ពីនេះ ពីនោះ
«​សម្ដី​ស​ជាតិ មារយាទ​ស​ពូជ​»៖ ក្នុង​អត្ថន័យ​ឲ្យ​មនុស្ស​ស្គាល់​ពី​តម្លៃ​នៃ​ពាក្យសម្ដី និង​មារ​យា​ទ​
08, Jun 2016 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅក្នុង​វិធីសាស្ត្រ មើល​ចរិត​មនុស្ស និង​វាយតម្លៃ​ពី​មនុស្ស​ម្នាក់ គេ​តែង​សង្កេត​ទៅលើ​កាយវិការ ពាក្យសម្ដី និង​លក្ខណៈ​មារយាទ​ដែល​បាន​ស្ដែង​ចេញមកក្រៅ បន្ទាប់មក​ធ្វើការ​វាយតម្លៃ ទៅលើ​តម្លៃ​របស់​បុគ្គល​នោះ​។ ករណីនេះ​ដូនតា​ខ្មែរ​លោក​បាន​លើក​ជា​សុភាសិត​មួយ​ថា​«​សម្ដី​ស​ជាតិ មារយាទ​ស​ពូជ​»​។ តើ​អ្វី​ចេតនា​នៃ​សុភាសិត​មួយ​នេះ​?



​ដូនតា​ខ្មែរ លោក បានលើកឡើង​ជា​សុភាសិត​មួយ​ថា​«​សម្ដី​ស​ជាតិ មារយាទ​ស​ពូជ​» មិនមែន​នឹកឃើញ​ចេះតែ​ថា ចេះតែ​និយាយ​នោះទេ​។ ចំពោះ​សុភាសិត​មួយ​នេះ​ត្រង់​ឃ្លា​ថា​«​សម្ដី​ស​ជាតិ​» គឺ​ក្នុងន័យ​អប់រំ ឲ្យ​បុគ្គល​គ្រប់រូប​ដឹងថា ជាតិ​មួយ​ថ្លៃថ្នូរ សង្គមជាតិ​មួយ​មាន​សីលធម៌ មាន​វិន័យ គឺអាច​បង្ហាញ​ចេញ​តាមរយៈ​ភាសា​និយាយ របស់​ពលរដ្ឋ​ដែលជា​ធាតុ​របស់​សង្គម​នោះ​។ ផ្ទុយ​មកវិញ ប្រសិនបើ​ពលរដ្ឋ​នៃ​សង្គម​នោះ​មាន​ពាក្យ​មិន​សមរម្យ គ្មាន​សីលធម៌ គ្មាន​ទំនួល​ខុសត្រូវ នោះ​ក៏​បញ្ជាក់ថា​សង្គម​នោះ​ក៏​ដូច្នេះ​ដែរ​។ ចំណែក «​មារយាទ​ស​ពូជ​» នោះ​គឺ​មានន័យថា ប្រសិនបើ​សមាជិក​នៃ​ក្រុមគ្រួសារ​ណាមួយ​បែបណា​នោះ​គឺ​មានន័យថា ចរិត​មាយា​ទ​នៃ​ពូជពង្ស​គ្រួសារ​នោះ​ក៏​បែប​នោះដែរ​។​

​ជារួម​មក ក្នុង​គោល​គំនិត​របស់​ដូនតា​ខ្មែរ លោក​បាន​បង្កប់​ការ​ទូន្មាន​យ៉ាង​ជ្រាលជ្រៅ ទៅដល់​បុគ្គល​គ្រប់រូប ឲ្យ​ស្គា​ល់ពី​តម្លៃ​នៃ​ការនិយាយស្ដី និង​ការរៀបចំ​ចរិត មារយាទ របស់ខ្លួន​ឲ្យ​ល្អ​ប្រពៃ​។ ដោយហេតុថា ពាក្យសម្ដី និង​ចរិត​មារយាទ​របស់​បុគ្គល​អាច​នាំ​ឲ្យ​មានការ​វាយតម្លៃ​រហូត​ដល់​កេរ្តិ៍ឈ្មោះ​ក្រុមគ្រួសារ ពូជពង្ស និង តម្លៃ​របស់​ជាតិ​ទាំងមូល​។​

​ការបកស្រាយ​ខាងលើ​គឺជា​អត្ថន័យ​នៃ​សុភាសិត​របស់​ដូនតា​ខ្មែរ ដែល​លោក​បានលើកឡើង ដើម្បី​អប់រំ​កូន​ខ្មែរ​។ ប៉ុន្តែ​នៅក្នុង​ការពិចារណា រមែងតែងតែ​មើលឃើញ​ពី​ចំណុច​អវិជ្ជមាន​នៃ​សុភាសិត​។ ភាពអវិជ្ជមាន​នោះ មិនមែន​មានន័យថា សុភាសិត​នោះ​មិន​ត្រឹមត្រូវ​ទេ ប៉ុន្តែ​គឺ​ការបារម្ភ​ពី​ការយល់ឃើញ​តែមួយ​ផ្លូវ នាំទៅរក​ការបកស្រាយ និង​ប្រើប្រាស់​សុភាសិត​មិនបាន​ត្រឹមត្រូវ​តាម​កាលៈទេសៈ​។​

