អន្តរជាតិ
អាមេរិក​ល្វីងមុខ​ដោយសារ​រដ្ឋ​អាស៊ាន​ដែលជា​មិត្ត​ជិតស្និទ្ធ​ផ្តើម​រិះគន់​ខ្លួន​វិញ​
22, May 2016 , 11:40 am        
រូបភាព
​បញ្ហា​សិទ្ធិមនុស្ស​នៅតែ​ជា​រឿង​រសើប​ក្នុង​កិច្ចការ​ការទូត​របស់​មហាអំណាច​អាមេរិក ជាមួយនឹង​ប្រទេស​ដទៃ​។ ដោយសារ​បញ្ហា​នេះ អាមេរិក​និង​រដ្ឋ​សមាជិក​អាស៊ាន​ចំនួន​ពីរ គឺ​ថៃ​និង​មី​យ៉ាន់​ម៉ា​ហាក់ដូចជា​មើលមុខ​គ្នា​មិនសូវ​ចំ​នោះទេ​។ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ក្រុង​បាងកក​និង​ក្រុង​ណៃ​ពិដោ សុទ្ធតែ​ត្រូវបាន​រង​ប្រតិកម្ម​ខ្លាំងៗ ពី​ថ្នាក់ដឹកនាំ​ថៃ​និង​មី​យ៉ាន់​ម៉ា​។

 
​ការ​រឹត​ត្បឹ​ត​សេរីភាព​បញ្ចេញមតិ​នៅ​ប្រទេស​ថៃ និង​ការប្រើប្រាស់​ពាក្យ «​រ៉ូ​ហ៊ីង​យ៉ា​» នៅ​មី​យ៉ាន់​ម៉ា ជា​បញ្ហា​ខ្វែងគំនិត​រវាង​អាមេរិក​និង​មិត្ត​របស់ខ្លួន​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​អាមេរិក​វិលមុខ​ខ្លាំង ព្រោះ​មេដឹកនាំ​ថៃ​មិន​ទទួលយក​ដំបូន្មាន​រប​ស់​ខ្លួន​លើ​បញ្ហា​សិទ្ធិមនុស្ស ខណៈដែល​ទូត​អាមេរិក​ប្រចាំ​ក្រុង​ណៃ​ពិដោ ចចេស​ប្រើពាក្យ​ដែល​មេដឹកនាំ​មី​យ៉ាន់​ម៉ា​មិន​ឲ្យ​ប្រើ​។​
 
​បន្ទាប់ពី​រដ្ឋប្រហារ​យោធា​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ ទំនាក់ទំនង​ថៃ និង​អាមេរិក បានចាប់ផ្តើម​ប្រេះឆា ដ្បិត​រដ្ឋាភិបាលយោធា មិន​គោរព​តាម​លទ្ធិប្រជាធិបតេយ្យ​។ ចុងក្រោយ​នេះ​នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ លោក Glyn T Davies ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ក្រុង​បាងកក​ក៏បាន​រិះគន់​ខ្លាំងៗ​ពី​បញ្ហា​សិទ្ធិមនុស្ស​ក្រោម​ការដឹកនាំ​ដោយ​របប​សឹក​។ 
​លោក Glyn T Davies បាន​ថ្លែងថា ការគំរាមកំហែង​ទៅលើ​សកម្មជន​នយោបាយ​របស់​របប​សឹក បាន​បង្កើន​ក្តីបារម្ភ​កាន់តែខ្លាំង​អំពី​ការប្តេជ្ញាចិត្ត​របស់​ថៃ​ទាក់ទង​នឹង​សេរីភាព​នៃ​ការបញ្ចេញមតិ​។​
 
​យ៉ាងណាមិញ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បាន​ប្រតិកម្ម​ខ្លាំងៗ​លើ​ការលើកឡើង​នេះ​វិញ​ផងដែរ​។ បើតាម​សារព័ត៌មាន​បាងកក​ប៉ុ​ស្ត៍ នៅ​ថ្ងៃទី​១៦ ខែឧសភា លោក ប្រា​យុទ្ធ ឆ្លើយតប​ថា​៖ «​តើ​ថៃ កំពុងស្ថិត​ក្រោម​អាណានិគម​របស់​អាមេរិក​? លោក​ឧ​ត្ត​ម​សេនីយ៍​បន្ថែម​ដែរ​ថា ការលើកឡើង​របស់​អគ្គ​រដ្ឋទូត បានបង្ហាញ​ពី​កង្វះ​នៃ​ការយល់ដឹង​អំពី​អ្វីដែល​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​ថៃ​។ 
 
