ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម សម រង្ស៊ី ថា ការកំណត់​ថ្ងៃ​បោះឆ្នោត ជា​ល្បិច​បង្វែរ​ស្ថានការណ៍​
26, May 2016 , 11:16 am        
រូបភាព
 
​ឯកឧត្តម សម រង្ស៊ី បានចាត់ទុក​ការកំណត់​កាលបរិច្ឆេទ ការបោះឆ្នោត​ឃុំ​-​សង្កាត់ និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ គឺ​ការ​បំភាន់​ភ្នែក និង​ល្បិចកល​របស់​រដ្ឋាភិបាល ដើម្បី​យកឈ្នះ​ការបោះឆ្នោត​ប៉ុណ្ណោះ​។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អត្ថាធិប្បាយ​យ៉ាងនេះ​ភ្លាមៗ បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​កំណត់​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤ និង​ថ្ងៃ​បោះឆ្នោត​ថ្នាក់ជាតិ​អាណត្តិ​ទី​៦ ។


​ការកំណត់​កាលបរិច្ឆេទ ការបោះឆ្នោត​ឃុំ​-​សង្កាត់ និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ដែល​គ្រោង​រៀបចំ​នៅ​ឆ្នាំ​២០១៧ និង​២០១៨​ខាងមុខ មិនទាន់​គ្រប់គ្រាន់​ទេ ដើម្បី​ធានា​​ការបោះឆ្នោត​។ នេះ​ជាការ​បញ្ជាក់​របស់ ឯក ឧ​ត្ត​ម សម រង្ស៊ី​។ តាមរយៈ​សំណេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ចាត់ទុកថា ការប្រកាស​កាលបរិច្ឆេទ​បោះឆ្នោត​របស់​រដ្ឋាភិបាល​នេះ គ្រាន់តែ​ជាការ​បំភាន់​ភ្នែក ដែល​ផ្ទុយ​អំពី​បំណង​ពិតប្រាកដ​របស់​រដ្ឋាភិបាល ដែល​កំពុងតែ​ត្រៀម​ល្បិចកល ដើម្បី​ដណ្តើមយក​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ខាងមុខ​ប៉ុណ្ណោះ​។​
 
​ប្រធាន​គណបក្សប្រឆាំង​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា​៖«​ធ្ងន់ធ្ងរ​ជាងនេះទៅទៀត ក្នុង​កាលៈទេសៈ​ដែលមាន​ការកៀបសង្កត់​ផ្នែក​នយោបាយ​ដូច​សព្វថ្ងៃ ការប្រកាស​ពី​កាលបរិច្ឆេទ​បែបនេះ អាចធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ ពី​បំណង​ពិតប្រាកដ​របស់​រដ្ឋាភិបាល ពីព្រោះ​វា​អាច​បង្វែរ​អារម្មណ៍​ពី​ទង្វើ​ជាក់ស្តែង​របស់​រដ្ឋាភិបាល ដែល​កំពុងតែ​ត្រៀម​ល្បិចកល​ដើម្បី​ដណ្តើមយក​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ខាងមុខ ទោះជា​ប្រជាប្រិយភាព​របស់ខ្លួន​បាន​ធ្លាក់ចុះ​យ៉ាងណាក៏ដោយ​»​។ 
 
​សំណេរ​ដដែល​បន្តថា​៖«​មុននឹង​រដ្ឋាភិបាល​អាច​លើកឡើង​ពី​ការបោះឆ្នោត​ណាមួយ​ដោយ​សេរី និង​យុត្តិធម៌ ត្រូវតែ​រដ្ឋាភិបាល​បញ្ច​ប់​ការកៀបសង្កត់​ផ្នែក​នយោបាយ ព្រមទាំង​បំបាត់​បរិយាកាស​គំរាមកំហែង និង​បំភិតបំភ័យ​ជាមុនសិន​»​។​
 
​ប្រមុខ​បក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស បាន​បន្ត​រិះគន់​ទៀតថា រដ្ឋាភិបាល​បាន​យក​តុលា​ការដែល​ខ្លួន​គ្រប់គ្រង និង​បញ្ជា​តាមចិត្ត ធ្វើជា​ឧបករណ៍​នយោបាយ ក្នុងការ​បង្ក្រាប​អ្នក​ដែល​ហ៊ាន​ប្រឆាំង និង​ហ៊ាន​ទិតៀន​ខ្លួន ក្នុងនោះ​មាន​ទាំង​ថ្នាក់ដឹកនាំ និង​សមាជិក​សង្គម​ស៊ីវិល​ផងដែរ ដែល​ត្រូវបាន​គេ​ចាប់ខ្លួន​និង​ឃុំខ្លួន តាម​ការចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ទាល់តែសោះ​។​
 
​លោក សម រង្ស៊ី បាន​អធិប្បាយ​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​ទៀតថា គណបក្សកាន់អំណាច​នេះ​បាន​បំបាត់​សិទ្ធិសេរីភាព​សម្តែង​មតិ​របស់​រាស្ត្រ​ខ្មែរ និង​បំផ្លាញ​តុល្យភាព​នយោបាយ ក្នុង​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.)​ទៀត តាមរយៈ​ការឃុំខ្លួន​លោក នី ចរិយា និង​ការ​រំ​ឮ​ក​ពីបទ​ចោទ​កន្លងមក​ទៅកាន់​លោក រ៉ុង ឈុន ពី​សំណាក់​តុលាការ​។​
 
​មុននឹង​បញ្ចប់​សំណេរ​របស់ខ្លួន ប្រធាន​គណបក្សប្រឆាំង បានបញ្ជាក់​ប្រាប់ រដ្ឋាភិបាល និង​គណបក្សកាន់អំណាច​ថា ការបោះឆ្នោត​នឹង​គ្មាន​ន័យ គ្មាន​តម្លៃ​បើ​គ្មាន​ការចូលរួម​ពី​ប្រធាន​គណបក្សប្រឆាំង​។ 
​គេ​នៅ​មិនទាន់​ឮ​ការឆ្លើយតប​យ៉ាងណា​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទៅលើ​ការអត្ថាធិប្បាយ​របស់លោក សម រង្ស៊ី នេះ​នៅឡើយ​ទេ​៕
 
 
 

Tag:
 សម រង្ស៊ី​
 ​គជប
© រក្សាសិទ្ធិដោយ thmeythmey.com