​ជាក់ស្ដែង​ចំពោះ​សុភាសិត​ថា​«​សម្ដី​ស​ជាតិ មារយាទ​ស​ពូជ​» នេះ​បាន​ទុកចន្លោះ​ប្រហោង​ដើម្បី​ធ្វើការ​ពិចារណា​។ ចំណុច​ទីមួយ​គឺ​«​សម្ដី​ស​ជាតិ​» ពាក្យ​នេះ​មាន​លក្ខណៈ​សកល​ភាព​។ នោះ​គឺ​មានន័យថា ប្រសិនបើ​ការបកស្រាយ​មាន​លក្ខណៈ​ជា​អនុមានរួម នោះ​ប្រាកដជា​មិន​ត្រឹមត្រូវ​ទាំងស្រុង​ទេ ព្រោះថា ពេលខ្លះ​គេ​មិនអាច​លើកយក​សម្ដី​របស់​មនុស្ស​ម្នាក់ ឬ​មនុស្ស​មួយក្រុម ដែល​និយាយ​ល្អ ឬ​អាក្រក់ មក​បង្ហាញថា ជាតិ​មួយ​នោះ​ល្អ​ឬ​អាក្រក់​បានឡើយ​។ សម្ដី​របស់​បុគ្គល​ម្នាក់ ឬមួយ​ក្រុម វា​គ្រាន់តែ​បង្ហាញ​ពី​ជំហរ​របស់​ជន​នោះ​ឬ​ក្រុម​នោះ​តែប៉ុណ្ណោះ តែ​វា​មិនបាន​បង្ហាញ​ពី​ជំហរ​របស់​ជាតិ​មួយ​ឡើយ​។ នេះ​គឺជា​ចំណុច​ចន្លោះប្រហោង​ទីមួយ​។ រីឯ​ចំណុច​ទី​ពីរ​. គឺ​«​មារយាទ​ស​ពូជ​» វា​ជា​ការពិត​ជាក់ស្ដែង មារយាទ​គឺ​វា​បង្ហាញ​ពី​លក្ខណៈ​របស់​បុគ្គល​ហើយ​ជះឥទ្ធិពល​ទៅដល់​គ្រួសារ ឬ​ពូជពង្ស​។ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​នៅត្រង់ថា ជាទូទៅ​គេ​តែង​ចូលចិត្ត​ធ្វើការ​វិនិច្ឆ័យ​អ្វីមួយ ក្នុង​របៀប​ជា​អនុមានរួម ប៉ុន្តែ​មិន​ចូលចិត្ត​វិនិច្ឆយ​តាមបែប​អនុមានញែក​។ ចំពោះ​ពាក្យ​នេះ​វា​នឹងមិន​ត្រឹមត្រូវ​នៅពេលណា​ការបកស្រាយ ដោយ​ចាត់ទុកថា​មារយាទ​របស់​បុគ្គល​ម្នាក់ អាច​បញ្ជាក់​អំពី​មារយាទ​របស់​វង្ស​ត្រកូល​នៃ​គ្រួសារ​ណាមួយ​។ ដោយហេតុថា ចរិត មារយាទ​របស់​មនុស្ស​ម្នាក់ វា​គឺជា​លក្ខណៈសម្បត្តិ​របស់​បុគ្គល​ដោយឡែក មិនមែន​ភាព​រួម​នោះទេ​។ ក្នុងន័យនេះ គឺ​មានន័យថា សមាជិកគ្រួសារ​៥​នាក់ មាន​ម្នាក់​ចរិត​មារយាទ​មិនល្អ នោះ​ម្នាក់​នោះ​មិន​អាចមក​កំណត់ថា ពូជពង្ស​នោះ​គឺ អាក្រក់​ឡើយ​។​

​សរុបមក សុភាសិត​ដែល​ដូនតា​បាន​លើកឡើងថា «​សម្ដី​ស​ជាតិ មារយាទ​ស​ពូជ​» នេះ​គឺ​ទិសដៅ​សំខាន់​អប់រំ​កូនចៅ​ខ្មែរ​ឲ្យ​មានការ​យល់ដឹង​ពី​តម្លៃ​នៃ​ការនិយាយស្ដី និង​ឲ្យ​ស្គា​ល់ពី​ភាពថ្លៃថ្នូរ​របស់ខ្លួន​តា​មរយៈ​ឫកពារ​មារយាទ​របស់ខ្លួន​។ ព្រោះថា ទាំង​សម្ដី និង​មារយាទ វា​សុទ្ធតែ​នាំទៅរក​ការវាយតម្លៃ​ក្នុង​ផ្លូវ​វិជ្ជមាន ឬ​អវិជ្ជមាន​ចំពោះ​បុគ្គល ឈានដល់​គ្រួសារ និង​សង្គមជាតិ​។ តែ​ទោះជា​យ៉ាងណា សម្រាប់​អ្នក​គិតពិចារណា ក៏ត្រូវ​ដឹងផង​ដែរ​ថា សុភាសិត​នេះ​មិនអាច​យកទៅ​ប្រតិបត្តិ ឬ​បកស្រាយ​ក្នុង​រូបភាព​ជារួម​បានទេ តែ​ត្រូវ​គិត​ជា​លក្ខណៈ​បុគ្គល ព្រោះ​អាច​នាំ​ឲ្យ​មាន​កំហុស​ក្នុងការ​បកស្រាយ​៕


Tag:
 ​សុភាសិត​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com