ពីនេះ ពីនោះ
យុវជនខ្មែរ៖ មានស្មារតីស្នេហាជាតិ តែស្មារតីផ្សះផ្សាជាតិនៅមិនទាន់រឹងមាំ!
× ភ្នំពេញ៖ និន្នាការយុវជន ក្នុងសកម្មភាពគាំទ្រគោលនយោបាយរបស់បក្សនយោបាយណាមួយគឺជាជំហរវិជ្ជមានមួយរបស់យុវជន។ ប៉ុន្តែ យុវជន និងកាន់តែបន្តឲ្យស្មារតីផ្សះផ្សាជាតិកាន់តែឃ្លាត់ឆ្ងាយ ប្រសិនបើយុវជននៅតែនាំគ្នាប្រកាន់ជំហរបែបជ្រុលនិយម ហើយយល់ថា គ្មានភាគីនយោបាយណាល្អជាងក្រុមខ្លួន។
ជាទស្សនៈដឹកនាំសង្គមរបស់អ្នកប្រាជ្ញខាងដឹកនាំរដ្ឋ គេបានលើកឡើងថា៖ “ការអះអាងទាមទារ យកគុណសម្បត្តិតែឯង ឬក្រុមរបស់ខ្លួនតែឯង គឺជាចំណុចចាប់ផ្ដើមនៃការបែកបាក់ជាតិ»។ ទង្វើ និងការគិតបែបនេះហើយ ដែលកន្លងទៅ មិនថាសង្គមជាតិណានោះទេ គឺតែងតែ បាត់បង់ស្មារតីបង្រួបបង្រួមជាតិ ស្មារតីរស់នៅក្នុងសង្គមមួយក្នុងនាមជាបងជាប្អូន ជាពូជសាសន៍តែមួយ បាត់បង់ស្មារតីស្វែងរកហេតុនិងផល បាត់បង់គោលការណ៍កណ្ដាលនិយម បាត់បង់ការគោរព និងផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមក រហូតដល់ការបាត់បង់ទំនុកទុកចិត្តចំពោះគ្នានិងគ្នា។
យ៉ាងណាមិញ វាពិតជាពិបាកក្នុងការផ្សះផ្សាជាតិខ្លាំងណាស់ នៅពេលដែលបុគ្គលគ្រប់រូប បង្កើតការគិតអវិជ្ជមាន បង្កើតនូវការសង្ស័យ ការស្មាន និងវាយតម្លៃគ្នា ដែលគ្មានអ្វីជាមូលដ្ឋានច្បាស់លាស់។ ប៉ុន្តែកិច្ចដ៏ចាស់ដដែល គឺការជជែកទល់មុខ ដោយភាពស្មោះត្រង់ ដោយការផ្ដល់តម្លៃ និងគោរពគ្នាទៅវិញទៅមក ទើបជាមូលដ្ឋាននាំទៅដល់ស្មារតីជ្រោងជាតិឲ្យខ្លាំងក្លាបាននឹងរឹងមាំ។
មែនទែនទៅ វាគឺជាការពិតហើយ ដែលបក្សនីមួយៗតែងតែមានគោលនយោបាយដើម្បីកែប្រែ និងផ្លាស់ប្ដូររបៀបរស់នៅរបស់មនុស្សជាតិ និងសម្រួលដល់ការរស់នៅរបស់ភាវៈសង្គមគ្រប់រូប។ ក្នុងនោះបក្សកាន់អំណាច ដឹកនាំអនុវត្តគោលនយោបាយ ដែលបានសន្យាចំពោះមុខរាស្ត្រមុនបានសំឡេងគាំទ្រឲ្យកាន់ស្ថានប័នដឹកនាំរដ្ឋ។ ចំណែកបក្សមិនកាន់អំណាច បន្តតាមដានមើលការអនុវត្តន៍ ការដឹកនាំ ផ្តល់យោបល់ រិះគន់ស្ថាបនា បែបវិជ្ជមានដើម្បីសង្គមជាតិ និងប្រជាពលរដ្ឋ ពីព្រោះបក្សកាន់អំណាច ឬបក្សមិនកាន់អំណាច វាជាការវិលទៅវិលមក តាមការសម្រេចចិត្តរបស់រាស្ត្រ ទាំងនេះគឺជាគម្រូល្អមួយក្នុងនយោបាយ។
ហេតុនេះហើយ រហូតមកដល់ពេលនេះ យុវជន ប្រសិនបើចង់រក្សាកេរ្តិ៍ឈ្មោះក្នុងនាមជាយុវជនស្អាតស្អំ យុវជនមានមាគ៌ាកណ្ដាលនិយម ប្រកាន់ជំហរហេតុនិងផល ឃើញខុសថាខុស ឃើញត្រូវ គួរតែនាំគ្នាទប់ចិត្តខ្លួនឯងឲ្យបាននូវចេតនាជ្រុលនិយម។ តែត្រូវចាប់ផ្ដើមឡើងវិញក្នុងបេសកកម្មបណ្ដុះស្មារតីជាតិ ស្មារតីសាសនា ស្មារតីគ្រួសារ ដោយការព្យាយាមអំណត់អត់ធ្មត់ ចូលរួមចំណែករៀបចំសង្គម ផ្សះផ្សាជាតិ ខ្មែរតែមួយ មិនគុំកួនសងសឹក ចាត់ទុកមនុស្សខ្មែរគឺជាសាច់សាលោហិតតែមួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com