ពីនេះ ពីនោះ
«​ឃើញ​ដំរី​ជុះ កុំ​ជុះ​តាម​ដំរី​»៖​ក្នុងន័យ​អប់រំ​មនុស្ស​ឲ្យ​ចេះ​ប្រមាណ​ខ្លួន​
03, Jun 2016 , 8:19 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ សុភាសិត​របស់​ដូនតា​ខ្មែរ មួយ​បាន​លើ​ឡើង​ថា «​ឃើញ​ដំរី​ជុះ កុំ​ជុះ​តាម​ដំរី​» ដែល​ជន​ប្រុស​ស្រី​មួយចំនួន​ធ្លាប់​បានដឹង​និង​បានឮ ប៉ុន្តែ​ក៏មាន​អ្នក​មិន​ធ្លាប់​បានដឹង​ផងដែរ​។ អ្វី​ជា​អត្ថន័យ​នៃ​សុភាសិត​នេះ​? ហេតុអ្វី​បានជា​ដូនតា​ខ្មែរ​លើកយក​សុភាសិត​មួយ​នេះ មក​ប្រៀនប្រដៅ​កូន​ខ្មែរ​ជំនាន់​ក្រោយ​?



​មនុស្ស​ទូទៅ​ដឹង​ស្រាប់​ហើយ​ថា ដូនតា​ខ្មែរ ចូលចិត្ត​ណាស់​ក្នុង​ការលើក​យកសម្ដី​ខ្លី ខ្លឹម ជា​ពាក្យស្លោក ជា​សុភាសិត ដើម្បី​អប់រំ​កូនចៅ​។ សុភាសិត និង​ពាក្យស្លោក​មួយចំនួន បានលើកឡើង​គ្មាន​ការបកស្រាយ ក៏​កូន​ខ្មែរ​មិនអាច​យល់បាន​។ ចំណែក​មួយចំនួន​មានការ​បកស្រាយ និង​ពន្យល់ ត្រូវបាន​គេ​យកមក​ប្រតិបត្តិ​ជាប្រចាំ​។

​យ៉ាងណាមិញ សុភាសិត​មួយ​ដែល​ដូនតា​បាន​លើក​មក​ថា «​ឃើញ​ដំរី​ជុះ កុំ​ជុះ​តាម​ដំរី​»​។ ចំពោះ​សុភាសិត​មួយ​នេះ ប្រសិនបើ​គេ​គ្រាន់តែ​គិត​តាមន័យ​ត្រង់ គេ​ដឹងបាន​ភ្លាម​ថា ជា​មនុស្ស​ម្នាក់​មិនត្រូវ​ជុះ​តាម​ដំរី​ទេ នៅពេល​ឃើញ​ដំរី​វា​ជុះ​។ ក្នុងករណី​ន័យត្រង់​នេះ អាចមាន​ន័យ​ពី​យ៉ាង​៖

​ន័យ​ទីមួយ​. ឃើញ​ដំរី​ជុះ ខណៈដែល​បុគ្គល​ដែល​បានឃើញ​មិន​ឈឺ​ឧច្ចារកិច្ច​(​ដោះ​ទុក្ខ​ធំ​) ហេតុនេះ​ទោះ​ប្រឹង​យ៉ាងណា​ក៏​មិន​អាចមាន​លាមក​មក​ដែរ​។​

​ន័យ​ទី​ពីរ​. អាច​និយាយបានថា ដំរី​មាន​លាមក​ច្រើន ហេតុនេះ​មនុស្ស​មិនអាច​ទៅ​ប្រឹង​ដោះ​ទុក្ខ​ធំ​តាម​ដំរី​នោះទេ ព្រោះ​វា​មិនអាច​ទៅរួច ឬ​បើទោះបី​ជាមាន​លាមក មក​ក៏​មិន​ស្មើ​លាមក​របស់​ដំរី​ឡើយ​។​

​ការបកស្រាយ​បែបនេះ​វា​មិនមែនជា​ចេតនា​ពិត នៃ​សុភាសិត​មួយ​នេះឡើយ​។ ព្រោះថា​ប្រសិនបើ​សភា​សិត​នេះ​មាន​អត្ថន័យ​បែបនេះ វា​ពិតជា​គ្មាន​តម្លៃ​នោះទេ​។ ក៏ប៉ុន្តែ ចំពោះ​សុភាសិត​នេះ ដូនតា​ខ្មែរ លោក​ចង់​អប់រំ​កូន​ខ្មែរ យ៉ាងសំខាន់ ទៅលើ​ការចេះ​ប្រមាណ​ខ្លួនឯង​ក្នុង​ការធ្វើ​អ្វីមួយ​។ លោក​ចង់​អប់រំ​កូន​ខ្មែរ​ឲ្យ​ចេះ​គ្រប់គ្រង​ចំណង​ខ្លួនឯង ឲ្យ​ចេះ​ស្គាល់​ខ្លួនឯង ស្គាល់​ពី​ស្ថានភាព​ខ្លួនឯង និង​ដឹង​ពី​ទីតាំង​ពិត​នៃ​ខ្លួនឯង​មានន័យថា​ស្គា​ល់ពី​ប្រភព​របស់ខ្លួន​។​

