ពីនេះ ពីនោះ
ពេល​ក្ដៅ​ខ្លាច​អត់​ភ្លៀង ពេល​ភ្លៀង​ខ្លាច​គ្រោះមហន្តរាយ​
04, Jun 2016 , 2:19 pm        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​៖ បទ​កាកគតិ​
​ដោយ ស៊ុំ សុជាតិ​



១/. សូរផ្គរ​រន្ទះ​ ​រាស្ត្រ​ភ័យញ័រ​ញាក់​ ​ខ្ញុំ​ចាំ​ជានិច្ច​
​មេឃ​ភ្លៀង​កក់ខែ ​វស្សា​ជន​លិច​ ​ទឹក​ឡើង​ពន្លិច​
​វាលស្រូវ​វាលស្រែ​។​
 
 
២/. ទឹក​លិច​មធ្យម​ ​ថែម​មាន​ព្យុះ​ធំ​ ​រាស្ត្រ​យំ​ហូ​ហែរ​
​មាន​អ្នកជិតខាង​ ​អ្នកស្រុក​អ្នកស្រែ​ ​យំ​ព្រោះស្រូវ​ស្រែ​
​ខូច​ស្ទើ​គ្មាន​សល់​។​
 
 
៣/. រាស្ត្រ​រស់​សែនព្រួយ​ ​រាំងស្ងួត​ក្ដៅ​ស្រួយ​ ​រាស្ត្រ​ព្រួយ​កង្វល់​
​ស្រូវ​ស្រែ​ដំនាំ​ ​ស្លាប់​ស្ទើរ​គ្មាន​សល់​ ​រាស្ត្រ​រស់​អំពល់​
​ខ្វាយខ្វល់​រាល់ថ្ងៃ​។​
 
 
៤/. ច្រើន​ឆ្នាំ​កន្លង​ ​ក្មេង​ចាស់​ប្អូន​បង​ ​រស់​បាន​ប្រពៃ​
​មាន​ហូប​មាន​ចាយ​ ​សប្បាយ​អរ​ក្រៃ​ ​ឃើញ​ខ្មែរ​រីករាយ​
​ដោយ​ក្ដី​អំណរ​។​
 
 
៥/. រឿង​ចាស់​ផ្លាស់​ទៅ​ ​តែ​ព្រឹត្តិការណ៍​នៅ​ ​កើតមាន​បន្តរ​
​អាកាស​ផ្ដើម​ក្ដៅ​ ​រាស្ត្រ​ភ័យ​ឈូឆរ​ ​ក្នុង​ទ្រូង​ភ័យ​អរ​
​ខ្វល់ខ្វាយ​ខ្វះ​ទឹក​។​
 
 
៦/. ថ្ងៃ​ក្ដៅ​ហួងហែង​ ​តែ​វាយោ​ស្ដែង​ ​សំ​ញ៉ែង​មហិទ្ធិឫទ្ធិ​
​ព្រះពាយ​បក់​ផាត់​ ​ផ្ដួល​ផ្ទះ​ជន​ទឹក​ ​ភ្លៀង​ខ្លាំង​សន្ធឹក​
​នឹកឃើញ​ស្ទើរ​ស្លុត​។​
 
 
៧/. នេះ​ឬ​កំហឹង​ ​ធម្មជាតិ​លោក​ខឹង​ ​ដែល​មនុស្ស​កាប់​ដុត​
​បំផ្លាញ​ប្រឹក្សា​ ​កាប់ឆ្ការ​ស្ទើ​ម៉ត់​ ​ពេល​ភ្លៀង​សង្កត់​
​ស្ទើ​បែក​ធរណី​។​
 
 
៨/. ល្មម​បាន​ហើយ​ឈប់​ ​លោក​អើយ​គួរ​ឈប់​ ​បំផ្លាញ់​លោកីយ​
​ព្រោះ​គ្មាន​អ្នកណា​ ​រង​ទុក្ខ​រាល់ថ្ងៃ​ ​ក្រៅពី​សត្វព្រៃ​
​និង​មនុស្សលោក​។​
 
 
៩/. និយាយ​ដោយស្មោះ​ ​ចិត្ត​សែន​ស្រណោះ​ ​សែន​ភ័យ​វិយោគ​
​អាកាស​ក្ដៅ​ខ្លាំង​ ​សឹង​ឆេះ​ទ្វីបលោក​ ​ពេល​ភ្លៀង​ជន់​ជោក​
​ព្យុះ​បោក​ខ្លាំងក្លា​។​

 
១០/. នេះ​ហៅ​មហន្តរាយ​ ​រាស្ត្រ​ខ្មែរ​គ្រប់​កាយ​ ​ត្រូវ​ពិចារណា​
​ស្វែងរក​ដំណោះ​ ​មក​ដោះ​បញ្ហា​ ​ជួយ​ដល់​រដ្ឋា​
​ឲ្យ​រស់​សុខសាន្ត​៕

Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com