ពីនេះ ពីនោះ
វិធី​៤ យ៉ាង​របស់​សូ​ក្រា​ត ធ្វើ​ឲ្យ​មនុស្ស​ចេះ​បែង​ចែក​ល្អ​អាក្រក់ ទទួលស្គាល់​បញ្ញា និង​សច្ចភាព
09, Jul 2022 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុងចំណោម​ទស្សនវិទូ​សម័យ​ក្រិ​ក​បុរាណ សូ​ក្រា​ត គឺជា​ទស្សនវិទូ​មួយរូប​ដែល​គេ​ទទួល​ស្គាល់​ថា ជា​អ្នក​ប្រកាន់ខ្ជាប់​នូវ​មាគ៌ា​សច្ចភាព​។ លោក​គឺជា​អ្នក​បណ្ដុះ​ពុទ្ធិ​ដ៏​ឆ្នើម​ម្នាក់ តាមរយៈ​វិធីសាស្ត្រ​ស​ន្ទា​ន​ឆ្ពោះទៅរក​សច្ចភាព និង​ធ្វើ​ឲ្យ​បុគ្គល​ដែលមាន​អំនួត​ថា​ខ្លួនឯង​មាន​ពុទ្ធិ​ឲ្យ​ចេះ​ទទួលស្គាល់​ការពិត​។



វិធី​ទាំង​បួន​នោះ​មានដូចជា​៖

​ទី​១/.​វិធី​ចំអកៈ ជា​វិធី​ជំទាស់​ដោយ​របៀប​ចោទ​ជា​សំណួរ សំដៅ​ឲ្យ​គូសន្ទនា​ឈានទៅ​ក្នុង​ទំនាស់ និង​ធ្វើ​ឲ្យ​អ្នកនោះ​ស្គាល់​ភាពល្ងង់ខ្លៅ​របស់ខ្លួន​និង​ទទួលស្គាល់​សច្ចភាព​។ សំណួរ​ដែល​បានលើកឡើង​ជា​សំណួរ បិទមុខ ជា​សំណួរ​ដេញជើង​ឲ្យ​ទាល់ សំដៅ​គូសបញ្ជាក់​ពី​គំនិត​ចំលែក និង​ប្រតិមតិ​នៃ​គូសន្ទនា​។​

​ទី​២/. វិធី​សម្រាល់ៈ គឺជា​ការ​ត្រាប់ ដែល​ផ្សារភ្ជាប់​ជាមួយនិង​វិធី​ចំអក​។ វិធី​នេះ ធ្វើ​ឲ្យ​សច្ចភាព​លេចធ្លោ​ឡើង​ដែល​គូសន្ទនា​ត្រូវតែ​ទទួល​យល់ព្រម​ថា​ត្រឹមត្រូវ​។ លោក​បាន​ចាត់ទុកថា​ការជួយ​ឲ្យ​មនុស្ស​រកឃើញ​សច្ចភាព​ឲ្យ​មនុស្ស​មើលឃើញ​តថភាព គឺ​ប្រៀបដូចជា​ឆ្មប ធ្វើ​ឲ្យ​ម្ដាយ​សម្រាលកូន​បាន​ដូច​នោះដែរ​។​

​ទី​៣/. វិធី​អនុមានរួមៈ គឺជា​ការឈាន​ពី​ភាព​ដោយឡែក​ទៅរក​ភាព​រួម ឬ​សាកលភាព​។ លោក​ចាប់ផ្ដើម​ពី​សីលធម៌​ដោយឡែកៗ ឆ្លងកាត់​ការវិភាគ​និង​ការប្រៀបធៀប​ដើម្បី​ស្វែងរក​សាកលភាព នៃ​អំពើ​សីលធម៌​ដូចជា​កុសល អកុសល យុត្តិធម៌ អយុត្តិធម៌​ជាដើម​។​

​ទី​៤/. វិធី​និយម​ន័​យៈ ជា​វិធី​កំណត់​ន័យ​ចង្អុល​បង្ហាញថា​អំពើ​សីលធម៌​ស្ថិតនៅក្នុង​ក្រុម​ណា​មាន​ទំនាក់ទំនង​និង​ចំណុះ​គ្នា​យ៉ាងណា​។

​វិធី​ទាំង​បួន​យ៉ាងនេះ មាន​ទំនាក់ទំនង​ប​ដិ​សំយោគ​ជាមួយគ្នា និង​ជះឥទ្ធិពល​ទៅវិញទៅមក​។ ការ​ចំអក ឬ​ការ​ចោទសួរ​ដើម្បី​បដិសេធ​អ្វីដែល​ខុស ហើយ​សម្រាល់​ដើម្បី​រក​ឲ្យ​ឃើញ​សច្ចភាព បន្ទាប់មក​ធ្វើ​អនុមានរួម​សំដៅ​ស្វែងរក​លក្ខណៈវិនិច្ឆ័យ​សាកល និង​កំណ​ត់ន័យ​ឲ្យ​បញ្ញត្តិ​នីមួយៗ​នៅក្នុង​សីល​វិជ្ជា​។ លោក​សូ​ក្រា​ត អះអាងថា វិធី​ទាំង​បួន​នេះ​អាចធ្វើ​ឲ្យ​មនុស្ស​ចេះ​បែងចែក​ល្អ​និង​អាក្រក់ ត្រូវ និង​ខុស​។​

​ដកស្រង់​៖ ប្រវត្តិ​ទស្សនវិជ្ជា​បុរាណសម័យ​ក្រិ​ក​, រៀបរៀង​ដោយ​លោក ឆ​យ យី​ហ៊ាង​


© រក្សាសិទ្ធិដោយ thmeythmey.com