ពីនេះ ពីនោះ
ហេតុអ្វីបានជាអ្នកមិនគួរជឿលើឥន្ទ្រីយពុទ្ធិទាំងស្រុង?
×
ភ្នំពេញ៖ ទស្សនវិទូក្រិកបុរាណ លោក ហ្សេណុង (Zenon) កើតនៅទីក្រុងអេលេដែរ ក្នុងអំឡុងឆ្នាំ ៤៩០ ដល់ ៤៣០ មុនគ.ស គឺជាទស្សនវិទូដែលមានបញ្ញាវាងវៃ ស្រឡាញ់វិទ្យាសាស្ត្រ ជាគ្រូបង្រៀន និង ជាវាគ្មិនដ៏ល្បីល្បាញមួយរូប។
លោកបានអះអាងថា ការយល់ដឹងពិភពលោកដោយប្រត្យក្សារម្មណ៍ គឺជាការស្រមើស្រមៃ ជាពុទ្ធិ រវើរវាយ គឺពុំមែនជាពុទ្ធិសច្ចៈទេ។ ដើម្បីអះអាងគំនិតមួយនេះ លោកហ្សេណុងបានធ្វើវិចារតាមរយៈកិច្ចសន្ទនាជាមួយទស្សនវិទូមួយរូប គឺលោក ប្រូតាហ្កូរ៉ា ដូចខាងក្រោម៖
លោកហ្សេណុងៈ ពេលដែលស្រូវសាឡី១គ្រាប់ ឬស្រូវសាឡីមួយភាគពាន់នៃគ្រាប់ស្រូវធ្លាក់ទៅលើដី តើឮសូរសំលេងឬទេ?
លោកប្រូតាហ្កូរ៉ាៈ ឥតឮសូរសំលេងទេ។
លោកហ្សេណុងៈតើគ្រាប់ស្រូវចំនួនមួយមេឌីម(៥៣លីត្រ) ដែលធ្លាក់ទៅដីឮសូរសំឡេងឬទេ?
លោកប្រូតាហ្កូរ៉ាៈ ឮសូរសំឡេង។
លោកហ្សេណុងៈ ហេតុនេះ តើស្រូវ១គ្រាប់ ឬស្រូវមួយភាគពាន់នៃគ្រាប់និងស្រូវមួយមេឌីម មានទំនាក់ទំនងជាមួយគ្នាខាងបរិមាណឬទេ?
លោកប្រូតាហ្កូរ៉ាៈ វាពិតជាមានទំនាក់ទំនងខាងបរិមាណជាមួយគ្នា។
លោកហ្សេណុងៈ ហេតុនេះ តើសំឡេងស្រូវដែលធ្លាក់ទៅដីនោះ មានទំនាក់ទំនងជាមួយគ្នាឬទេ?
លោកប្រូតាហ្កូរ៉ាៈ សំឡេងដែលធ្លាក់ក៏មានទំនាក់ទំនងជាមួយគ្នាដែរ។
ចំពោះកិច្ចសន្ទនានេះ លោកបានធ្វើការអង្កេតដូច្នេះថា បើសិនជាគេដឹង ដោយអង្គវិញ្ញាណ គេឃើញថាស្រូវសាឡីមួយបាវដែលធ្លាក់ទៅលើដីបានបង្ករឲ្យឮសូរសំឡេង រីឯស្រូវ១គ្រាប់ ឥតនាំមកនូវសូរសំឡេងឡើយ។ ប៉ុន្តែប្រសិនបើ ស្រូវមួយគ្រាប់ដែលធ្លាក់ចុះដោយគ្មានសំឡេង នោះស្រូវសាឡីមួយមេឌីម ដែលជាផលបូកនៃគ្រាប់ស្រូវទាំងនោះ ក៏គ្មានសំលេងដែរ។ តាមរយៈវិចារនេះលោកអះអាងថា ឥន្ទ្រីយពុទ្ធិជាពុទ្ធិដែលពោរពេញដោយទំនាស់មិនអាចដោះស្រាយបាន។ ហេតុនេះមានតែវិចារណពុទ្ធិទេ ទើបអាចស្វែងរកឃើញសច្ចភាពពិត។
ផ្ទុយមកវិញជាទស្សនៈរបស់លោក ហ្សេណុង ក្នុងសភាពជាក់ស្ដែងមិនអាចនិយាយបានថា ត្រូវទាំងស្រុង ឬក៏ខុសទាំងស្រុងណាស់។ ប៉ុន្តែ អ្វីដែលសំខាន់ គឺនៅត្រង់ថា ទាំងឥន្ទ្រីយពុទ្ធិ និងវិចារណពុទ្ធិ គឺចាំបាច់ត្រូវមានទំនាក់ទំនងគ្នាដើម្បីទទួលបានពុទ្ធិសច្ចៈមួយ។ ជាពិសេស ជាបុគ្គលម្នាក់គឺមិនអាចជឿតែលើព័ត៌មានដែលខ្លួនគ្រាន់តែទទួលបានតាមរយៈឥន្ទ្រីយនោះទេ ប៉ុន្តែត្រូវតែមានការពិចារណាឲ្យបានល្អិតល្អន់៕
ដកស្រង់ពី៖ ប្រវត្តិទស្សនវិជ្ជាបុរាណសម័យក្រិក, រៀបរៀងដោយលោក ឆយ យីហ៊ាង
© រក្សាសិទ្ធិដោយ thmeythmey.com