ពីនេះ ពីនោះ
សន្យា​តែ​មិន​ធ្វើ បង្ហាញ​ពី​ភាពខ្វះ​តម្លៃ​របស់​បុគ្គល
07, Jun 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ចាស់​បុរាណ​បាន​ពោល​ជា​សុភាសិត​ថា​«​មនុស្ស​គេ​យកសម្ដី ដំរី​គេ​យក​ភ្លុក​» នេះ គឺជា​ឃ្លា​ដ៏​មានតម្លៃ​បំផុត​ដើម្បី​ឲ្យ​មនុស្ស​ចេះ​ទទួលខុសត្រូវ​ចំពោះ​ពាក្យសម្ដី​របស់ខ្លួន​ដែល​និយាយ​ចេញមក ឬ​ការសន្យា​អ្វីមួយ​។ ផ្ទុយ​មកវិញ វា​នឹង​បង្ហាញ​ពី​មនុស្ស​ខ្វះខាត​តម្លៃ​ផ្ទាល់ខ្លួន បើ​គ្រាន់តែ​សម្ដី​ខ្លួន​មិនអាច​ទទួលខុស​ត្រូវបាន​។​



​ពាក្យសន្យា គឺជា​ភាសា​មួយ​ដែល​អ្នកណា ក៏​ធ្លាប់បាន​និយាយ​ទៅកាន់​ដៃគូ​របស់ខ្លួន ក្រុម​របស់ខ្លួន កន្លែង​ការងារ កិច្ចសន្យា ពាណិជ្ជកម្ម ឬ​ក្នុង​រូបភាព​គ្រប់បែបយ៉ាង​។ រឿង​ដែល​ផ្ដល់​«​ការសន្យា​» វា​មិនមែនជា​កំហុស​។ ប៉ុន្តែ​វា​នឹង​ខុស​នៅពេលដែល​បុគ្គល​ដែល​បាន​សន្យា​ហើយ​មិន​ព្រមធ្វើ មិនបាន​អនុវត្តតាម​អ្វីដែល​ខ្លួន​បាន​សន្យា ដោយ​ផ្ដល់​មកវិញ​នូវ​ហេតុផល​គ្រប់បែបគ្រប់យ៉ាង​។

​ជាការ​ពិត​ណា ហេតុ​និង​ផល ដែល​បាន​លើក​យកមក​ការពារ​ខ្លួន​នោះ វា​គ្រាន់តែ​ជា​លេស​ផ្ទាល់ខ្លួន របស់​បុគ្គល​ដែល​មិន​គោរព​សម្ដី​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ហេតុផល​នោះ​វា​មិនបាន​ដោះស្រាយ​បញ្ហា  ឬ​បង្ហាញ​ពី​តម្លៃ​របស់​បុគ្គល​ឡើយ​។ ព្រោះ​ក្នុង​ករណីបែបនេះ បុគ្គល​នោះ​គឺ​បានបង្ហាញ​យ៉ាងច្បាស់​ពី​ខ្លួនឯង​រួចទៅហើយ​ថា ជា​បុគ្គល​គ្មាន​ភាព​សច្ច គ្មាន​មនសិការ ខ្វះ​ការទទួលខុសត្រូវ គ្មាន​វិន័យ ខ្វះ​សីលធម៌ ខ្វះខាត​ផ្នែក​សតិសម្បជញ្ញៈ ដែលជា​មូលដ្ឋាន​តម្លៃ​របស់​មនុស្ស​។

​ហេតុដូច្នេះ ធ្វើជា​មនុស្ស គឺ​ត្រូវ​ពិចារណា​ពី​សកម្មភាព​ផ្ទាល់ខ្លួន អំពើ និង​គំនិត​ខ្លួនឯង មុន​ធ្វើការ​សម្រេចចិត្ត ឬ​សន្យា​អ្វីមួយ​។ ប្រសិនបើ​ខ្លួន​អាចធ្វើ​បាន ​គឺ​ត្រូវតែ​តាំងចិត្ត​ថា​ធ្វើ​ឲ្យ​បាន តែបើ​ធ្វើ​មិនបាន​កុំ​សន្យា​។ យ៉ាងណា បើសិនជា​ខ្លួន​ធ្លាប់​ខុស​ក្នុងករណីនេះ ត្រូវតែ​កែ​កំហុស កុំ​បន្ត​ជា​ទម្លាប់ ជា​វប្បធម៌ ដែល​នាំ​ឲ្យ​អ្នកដទៃ​អស់ជំនឿ​ចិត្ត​ចំពោះ​ខ្លួន​៕


© រក្សាសិទ្ធិដោយ thmeythmey.com