ្គង់​បន្លែ​ត្រកួន​-​កញ្ឆែត​ដ៏​ធំ​មួយ​នេះ នឹងត្រូវ​ប្តូរ​រូបភាព​ថ្មី​មួយ​ផ្សេងទៀត​។ រូបភាព​ថ្មី ដែល​ប្រែក្លាយ​ពី​បឹង​ត្រកួន​-​កញ្ឆែត  ទៅជា​សំណង់​អគារ​ទំនើបៗ​ក្នុងពេល​អនាគត​។  ការអភិវឌ្ឍ តាមរយៈ​ការ​បូម​ខ្សាច់​ចាក់​លុប​បឹង និង​សង់​អគារ​ជា​បណ្តើរៗ​នៅ​តំបន់​បឹងទំពុន​នេះ គឺជា​ក្តីបារម្ភ សម្រាប់​ប្រជាកសិករ ពី​អនាគត​មុខរបរ​ដាំ​ត្រកួន​-​កញ្ឆែត​របស់ខ្លួន​។ 
 
​អង្គុយ​លើ​អង្រឹង​ខាងក្រោម​ផ្ទះ​តូច ប្រក​ដំបូល​ស័ង្កសី របស់ខ្លួន អ្នកស្រី ឆេង យ៉ា បាន​ចាប់យក​របរ​ដាំ​ត្រកួន នៅ​បឹងទំពុន​នេះ ជាង​៦​ឆ្នាំ​ហើយ​។ បញ្ចេញ​ស្នាមញញឹម​ភ្លាម​មួយ​រំពេច បន្ទាប់ពី​កសិករ​វ័យ​៣៧​ឆ្នាំ​រូបនេះ បានឮ​សំណួរ​ថា​«​តើ​អ្នកស្រី​ពេញចិត្ត​នឹង​របរ​ដាំ​ត្រកួន​នេះដែរ​ឬទេ​?»​។ អ្នកស្រី យ៉ា ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​៖«​មុខរបរ​នេះ មិនបាន​ឲ្យ​ជីវភាព​គ្រួសារ​ខ្ញុំ​មាន​បានទេ តែ​វា​ឲ្យ​យើង​ចាយវាយ​បាន​គ្រប់គ្រាន់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​»​។ 
 


​អ្នកស្រី យ៉ា រកចំណូលបាន​ប្រមាណ​៦​ម៉ឺន​រៀល​ក្នុង​ថ្ងៃ ពី​ត្រកួន​ដែល​គាត់​ដាំ លើ​ផៃ្ទ​ដី​ប្រមាណ​០,២ ហិកតា​។ ប៉ុន្តែ​អ្នកស្រី​ក៏ត្រូវ​បង់ថ្លៃ​ឈ្នួល​ដី​ទៅ​ឲ្យ​ឯកជន​ចំនួន ៣​រយ​ដុល្លា​ក្នុង​មួយឆ្នាំ​ដែ​។ ស្នាមញញឹម បាន​រលាយបាត់​ពី​ផ្ទៃមុខ​មួយ​រំពេច នៅពេល​អ្នកស្រី យ៉ា ចោល​ភ្នែក​ទៅ​មើល​ផ្ទៃ​បឹង​ខាងក្រោយ​ផ្ទះ ដែល​ផ្នែក​ខ្លះ​បានក្លាយ​ទៅ​វាល​ខ្សាច់​ទៅហើយនោះ​។ ស្ថិតក្នុង​ទឹកមុខ​ស្រពោន អ្នកស្រី ឆេង យ៉ា បញ្ជាក់​ជាមួយ​សំឡេង​តិចៗ​ថា​៖«​ខ្ញុំ​ជឿជាក់​១០០​ភាគរយ​ថា លែង​បាន​ដាំ​ត្រកួន​នៅទីនេះ​ទៀតហើយ​។ បន្តិចទៀត​គេ​យក​ដី​ទៅ​អភិវឌ្ឍន៍​ហើយ​»​។ មើលឃើញ​ពី​ភាពមិន​ឋិតថេរ​នៃ​របរ ជាង​៦​ឆ្នាំ​របស់ខ្លួន បាន​ជំរុញ​ឲ្យ​កសិករ​រូបនេះ គិតគូរ​ពីមុខ​របរ​ថ្មី ដែល​អាចជា​កម្មករ​កា​ត់​ដេរ ឬ​អ្នក​អនាម័យ​ក្នុង​ភោជនីយដ្ឋាន ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​។ 
 
​កសិករ​ម្នាក់ទៀត ដែល​ពឹង​ផ្អែកលើ​របរ​ដាំ​កញ្ឆែត​នៅ​បឹងទំពុន​នេះ ជាង​១០​ឆ្នាំ​មកហើយ ក៏ បារម្ភ ពី​ការអភិវឌ្ឍ​ដ៏​នៅ​ផ្ទៃ​បឹង​កញ្ឆែត​របស់ខ្លួន​ដែរ​។ កំពុង​អង្គុយ​រាប់​បាច់​កញ្ឆែត​នៅខាងមុខ​ផ្ទះ​ជាមួយ​ក្រុមគ្រួសារ អ្នកស្រី ភិន រី បាន​ត្អូញត្អែរថា​៖«​មិនដឹង​គេ​ឈប់​ជួល​ដី​ឲ្យ​ដាំ​នៅ​ថ្ងៃ​ណា​ទេ​? ដី​ខាងលើៗ​គេ​អភិវឌ្ឍន៍​អស់ហើយ​។ ពួក​ខ្ញុំ​ដាំ​នៅ​ខាងក្រោម​នេះ មិនដឹង​គេ​ដេញ​នៅពេលណា​»? ស្រី្ត​វ័យ​វ័យ​៤១​ឆ្នាំ បន្ថែម​ទាំងអស់​សង្ឃឹមថា​៖«​ពីរ​បី​ឆ្នាំ​ទៀត ក៏​មិនដឹង​»​។​
 