​ប្រការនេះ​គឺ​លោក​ចង់​មានន័យថា ប្រសិនបើ​បុគ្គល​ណា​ម្នាក់​ជា​កូនអ្នកក្រ គួរ​កុំ​ធ្វើខ្លួន​ហឺ​ហារ​ដូច​គេ​អ្នកមាន ចាយវាយ​ចេះ​គិតគូរ​មុខក្រោយ ស្លៀកពាក់​ចេះ​ប្រមាណ​ខ្លួន កុំ​ទិញ​សម្លៀកបំពាក់​ថ្លៃ​ពេក ដូច​គេ​អ្នកមាន​ដែល​គេ​មាន​ស៊ីចាយ​មិនចេះ​ខ្វះ​។ រូបភាព​បែបនេះ​វា​ដូច​ទៅនឹង​មនុស្ស​ម្នាក់​ដែល​ប្រឹង​ធ្វើ​ឧច្ចារកិច្ច​(​ដោះ​ទុក្ខ​ធំ​)​តាម​ដំរី ចង់​ឲ្យ​ដូច​ដំរី ទាំង​ខ្លួនឯង​មិនមាន​លទ្ធភាព និង​សមត្ថភាព​អាច​ធ្វើបាន​ដូច្នេះ​ដែរ​។

​ជា​ឧទាហរណ៍​ជាក់ស្ដែង បច្ចុប្បន្ននេះ កូន​ខ្មែរ​មួយចំនួន​មាន​ជីវភាព​ក្រីក្រ ឬ​មធ្យម ប៉ុន្តែ​ព្យាយាម​ធ្វើ​ឫក​ខ្លួនឯង​ដូច​កូន​គេ​អ្នកមាន​។ ពួកគេ​យកលុយ​ឪពុកម្ដាយ មក​ស្រ​វ៉ា​ទិញ​ប្រើប្រាស់​របស់របរ​ទំនើប​ទាន់សម័យ ចាយវាយ​មិនចេះ​គិត ដើម្បី​ឲ្យ​គេ​មើល​មក​ខ្លួន​ថា​ជា​កូនអ្នកមាន​។​

​ក្នុងនោះ​ផងដែរ នៅក្នុង​វិស័យ​ប្រកប​របរ​រកស៊ី សុភាសិត​របស់​ដូនតា​ខ្មែរ​មួយ​នេះ​ក៏​ត្រឹមត្រូវ ហើយក៏​អាច​និយាយបានថា​ជា​ចេតនា​របស់លោក ចង់​ប្រាប់​ដល់​កូន​ខ្មែរ​ឲ្យ​រកស៊ី​ទៅតាម​លទ្ធភាព និង​សមត្ថភាព​របស់ខ្លួន​ទើប​អាច​ទទួលបាន​ជោគជ័យ​។ ហើយ​កូន​ខ្មែរ មិនអាច​ឃើញ​គេ​អ្នកមាន​រកស៊ី​ធំ ចង់​ធ្វើ​ដូច​គេ ទាំង​ខ្លួនឯង​មិនមាន​លទ្ធភាព​និង​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ធ្វើ​កិច្ចការ​នោះ​។ ព្រោះថា​ករណីនេះ ងាយ​នាំខ្លួន​ឆ្ពោះទៅរក​សេចក្ដី​វិនាស​។

​សរុប​មកវិញ អ្វី​ដែលជា​ទិសដៅ​ធំ​របស់​សុភាសិត​ដូនតា​មួយ​នេះ គឺជា​ចង់​អប់រំ​យ៉ាងសំខាន់ ទៅលើ​ការចេះ​ប្រមាណ​ខ្លួនឯង​ក្នុង​ការធ្វើ​អ្វីមួយ​។ ខ្លួន​មិនមែណជា​ដំរី រឿង​អី​ត្រូវ​ទៅ​ជុះ​តាម​ដំរី​។ ខ្លួន​ជា​កូនអ្នកក្រ​រឿង​អី​ទៅ​ព្យាយាម​ធ្វើខ្លួន​ឲ្យ​ដូច​កូន​គេ​អ្នកមាន​។ ខ្លួន​មានលទ្ធភាព​តិច​ត្រូវ​ចាប់ផ្ដើម​ពី​តិច មិនត្រូវ​លោត​ផ្លោះ​តាម​គេ​អ្នករក​ស៊ីធំ​ទេ ព្រោះ​គេ​មានលទ្ធភាព​គ្រប់គ្រាន់​អាចធ្វើ​បាន​៕

Tag:
 សុភាសិត
© រក្សាសិទ្ធិដោយ thmeythmey.com