ពីនេះ ពីនោះ
តើ​អ្នកណា ជា​អ្នកបង្កើត​ទ្រឹស្ដី​អាតូម​ដំបូង​គេ​?
29, May 2016 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អំឡុង​ឆ្នាំ​៥០០ មុន​គ​.​ស គឺជា​ឆ្នាំ​កំណើត​របស់​ទស្សនវិទូ​ជនជាតិ​ក្រិ​ក លោក ឡឺ​ស៊ី​ប ដែលជា​ទស្សនវិទូ​មួយរូប​បាន ផ្ដើម​បង្កើត​ទ្រឹស្ដី​អាតូម​ដំបូង​។ ការបង្កើត​ទ្រឹស្ដី ស្ដីពី​អាតូម​របស់លោក​គឺ​ផ្អែកលើ​មូលដ្ឋាន​២​យ៉ាងដូច​ខាងក្រោម​៖



​ទីមួយ ទ្រឹស្ដី​អត្ថិភាព ឬ​ទ្រឹស្ដី​ភាវៈ​របស់​ទស្សនវិទូ​ប៉ារ​មេ​នី​ត និង សេ​ណូ​ហ្វា​ន តែ​លោក​ឥត​បដិសេធ​អ​ភាវៈ​ដូច​ទស្សនវិទូ​ទាំងពីរ​រូបនេះ​ទេ​។​

​ទី​ពីរ ទ្រឹស្ដី​ពហុ​កត្តា​រូបធាតុ​របស់​ទស្សនវិទូ អំពេ​ដូ​ក ដែល​លោក​បដិសេធ​ទស្សនៈ​ដែលថា កត្ដា​រូបធាតុ​ទាំង​បួន ទឹក ដី ភ្លើង ខ្យល់ ជា​ល្អង​សម្រាប់​បង្កើត​វត្ថុ​ផ្សេងៗ​។ តែ​លោក​យល់ថា កត្តា​រូបធាតុ​សម្រាប់​បង្កើត​វត្ថុ​ផ្សេងៗ​គឺ​អាតូម ដ៏​ច្រើន​អនេក​។​

​លោក​បាន​បញ្ជាក់ថា អាតូម​ជា​ល្អ​រូបធាតុ​តូច​បំផុត គេ​មិនអាច​បែងចែក​បាន​ឲ្យ​តូច​ទៅទៀត​បានឡើយ​។ វា​ឥត​ព្រំដែន​ខាង​បរិមាណ និង​ឥត​ព្រំដែន​ខាង​ទម្ងន់​។ វា​គ្មាន​គុណភាព​ទេ វា​គ្រាន់តែ​ជា​រូបរាង​ខុសគ្នា​ប៉ុណ្ណោះ​។ លោក​យល់ថា អ​ភាវៈ ជា​សុញ្ញា​កាស ជាទី​កន្លែង​ទទេ​។ ដោយសារ​តែមាន​សុញ្ញា​កាស​នេះហើយ​បានជា​អង្គធាតុ​ទាំងឡាយ​អាច​ផ្ដាច់ចេញ​ពីគ្នា និង​អាច​ស្ថិតនៅ​ក្បែរៗ​គ្នា​បាន​។​

​ទ្រឹស្ដី​អាតូម​របស់​ទស្សនវិទូ​រូបនេះ ថ្វី​ដ្បិតថា នៅ​មិនទាន់​គ្រប់គ្រាន់ ដូច​ការអះអាង​របស់​អ្នកវិទ្យាសាស្ត្រ​ក្នុងពេល​បច្ចុប្បន្ន ប៉ុន្តែ​លោក​គឺជា​អ្នកផ្ដើមគំនិត​បែប​វិទ្យាសាស្ត្រ​មួយរូប​សម្រាប់​ឲ្យ​អ្នកវិទ្យាសាស្ត្រ​ជំនាន់​ក្រោយ​ស្វែងរក​បន្ថែម​អំពី​ការកើត​នៃ​រូបធាតុ ចក្រ​វា​ឡ នានា​៕

​ដកស្រង់​៖ ប្រវត្តិ​ទស្សនវិជ្ជា​បុរាណសម័យ​ក្រិ​ក​, រៀបរៀង​ដោយ​លោក ឆ​យ យី​ហ៊ាង​


© រក្សាសិទ្ធិដោយ thmeythmey.com