ពីនេះ ពីនោះ
តើ​«​យុត្តិធម៌​» និង​«​គុណប្រយោជន៍​» មួយណា​ជា​ជម្រើស​ទីមួយ​សម្រាប់​បណ្ឌិត​?
31, May 2016 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ខុង​ជឺ ជា​ទស្សនវិទូ​ជនជាតិចិន សម័យបុរាណ បាន​លើកឡើងថា មនុស្ស​ទាំងឡាយ​នៅក្នុង​សង្គម តែងតែ​ស្វែងរក​របស់​ពី​យ៉ាង​ប្លែក​គ្នា​គឺ​យី « យុត្តិធម៌ » និង​លី «​គុណប្រយោជន៍​» បណ្ឌិត​ចេះ​លះបង់​គុណប្រយោជន៍ ហើយ​ស្វែងរក​យុត្តិធម៌ ដើម្បី​បណ្ដុះ​កិត្តិសព្ទ​របស់ខ្លួន ឯ​ចំណែក​មនុស្ស​សាមញ្ញ​សុខចិត្ត​លះបង់​យុត្តិធម៌​ដើម្បី​ស្វែងរក​គុណប្រយោជន៍​។



​បុគ្គល​ដែលមាន​ឧត្ដមគតិ និង​ស្មារតី​ជា​បណ្ឌិត គឺ​ហ៊ាន​លះបង់​អ្វី​គ្រប់យ៉ាង​ដែល​មិនមែនជា​ប្រយោជន៍​សម្រាប់​មនុស្ស​ទូទៅ និង​សង្គមជាតិ​ទាំងមូល ហើយ​ប្រកាន់ខ្ជាប់​គោលការណ៍​តម្លៃ​នៃ​យុត្តិធម៌ សច្ចភាព ។ បណ្ឌិត មិន​ព្រម​លះបង់​មាគ៌ា​ត្រឹមត្រូវ​ព្រោះតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ គេ​សុខចិត្ត​ធ្វើ​អ្វី​ទៅតាម​សមត្ថភាព និង​លទ្ធភាព​របស់ខ្លួន​ដែល​អាច​ធ្វើបាន​។ ផ្ទុយទៅវិញ​ជន​សាមញ្ញ មើល​ឃើញតែ​អ្វី​ដែលជា​ប្រយោជន៍​ចំពោះមុខ បើទោះបីជា​ទង្វើ​របស់ខ្លួន​ត្រូវ​បង្ករ​សេចក្ដី​វិនាស​ទៅលើ​អ្នកដទៃ​ក៏ដោយ សំខាន់​អ្វីដែល​ខ្លួន​ធ្វើ​គឺ​បានផ្ដល់​ប្រយោជន៍​ដល់​ខ្លួន​។

​ការពិតទៅ​ទស្សនៈ​របស់​ទស្សនវិទូ​រូបនេះ បានលើកឡើង​នេះ​មិនមែន​មានន័យ​ដាច់ខាត​ថា​បណ្ឌិត​ចាំបាច់​ត្រូវតែ​លះបង់​គុណប្រយោជន៍​ទាំងស្រុង​នោះទេ​។ ប៉ុន្តែ គឺ​ចង់​សំដៅ​ដល់​គោលការណ៍​របស់​បណ្ឌិត គឺ​យក​វិថី យុត្តិធម៌ ជា​មូលដ្ឋាន​ដើម្បី​ឆ្ពោះទៅរក​គុណប្រយោជន៍​និង​កិត្តិសព្ទ​ល្អ​សម្រាប់​ជីវិត​៕


© រក្សាសិទ្ធិដោយ thmeythmey.com