ពីនេះ ពីនោះ
សន្តិភាព​ពិត​នៅ​កន្លែង​ណា​ក្នុង​សង្គមមនុស្ស​?
02, Jun 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​ថា «​សន្តិភាព​» អ្នកណា​ក៏​អាចនិយាយបាន​ដោយ​មិន​ពិបាក​អ្វី​នោះទេ​។ ក៏ប៉ុន្តែ​បើ​សួរថា តើ​ធ្វើ​បែបណា​ទើប​ទទួលបាន​សន្តិភាព​? គឺជា​សំណួរ​ដែល​ពិបាក​ឆ្លើយ ជាពិសេស​គឺ​សន្តិភាព​ពិតប្រាកដ​ក្នុងសង្គម​។



​​អ្នកប្រាជ្ញ និង​អ្នកចេះដឹង​ល្បីៗ​តែងតែ​ណែនាំ​មនុស្ស​ក្នុង​លោក ឲ្យ​ចេះ​កសាង​សន្តិភាព រស់នៅ​ជាមួយគ្នា​ដោយ​ក្ដី​យោគយល់​។  ប៉ុន្តែ​តើ​អ្វី​ទៅជា​សន្តិភាព​? ហើយ​អ្វី​ទៅជា​សន្តិភាព​ពិតប្រាកដ​? ទាក់ទិន​និង​សំណួរ​នេះ ប្រហែលជា​នៅតែ​ស្ថិតនៅក្នុង​ប្រធានបទ​ជជែក​គ្នា​នៅឡើយ​រវាង​អ្នក​ចិត្តសាស្ត្រ ទស្សនវិទូ និង​អ្ន​កតថ​និយម​នៅឡើយ​។

​ជាការ​ពិតណាស់ តាមរយៈ​ជន​ទាំងបី​ប្រភេទ​ខាងលើនេះ អាច​និយាយបានថា សន្តិភាព​អាច​កើតមាន​តាមរយៈ​​សន្តិភាព​ផ្លូវចិត្ត​(​អ្នក​ចិត្តសាស្ត្រ​) សន្តិភាព​ផ្លូវ​គំនិត​(​ទស្សនវិទូ​) និង​សន្តិភាព​ផ្នែក​រូបរាងកាយ ឬ​ភាព​ខាងក្រៅ​ខ្លួន​របស់​បុគ្គល​(​ត​ថ​និយម​)​ជាដើម​។

​កត្តា​នេះ គេ​អាច​ទាញ់សេចក្ដី​បញ្ជាក់ថា សន្តិភាព​ពិត មិនមែន​គ្រាន់តែ​​អវត្តមាន​សង្គ្រាម ការមិន​បំពាន​រូបរាងកាយ ការមិន​ប្រើ​អំពើហិង្សា​ដោយ​កម្លាំងបាយ​ប៉ុណ្ណោះ​នោះទេ​។ ប៉ុន្តែ​គឺ​ត្រូវតែ​ទទួលបាន សន្តិភាព​ផ្លូវចិត្ត គ្មាន​ការគំរាមកំហែង​ផ្នែក​ផ្លូវ​អារម្មណ៍ និង​គ្មាន​ភាពភ័យខ្លាច​។​

​បន្ថែម​ពីនេះ​ទៀត សេរីភាព​នៃ​ការគិត ការបញ្ចេញមតិ ការជួបជុំ ការរស់នៅ ការធ្វើ​នយោបាយ ជំនឿ ភាពជឿជាក់​ក្នុង​គំនិត​របស់​បុគ្គល​ក៏​ជា​ចំណុច​សំខាន់​បង្ហាញ​ពី​ភាព​ស្អាតស្អំ​នៃ​សន្តិភាព​។​

​ហេតុ​ដូច្នេះហើយ ចំពោះ​ការប្រើប្រាស់​អាជ្ញាធរ កម្លាំងប្រដាប់អាវុធ ស្ថាប័នរដ្ឋ ជា​ឧបករណ៍​ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​ប្រជាពលរដ្ឋ ឬ​ភាគី​ណាមួយ ក្នុងន័យ​រក្សា​សន្តិភាព ពេលខ្លះ​វា​មិនមែនជា​រូបភាព​ពិត​នៃ​ការរក្សា​សន្តិភាព​ទេ​។ ប៉ុន្តែ​ការសន្ទនា​ដោយ​គ្មាន​ការបង្ខិតបង្ខំ ការគំរាមកំហែង គឺជា​ដំណើរ​ទៅរក​ការកសាង​សន្តិភាព ប្រជាធិបតេយ្យ និង​ការរីកចម្រើន សម្រាប់​ជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ​។​

​ជារួម​មកវិញ សន្តិភាព​ពិត​នៅក្នុង​សង្គម​មួយ​មិនមែន​គ្រាន់តែ​ឃើញ​សង្គម​មួយ​គ្មាន​សង្គ្រាម គ្មាន​ចលាចល​ចាត់ទុកជា​សង្គម​មា​នស​ន្តិ​ភាព​នោះទេ​។ ប៉ុន្តែ​សន្តិភាព​ពិត​សម្រាប់​បុគ្គល​គ្រប់រូប​គឺ​ផ្ដើមចេញពី​សន្តិភាព​ផ្លូវចិត្ត សន្តិភាព​ផ្លូវ​គំនិត និង​សន្តិភាព​ផ្នែក​រាងកាយ រស់នៅក្នុង​ភាពថ្លៃថ្នូរ​។ ដើម្បី​ទទួលបាន​ចំណុច​ទាំងនេះ​បាន​លុះត្រាតែ​សង្គម​នោះ​មានការ​គិតគូរ​ពី​សុខ​ទុក្ខ​រាស្ត្រ និង​សង្គមជាតិ​៕


© រក្សាសិទ្ធិដោយ thmeythmey.com