ពីនេះ ពីនោះ
«​បើ​ចេះ ចេះ​ឲ្យ​គេ​កោត​! បើ​ឆោត ឆោត​ឲ្យ​គេ​អាណិត​!»៖ អប់រំ​មនុស្ស​ឲ្យ​ចេះ​ដាក់ខ្លួន និង​ស្គាល់​កាលៈទេសៈ
09, Jun 2016 , 7:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គ្រប់​សង្គមមនុស្ស មិនថាតែ​ក្រុង ស្រុកស្រែ​ចំការ ទីផ្សារ ប្រជុំជន តែងតែមាន​អ្នកមាន អ្នកក្រ អ្នកចេះដឹង និង​អ្នក​ឆោតល្ងង់​ជាដើម​។ ចំណែក​ជន​ទាំងនោះ​តែងតែ​ដឹកនាំ​ជីវិត​របស់​ពួកគេ​ទៅតាម​ផ្លូវ​ជីវិត​របស់​ខ្លួន​។ ប៉ុន្តែ​មាន​សុភាសិត​មួយ​បាន​លើកឡើងថា «​បើ​ចេះ ចេះ​ឲ្យ​គេ​កោត​! បើ​ឆោត ឆោត​ឲ្យ​គេ​អាណិត​!» បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​អប់រំ​កូន​ខ្មែរ ឲ្យ​មានតម្លៃ យល់ដឹង​ពី​គុណសម្បត្តិ​នៃ​ការចេះ​បន្ទាបខ្លួន និង​ចេះ​ស្គាល់​កាលៈទេសៈ ក្នុងការ​ដឹកនាំ​ជីវិត ដោយ​ភាពថ្លៃថ្នូរ និង​មានការ​ទទួលស្គាល់​ក្នុង​ផ្លូវ​ល្អ​ពី​អ្នក​ជុំវិញខ្លួន​។​



​ជាក់ស្ដែង​ណាស់​ចំពោះ​សុភាសិត​នេះ ត្រង់​ឃ្លា​ថា «​បើ​ចេះ ចេះ​ឲ្យ​គេ​កោត​» ប្រសិនបើ​គិត​ជា​លក្ខណៈសាមញ្ញ​គឺ​មានន័យថា ធ្វើយ៉ាងណា​ឲ្យ​គេ​សរសើរ​ចំពោះ​ចំណេះដឹង​ដែល​បុគ្គល​ខ្លួនឯង​មាន ក្នុងនាម​ជា​អ្នកចេះដឹង​មួយរូប​។ ប៉ុន្តែ​ប្រសិនបើ​គេ​គិតពិចារណា​ឲ្យ​ជ្រៅ​បន្តិច ដូនតា​ខ្មែរ​លោក​បាន​បង្កប់​អត្ថន័យ​ជាច្រើន​សម្រាប់​ការគិត ការវិភាគ​ចំពោះ​ឃ្លា​មួយ​នេះ​។ ឃ្លា​មួយ​នេះ​គេ​អាច​ទាញ​ទៅរក​សំណួរ​មួយ​សួរថា តើ​តម្លៃ​អ្នកចេះដឹង​នៅ​កន្លែង​ណា​? ជាការ​ពិត ភាពថ្លៃថ្នូរ របស់​អ្នកចេះដឹង មិន​ស្ថិតនៅត្រង់​ខ្លួន​បាន​សិក្សា​ខ្ពស់ ដល់​ថ្នាក់បណ្ឌិត ឬ​មកពី​សាលា​ល្បី មាន​សញ្ញាបត្រ​ខ្ពស់ នោះទេ​។ ព្រោះថា ទោះបី​មកពី​ប្រភព​ទាំងនោះ​ក៏ដោយ ប្រសិនបើ​គ្រាន់តែ​ជា​បុគ្គល​ចេះដឹង​មួយរូប តែ​គ្មាន​សីលធម៌ មិនចេះ​ឲ្យ​តម្លៃ​អ្នកដទៃ មាន​អំនួត អួត​ក្អេងក្អាង មាន​ឧបាយ​អាក្រក់ ធ្វើ​ឲ្យ​អ្នក​ជុំវិញខ្លួន​ទទួលរង​ការវិនាស​ដោយសារ​ខ្លួន បុគ្គល​នោះ​ក៏​គ្មាន​អ្នកណា​គេ​កោតសរសើរ​នោះដែរ​។ យ៉ាងណា «​បើ​ចេះ ចេះ​ឲ្យ​គេ​កោត​» ដូនតា​ខ្មែរ លោក​មិនមែន​គ្រាន់តែ សំដៅ​ដល់​ការចេះដឹង​ផ្នែក​ចំណេះ​ជំនាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ចង់​ឲ្យ​កូន​ខ្មែរ មានចំណេះ​ហើយ ត្រូវមាន​សេចក្ដីថ្លៃថ្នូរ​ក្នុង មាន​ក្រមសីលធម៌ មានតម្លៃ​ក្នុងនាម​ជា​អ្នកចេះដឹង និង​ចេះ​ដាក់ខ្លួន​ទៅតាម​សភា​ពនៃ​កាលៈទេសៈ​។ ន័យ​នេះ​គឺ​មានន័យថា អ្នកចេះដឹង​ត្រូវតែ​ជា​មនុស្ស​ចេះ​យល់​ការណ៍ ក្នុងការ​ប្រើប្រាស់​ចំណេះដឹង​របស់ខ្លួន តម្លៃ​របស់ខ្លួន ចំពោះ​មហាជន​ទូទៅ នោះ​ទើប​អាច​ទាញ​បានការ​កោតសរសើ​ពី​អ្នកដទៃ​។​

​យ៉ាងណាមិញ ឃ្លា​ថា​«​បើ​ឆោត ឆោត​ឲ្យ​គេ​អាណិត​» ឃ្លា​នេះ ដូនតា​ខ្មែរ លោក​បាន​ស្គាល់​យ៉ាងច្បាស់​ពីស​ភាព​របស់​មនុស្ស​ឆោតល្ងង់​។ ជាទូទៅ​មនុស្ស​ឆោតល្ងង់ គឺ​ចូលចិត្ត​អួត​ក្អេងក្អាង ចាត់ទុក​ខ្លួនឯង​ពូកែ ទាំង​មិន​ដឹងអី​។ ព្រោះតែ​កត្តា​នេះហើយ​បានជា​មនុស្ស​មានចំណេះដឹង​តិច​តូច​មួយចំនួន ជាពិសេស​អ្នក​ដែល​ឆោតល្ងង់​មួយចំនួន តែងតែ​មិន​ទទួលបាន​ការស្រឡាញ់​ពី​អ្នក​ជុំវិញខ្លួន និង​ការអាណិតអាសូរ​ពី​អ្នកដទៃ​។​

​ជារួម​មក សុភាសិត​ដែល​បាន​លើកឡើងថា «​បើ​ចេះ ចេះ​ឲ្យ​គេ​កោត​! បើ​ឆោត ឆោត​ឲ្យ​គេ​អាណិត​!»  គឺ​បានបង្ហាញ​ពី​វិធី​អប់រំ​មួយបែប របស់​ដូនតា​ខ្មែរ ចំពោះ​អ្នកចេះដឹង និង​អ្នក​ឆោតល្ងង់ ឲ្យ​យល់ច្បាស់​ពីស​ភាព​របស់ខ្លួន និង​និស្ស័យ​របស់ខ្លួន​ឲ្យ​បាន​ច្បាស់​៕


Tag:
 ​សុភាសិត​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com