កីឡាអន្តរជាតិ
Euro2016៖ ពូ​ល E មាន បែលហ្ស៊ិក អ៊ីតាលី សាធារណរដ្ឋ​អៀរ​ឡង់ និង​ស៊ុយអែត​
22, May 2016 , 2:20 pm        
រូបភាព
ដោយ: រួបរួម
​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ដណ្តើម​ពានរង្វាន់​ទ្វីបអឺរ៉ុប​ឆ្នាំ​២០១៦ (UEFA EURO 2016) នឹង​ដំណើរការ​ចាប់ពី​ថ្ងៃទី​១០ ខែមិថុនា ដោយមាន​២៤​ក្រុម​ចូលរួម​។ ការប្រកួត​នឹង​ប្រព្រឹត្តទៅ​នៅ​កីឡដ្ឋាន​ចំនួន​១០​ក្នុងប្រទេស​បារាំង ដោយមាន​ការបែងចែក​ជា​៦​ពូ​ល​។

 
​បន្ទាប់ពី​ពូ​ល A ពូ​ល B ពូ​ល C និង​ពូ​ល D ថ្ងៃនេះ សារព័ត៌មាន​ថ្មីៗ សូម​ផ្តល់ព័ត៌មាន​សង្ខេប​ទាក់ទង​នឹង​ក្រុម​ជម្រើសជាតិ​ដែល​ស្ថិតនៅក្នុង​ពូ​ល E​។ អ៊ីតាលី គឺជា​ក្រុម​តែមួយគត់​នៅក្នុង​ពូ​ល​ដែល​ធ្លាប់មាន​ប្រវត្តិ​លើក​ពាន កាលពី​ឆ្នាំ​១៩៦៨ បែលហ្ស៊ិក និង​ស៊ុយអែត ធ្លាប់បាន​លេខ​២ រីឯ​សាធារណរដ្ឋ​អៀរ​ឡង់ ធ្លាប់​ឈានចូល​វគ្គ​ចាប់​ពូ​ល​នេះ ពីរលើក​។​
 
​ក្រោម​ការដឹកនាំ​របស់​លោក Marc Wilmots ចាប់តាំងពី​ខែឧសភា ឆ្នាំ​២០១២​មក ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់ រហូតដល់​ធ្លាប់​ឡើងទៅ​ឈរ​លេខ​មួយ​ក្នុង FIFA Ranking ថែម​ទៀតផង​។ បែលហ្ស៊ិក ដែលមាន​រហស្សនាម​ថា Red Devils (​បិសាច​ក្រហម​) បានទទួល​ចំណាត់ថ្នាក់​លេខ​២​កាលពី​ឆ្នាំ​១៩៨០ ។​
 


​អ៊ីតាលី មាន​លោក Antonio Conte ជា​គ្រូបង្វឹក​ចាប់ពី​ខែសីហា ឆ្នាំ​២០១៤ មក​។ អ៊ីតាលី ដែល​គេ​និយម​ហៅថា Azzurri (​ពណ៌​ខៀវ​) ជា​ក្រុម​ដ៏​ជោគជ័យ​បំផុត​នៅក្នុង World Cup ដោយ​ឈ្នះ​ជើងឯក​រហូតដល់​ទៅ​៤​លើក​។ សម្រាប់​ក្របខណ្ឌ​អ៊ឺរ៉ុប ពួកគេ​បាន​លើក​ពាន​កាលពី​ឆ្នាំ​១៩៦៨​នៅលើ​ទឹកដី​ខ្លួនឯង​។​
 


​លោក Martin O’Neill បាន​ក្លាយជា​គ្រូបង្វឹក​របស់​សាធារណរដ្ឋ​អៀរ​ឡង់​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០១៣​មក​។ នេះ​ជាការ​បង្ហាញខ្លួន​លើក​ទី​៣​របស់​ក្រុម​ដែលមាន​រហស្សនាម​ថា «Boys in Green» ដោយ​វត្តមាន​កាលពី​ឆ្នាំ​១៩៨៨ និង​ឆ្នាំ​២០១២ ពួកគេ​សុទ្ធ​បរាជ័យ​ក្នុង​ការឈាន​ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​
 
 


​ស៊ុយអែត ស្ថិតក្រោម​ការដឹកនាំរ​ប​ស់លោក Erik Hamren ចាប់តាំងពី​ឆ្នាំ​២០០៩ មកម្ល៉េះ​។ ពួកគេ​មាន​រហស្សនាម​ថា Blagult (​ខៀវ និង​លឿង​)​។ នា​ការបង្ហាញ​វត្តមាន​លើកដំបូង​នៅ​ឆ្នាំ​១៩៩២ ស៊ុយអែត​បាន​ឈានទៅដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​បាន​ចាញ់​អាល្លឺម៉ង់ ៣-២ ៕
 


ព័ត៌មានទាក់ទង​នឹងពូលនីមួយៗ៖
ពូល A http://www.thmeythmey.com/?page=detail&ctype=article&id=39954&lg=kh

ពូល B http://www.thmeythmey.com/?page=detail&ctype=article&id=39979&lg=kh

ពូល C http://www.thmeythmey.com/?page=detail&ctype=article&id=40010&lg=kh

ពូល D http://www.thmeythmey.com/?page=detail&ctype=article&id=40076&lg=kh

ពូល E http://www.thmeythmey.com/?page=detail&ctype=article&id=40104&lg=kh

ពូល F http://www.thmeythmey.com/?page=detail&ctype=article&id=40126&lg=kh

Tag:
 Euro2016
  EuroGroupE
© រក្សាសិទ្ធិដោយ thmeythmey.com