​ការឆ្លើយ​ឆ្លង​សំដី​រវាង​នាយករដ្ឋមន្ត្រី​ថៃ​និង​ទូត​អាមេរិក​ប្រចាំ​ក្រុង​បាងកក ជា​សញ្ញា​បង្ហាញ​ពី​គម្លាត​កាន់តែ​ធំ​ក្នុង​ទំនាក់ទំនង​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ​។ បច្ចុប្បន្ននេះ​ទៀតសោត ថៃ​ហាក់ដូចជា​ងាក​ទៅ​ចងសម្ព័ន្ធ​មិត្ត​ជិតស្និទ្ធ​ជាមួយ​ចិន ដែលជា​គូប្រជែង​របស់​អាមេរិក ហើយ​ថែមទាំង​ទិញ​អាវុធ​មានតម្លៃ​ជាច្រើន​លាន​ដុល្លារ​ពី​ចិន​ទៀតផង​។   
 
​ក្រៅពី​ទូត​ប្រចាំ​ក្រុង​បាងកក ឯកអគ្គ​រដ្ឋ​អាមេរិក​ប្រចាំ​ក្រុង​ណៃ​ពិដោ​ក៏​ទាស់សំដី​ជាមួយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី លើ​បញ្ហា​ប្រើពាក្យ «​រ៉ូ​ហ៊ីង​យ៉ា​»​ដែរ​។ ការប្រើប្រាស់​ពាក្យ «​រ៉ូ​ហ៊ីង​យ៉ា​» ទៅកាន់​ក្រុម​ជនជាតិភាគតិច​ឥស្លាម បាន​ក្លាយជា​ចម្រូងចម្រាស​មួយ​ដ៏​ធំ​សម្រាប់​មី​យ៉ាន់​ម៉ា​។ លោកស្រី ស៊ូ​ជី ដែល​ធ្លាប់តែ​ទទួល​ការកោតសរសើរ​ពី​អាមេរិក​លើ​ការប្រឆាំង​របប​ផ្ដាច់ការ បាន​ណែនាំ​អគ្គរដ្ឋទូត​អាមេរិក​លោក Scot Marciel មិនត្រូវ​ប្រើប្រាស់​ពាក្យ «​រ៉ូ​ហ៊ីង​យ៉ា​» នោះទេ​។ 
 
​តាមរយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា លោក Kyaw Zay Ya បាន​បញ្ជាក់ថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា មិន​ប្រើប្រាស់ ពាក្យ​រ៉ូ​ហ៊ីង​យ៉ា​នោះទេ ពីព្រោះ រ៉ូ​ហ៊ីង​យ៉ា មិនត្រូវ​បានទទួល​ស្គាល់​ក្នុងចំណោម​ជនជាតិភាគតិច​ទាំង​១៣៥​ជា​ផ្លូវការ​នោះទេ​។ ហើយ​ការប្រើប្រាស់​ពាក្យ​នេះ មានន័យថា មិន​គាំទ្រ​នូវ​ដំណើរការ​នៃ​ការផ្សះផ្សារ​ជាតិ និង​ដោះស្រាយ​បញ្ហា​នោះទេ​។​
 
​ជុំវិញ​បញ្ហា​នេះ បើទោះបីជា​មានការ​ណែនាំ​ចំពោះ​ការប្រើ​ពាក្យ «​រ៉ូ​ហ៊ីង​យ៉ា​» ពី​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​ក៏ដោយ អគ្គរដ្ឋទូត​ថ្មី​អាមេរិក​ប្រចាំ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១០ ខែឧសភា បាន​អះអាងថា​លោក​នឹង​នៅតែ​បន្ត​ប្រើប្រាស់​ពាក្យ​នោះ​សម្រាប់​ក្រុម​ជនជាតិភាគតិច​ដែល​រង​ការ​ធ្វើទុក្ខបុកម្នេញ​ដដែល​។ លោក Marciel សង្កត់ធ្ងន់ថា ការហៅ​ឈ្មោះ​នេះ គឺជា​គោលនយោបាយ​របស់​ក្រុង​វ៉ាស៊ីនតោន​ពីមុន ហើយ រដ្ឋបាល​ក្រុង​វ៉ា​ស៊ិន​តោន ក៏មាន​ចេតនា​ក្នុងការ​បន្ត​ហៅ​ឈ្មោះ​នេះ​ផងដែរ​៕
 

Tag:
 អាមេរិក​
 ​ ថៃ​
 ​ មី​យ៉ាន់​ម៉ា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com