កីឡាជាតិ
ជាតិ
កម្ពុជា​-​ឆាយ​នី​ស តៃប៉ិ​៖ ក្រុម​ឈ្នះ​ឡើងទៅ​វគ្គ​បន្ត ក្រុម​ចាញ់​ត្រូវ​ប៉ះ​ជាមួយ​ទី​ម័​រ​ខាងកើត​
07, Jun 2016 , 11:17 am        
រូបភាព
រូបថត-Masayori-Ishikawa
រូបថត-Masayori-Ishikawa
ដោយ:
 
 
​ការប្រកួត​ជើង​ទី​ពីរ​វគ្គ Play-off នៃ​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ រវាង​កម្ពុជា និង​ឆាយ​នី​ស តៃប៉ិ នឹង​ប្រព្រឹត្តទៅ​នៅវេលា​ម៉ោង​៧​ល្ងាច​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក បន្ទាប់ពី​ពួកគេ​បញ្ចប់​លទ្ធផល​ស្មើ ២-២ នៅ​ទឹកដី​ឆាយ​នី​ស តៃប៉ិ​។ សម្រាប់​ក្រុម​ដែលមាន​ប្រៀប​លើ​ការប្រកួត​ទាំងពីរ​ជើង នឹង​ឡើងទៅ​ជួប​ក្រុម​ខ្លាំង​ផ្សេងទៀត​នៅ​ជុំ​ទី​បី ខណៈ​ក្រុម​ដែល​ចាញ់ ត្រូវ​ស្វែងរក​ឱកាស​ម្តងទៀត​នៅ​វគ្គ Play-off លើក​ទី​ពីរ​ជាមួយ​ទី​ម័​រ​ខាងកើត​។​

 
​ទាំង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​ឆាយ​នី​ស តៃប៉ិ សុទ្ធតែ​បានចាត់ទុក​អ្នកគាំទ្រ​ច្រើន​គឺជា​ការដាក់​សម្ពាធ​ខ្លាំង​មកលើ​ខ្លួន​នា​ជំនួប​ជើង​ទី​២​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​ឆាយ​នី​ស​តៃប៉ិ នៃ​វគ្គ Play-off ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ នា​វេលា​ម៉ោង ៧ យប់​ថ្ងៃទី​៧ ខែមិថុនា នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​
 
​នា​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​៦ មិថុនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ លោក Toshiaki Imai គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​ឆាយ​នី​ស​តៃប៉ិ បាន​មានប្រសាសន៍ថា សម្រាប់​ការប្រកួត​ថ្ងៃនេះ​ក្រុម​កម្ពុជា​ហាក់ដូចជា​មានប្រៀប​ជាង ព្រោះ​មាន​អ្នកគាំទ្រ​លើក​ទឹកចិត្ត​រាប់ម៉ឺន​នាក់ ហើយ​ការគាំទ្រ​នេះ​វា​ហាក់ដូចជា​ដាក់​សម្ពាធ​ខ្លាំង​មកលើ​ក្រុម​របស់ខ្លួន​ក្នុងការ​ដណ្តើម​យកជ័យ​ជម្នះ​។ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហាសំខាន់​នោះ​គឺ កូនក្រុម​របស់លោក​ដែល​រងរបួស​សុទ្ធសឹង​ជា​កីឡាករ​ជើង​ខ្លាំង ហើយ​អ្វីដែល​លោក​រំពឹង​នោះ​គឺ កូនក្រុម​របស់លោក​នឹងធ្វើ​បានល្អ​សម្រាប់​ការប្រកួត​ថ្ងៃនេះ​។ 
 
​ជាមួយគ្នានេះ លោក  Lee Tae Hoon គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ទទួលស្គាល់ថា សម្រាប់​ការប្រកួត​ថ្ងៃនេះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ពិត​មាន​អាទិភាព​ជាង​ពិតប្រាកដ​មែន ប៉ុន្តែ​អ្នកគាំទ្រ​ច្រើន​ក៏​ជាការ​ដាក់​សម្ពាធ​មកលើ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ផងដែរ ហើយ​ការប្រកួត​ថ្ងៃនេះ ជាការ​ប្រកួត​មួយ​ដ៏​មាន​អត្ថន័យ​សម្រាប់​កម្ពុជា ប្រសិនបើ​អាច​យកឈ្នះ ឆាយ​នី​ស​តៃប៉ិ ថ្ងៃនេះ​កម្ពុជា​នឹងមាន​ឱកាស​ទៅ​បន្ត​ដកស្រង់​បទពិសោធន៍​ជាមួយ​ក្រុម​ខ្លាំង​ជាច្រើន​ទៀត​។​
 
​បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​ជាមួយគ្នា​ម្តង​កាលពី​ជើង​ទី​១​ក្នុង​ទឹកដី​ឆាយ​នី​ស​តៃប៉ិ លោក Toshiaki Imai បាន​មើលឃើញ​ពី​ចំណុចខ្លាំង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រង់​កីឡាករ​កម្ពុជា​ធ្វើការ​ប្រយុទ្ធ​ខ្លាំង​ជាង​ការការពារ​នៅនឹងកន្លែង ចំណែក​កូនក្រុម​របស់​លោក​មាន​ចំណុចខ្សោយ​ត្រង់ចំណុច​ខ្សែការពារ​។ សម្រាប់​ការប្រកួត​ថ្ងៃនេះ លោកគ្រូ​បង្វឹក​រូបនេះ​សង្ឃឹមថា កូនក្រុម​របស់លោក​នឹង​លេង​ដោយ​រំងាប់​អារម្មណ៍​បានល្អ និង​មាន​កម្លាំង​ខ្លាំង​ដូច​តោ​។​
 
​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​ជើង​ទី​១ នៃ​វគ្គ Play-off ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​យក​ស្មើ ២-២ ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ឆាយ​នី​ស​តៃប៉ិ  នៅលើ​ទឹកដី​ឆាយ​នី​ស​តៃប៉ិ កាលពី​ថ្ងៃទី​២ មិថុនា កន្លងទៅនេះ​។ 
 
​យោងតាម​រូបមន្ត និង​លទ្ធផល​នៃ​ការចាប់​ឆ្នោត​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ក្រុម​ចំនួន​៥​ដែល​ឈ្នះ​វគ្គ Play-Off លើកទីមួយ នឹងត្រូវ​ឈាន​បន្តទៅ​ជុំ​ទី​បី​នៃ​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ​២០១៩ ។ ចំពោះ​ក្រុម​ដែល​បរាជ័យ​នៅមាន​ឱកាស​លេង​វគ្គ Play-off លើក​ទី​ពីរ ដែលមាន​ប៊ូ​តង់ និង​ទី​ម័​រ​ខាងកើត​នៅ​រង់ចាំ​។ ម៉ាឡេស៊ី ជា​ក្រុម​ដំបូង​ដែល​ជាប់​វគ្គ Play-off បន្ទាប់ពី​ពួកគេ​យកឈ្នះ​ទី​ម័​រ​ខាងកើត ៣-០ កាលពី​ម្សិលមិញ [​សរុប ៦-០ ទាំងពីរ​ជើង​] ខណៈ​ទី​ម័​រ​ខាងកើត​រង់ចាំ​មើល​ជំនួប​រវាង​កម្ពុជា និង​ឆាយ​នី​ស តៃប៉ិ​។ ក្រុម​ដែល​ចាញ់​នឹង​ប៉ះ​ទី​ម័​រ​ខាងកើត​នៅ​វគ្គ Play-off លើក​ទី​ពីរ​។​
 
​តើ​សម្រាប់​ការប្រកួត​យប់​នេះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាច​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ឆាយ​នី​ស​តៃប៉ិ​បាន​ឬ​យ៉ាងណា​? សូម​ទស្សនា​ទាំងអស់គ្នា ព្រោះ​ការប្រកួត​នេះ​មានការ​ផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយទូរទស្សន៍​បាយ័ន BTV​។ ការប្រកួត​វគ្គ Play-off ផ្សេងទៀត រួមមាន ម៉ា​ល់​ឌី​វ ជួប យ៉េ​មែន [​ជើង​ទីមួយ យេ​ម៉ែន​ឈ្នះ ២-០] តា​ហ្ស៊ី​គី​ស្ថាន ប៉ះ បង់​ក្លា​ដែ​ស [​ជើង​ទីមួយ តា​ហ្ស៊ី​គី​ស្ថាន ស៊ី​៥-០] និង ឡាវ ប៉ះ​ឥណ្ឌា [​ជើង​ទីមួយ ឥណ្ឌា​ឈ្នះ ១-០]៕  

Tag:
 បាល់ទាត់​
  ជម្រើសជាតិ​
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com