កីឡាជាតិ
ជាតិ
FFC ទាមទារ​ឲ្យ​មាន​ការគោរព​កម្មសិទ្ធិ​បញ្ញា​លើ​ឯកសណ្ឋាន​ក្រុម​ជម្រើសជាតិ​ ​
06, Jun 2016 , 9:58 am        
រូបភាព
ដោយ:
  
​ដោយសារ​តែមាន​ព្រួយបារម្ភ​សម្រាប់​ការយក​ស្លាក​សញ្ញា​ទៅប្រើ​ប្រាស់​ដើម្បី​ទាញយក​ផលប្រយោជន៍ ដែល​អាចធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​កិត្តិយស​របស់​សហព័ន្ធ កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៦ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​សរសេរ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លូន ហាម​យក​ស្លាក​សញ្ញា​របស់​សហព័ន្ធ ដោយ​គ្មាន​ការអនុញ្ញាត ដើម្បី​ធ្វើ​អាជីវកម្ម​ផ្សេងៗ​ដូចជា​ការផលិត​ឯកសណ្ឋាន និង​សម្ភារៈ​របស់​ក្រុម​ជម្រើសជាតិ​ជាដើម ប៉ុន្តែ​សហព័ន្ធ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ដែល​បំពេញ​ឲ្យ​តម្រូវការ​ផ្ទាល់ខ្លួន​។

 
​ដើម្បី​រក្សា​កម្ម​សិទ្ធ​បញ្ញា​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានចេញ​សេចក្តី​ហាម​ហាត់​ចំពោះ​ក្រុមហ៊ុន​ឧស្សាហកម្ម​គ្រប់​ធន​ដែល​យក​ស្លាក​សញ្ញា​របស់​សហព័ន្ធ​ដោយ​គ្មាន​ការអនុញ្ញាត ដើម្បី​បំពេញតម្រូវការ​ផលិត​ឯកសណ្ឋាន និង​សម្ភារៈ​កីឡា​ផ្សេងៗ ក្នុងការ​ប្រកប​អាជីវកម្ម​ផ្សេងៗ​ឲ្យ​បញ្ឈប់​ការផលិត ព្រោះ​បច្ចុប្បន្ន​គេ​ឃើញ​ឯកសណ្ឋាន និង​សម្ភារៈ​កីឡា​ដែល​ប្រើ​ស្លាក​សញ្ញា​របស់​សហព័ន្ធ​ជាច្រើន​កំពុងដំណើរការ​នៅលើ​ទីផ្សារ​។ ប៉ុន្តែ​ប្រសិនបើ​ក្រុមហ៊ុន​អាជីវកម្ម​គ្រប់​ធន​ចង់​បន្ត​ការផលិត​ត្រូវ​មកសុំ​ការអនុញ្ញាត​ពី​សហព័ន្ធ​ជាមុនសិន បើ​ពុំ​ដូច​នោះទេ​សហព័ន្ធ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​
 
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដូច្នេះ​ថា​៖«​រាល់​ការផលិត​ឯកសណ្ឋាន​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឬ​សម្ភារៈ​ផ្សេងៗ​ដែល​ប្រើប្រាស់​ស្លាក​សញ្ញា ឬ​កម្មសិទ្ធិបញ្ញា​ផ្សេងៗ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ដើម្បី​ធ្វើ​សកម្មភាព​អាជីវកម្ម​នឹងមិន​ត្រូវបាន​អនុញ្ញាត​ប្រសិនបើ​មិនមាន​ការអនុម័ត​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ ក្នុងករណី​មានការ​រំលោភបំពាន សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​»​។​
 
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ចេញ​សារ​នេះដែរ លោក គល់ សុ​ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ពន្យល់ថា ដោយសារ​សហព័ន្ធ​មានការ​ព្រួយបារម្ភ​ចំពោះ​ការប្រើប្រាស់​ស្លាក​សញ្ញា​របស់​សហព័ន្ធ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​សហព័ន្ធ ហើយ​វា​ជា​សារ​មួយ​ដើម្បី​ដាស់តឿន​ឲ្យ​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​មុននឹង​ប្រើប្រាស់​ស្លាក​សញ្ញា​ត្រូវ​មកសុំ​ការអនុញ្ញាត​ពី​សហព័ន្ធ​ដោយផ្ទាល់​ជាមុនសិន​។ 
 
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ក៏បាន​ស្នើសុំ​ចំពោះ​ក្រុមហ៊ុន​ណា​ដែល​បាន​ផលិត​ឯកសណ្ឋាន ឬ​សម្ភារៈ​កីឡា​ដែល​យក​ស្លាក​សញ្ញា​ដោយ​គ្មាន​ការអនុញ្ញាត​មេត្តា​បញ្ឈប់​ការផលិត ឬ​មកសុំ​ការអនុញ្ញាត​ពី​សហព័ន្ធ ដើម្បី​ទទួលបាន​សិទ្ធ​ក្នុង​ការបន្ត​អាជីវកម្ម​នៃ​ការផលិត​នេះ បើ​ពុំ​ដូច្នេះ​ទេ​សហព័ន្ធ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ពាក់ព័ន្ធ​ទៅនឹង​ការចម្លង​កម្ម​សិទ្ធ​បញ្ញា​។ លោក​អត្ថាធិប្បាយ​ដូច្នេះ​ថា​៖«​ប្រសិនបើ​អ្នក​ដែល​បាន​បោះ​ហើយ​គួរតែបញ្ឈប់​រឿង​នឹង ហើយ​ពេលដែល​គាត់​ទទួល​ព័ត៌មាន​នេះហើយ គួរតែ​មក​ទំនាក់ទំនង​ជាមួយ​សហ​ព័ន្ធ ព្រោះ​សហព័ន្ធ​មិន​បិទ​សិទ្ធ​ថា​មិនអាច​បន្តបាន​នោះទេ​ឬមួយ​យ៉ាងណា​នោះទេ វា​អាស្រ័យទៅលើ​ហេតុផល​នៃ​ការចរចា​គ្នា​»​។​
 
​ពាក់ព័ន្ធ​ទៅនឹង​ការចេញ​សា​នេះដែរ​ក៏មាន​មតិ​មួយចំនួន​ជាពិសេស​អ្នក​ដែល​គាំទ្រ​វិស័យ​កីឡាបាល់ទាត់​បានលើកឡើង​ថា តើ​ការយក​ស្លាក​សញ្ញា​ទៅ​បិទ​នៅលើ​ឧបករណ៍​ដូចជា​ទូរស័ព្ទដៃ កុំព្យូទ័រ ឬ​ការ​ព្រី​ន​យកទៅ​បិទ​នៅតាម​បន្ទប់​ដើម្បី​លម្អរ​តើ​ត្រូវ​មកសុំ​ការអនុញ្ញាត​ពី​សហព័ន្ធ​ដេរ​ឬទេ​? ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក គល់ សុ​ផា​ណា បាន​បកស្រាយ​ថា សម្រាប់​ការប្រើប្រាស់​ស្លាក​សញ្ញា​នេះ​សហព័ន្ធ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន​ដែល​មិន​ពាក់ព័ន្ធ​នៅ​ការធ្វើ​អាជីវកម្ម​៕ 
 
  
 
 

Tag:
 ​បាល់ទាត់​
  គល់ សុ​ផា​ណា​
© រក្សាសិទ្ធិដោយ thmeythmey.com