​ផ្អាក​រាប់​បាច់​កញ្ឆែត អ្នកស្រី ភិន រី បាន​រៀបរាប់​ឲ្យ​ដឹងថា ក្នុង​មួយខែ​អ្នកស្រី​អាច​រកចំណូលបាន​ប្រមាណ​៣០០​ដុល្លារ តែ​ក៏ត្រូវ​ចំណាយ​គ្រប់សព្វ​វិញ​ដែរ​។ «​លុយ​សម្រាប់​កូន​ទៅ​សាលា ទិញ​ម្ហូប​រាល់ថ្ងៃ បុណ្យទាន ចងដៃ​ការ​គេ បង់ថ្លៃ​ទឹក ភ្លើង បាន​មកពីណា​? ក្រៅពី​លក់​កញ្ឆែត​»​។ នេះ​ជាការ​រៀបរាប់​របស់​ក​សិ​ករ​ដដែល ដែល​បន្ថែមថា​៖«​បើ​គេ​ឈប់​ឲ្យ​ដាំ​ទៀត ខ្ញុំ​គិត​ចង់​លក់​បន្លែ​នៅ​ផ្សារ​ម្តង​។ បើ​មិន​អ៊ីចឹង លក់​ទឹកអំពៅ​។ ធ្វើ​ម៉េច​ដើមទុន​យើង​តិច មានតែ​ធ្វើ​អ៊ីចឹង​។ តែ​វា​មិន​ដូច​របរ​យើង​ចាស់​ទេ​»​។ 
 
​មិន​ខុស​អ្វី​ពី​កសិករ​ទាំង​ពីររូប​ដែល​បានផ្តល់​បទសម្ភាសន៍​ពីលើ​ទេ កសិករ​ដាំ​ត្រកួន​-​កញ្ឆែត​មួយចំនួន​ផ្សេងទៀត ក៏​កំពុង​ខ្វល់​អំពី​ស្ថានភាព​របស់​គ្រួសារ​នៅពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​ដែរ ខណៈ​ពួកគេ រស់​អាស្រ័យ​លើ​របរ​ដាំ​ត្រកួត ដាំ​កញ្ឆែត ដែល​ក្រុមហ៊ុន​បាន និង​កំពុង​បូម​ខ្សាច់​ជា​បន្តបន្ទាប់​នោះ​។ ពួកគាត់​ជឿជាក់ថា ការដាំដុះ​ក្នុង​បឹងទំពុន​នេះ នឹងមិន​បន្ត​យូរ​ឆ្នាំ​ទៀត​ទេ ព្រោះ​ដី​ដាំ​ដុះ​ទាំងនេះ គឺជា​កម្មសិទ្ធិ​របស់​ថៅកែ​ដែល​ជួល​ឲ្យ​ពួកគាត់​ដាំ​បន្លែ ទន្ទឹមនឹង​គម្រោង​អភិវឌ្ឍន៍​នានា ដែល​ចេះតែ​បន្តសកម្មភាព​មិន​ដាច់ ដូចជា​ការ​បូម​ខ្សាច់​លុប​ផ្នែក​ខ្លះ​របស់​បឹង និង​សាងសង់​សំណង់​អគារ​ជាដើម​។ 
 


​ដ្បិត​ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់​បឹងទំពុន​មិនទាន់​ត្រូវ​លាតត្រដាង ប៉ុន្តែ​សកម្មភាព​បូម​ខ្សាច់​លុប​ផ្នែក​ខ្លះ​នៃ​តំបន់​បឹងទំពុន​ដូច​បច្ចុប្បន្ននេះ បញ្ជាក់​យ៉ាងច្បាស់​ថា ផ្ទៃ​បឹង​ត្រកួន -​កញ្ឆែត​ដ៏​ល្វឹងល្វើយ​នៅ​តំបន់​បឹងទំពុន នឹង​បាត់​រូបរាង​បន្តិច​ម្តងៗ ដោយ​ជំនួស​វិញ​នូវ​សំណង់​អគារ​ខ្ពស់ៗ​។ ប្រសិនបើ​ផ្ទៃ​បឹងទំពុន​ត្រូវ​លុប តើ​គេ​បាន ត្រកួន​-​កញ្ឆែត ពី​ណា មក​ផ្គត់ផ្គង់​ទីផ្សារ ខណៈ​បច្ចុប្បន្ន​លទ្ធភាព​ផ្គត់ផ្គង់​បន្លែ​ត្រកួន​-​កញ្ឆែត ដែលមាន​ប្រភពពី​បឹងទំពុន កំពុង​ថមថយ​បរិមាណ ជា​បណ្តើរៗ​ហើយ​នោះ​៕

Tag:
 បឹងទំពុន​
 ​​ ត្រកួន​
 ​ កញ្ឆែត​
© រក្សាសិទ្ធិដោយ thmeythmey.com