ខ្មែរ​ក្រហម
ជាតិ
ឌុ​ច​ថា​ខ្លួន​ធ្វើតាម​បញ្ជា​ឲ្យ​«​កម្ទេច​គុក​ទួល​ស្លែ​ង‍​»​ព្រោះ​«​ភ័យ​ខ្លា​ច‍​»​ការ​បោសសំអាត​ផ្ទៃក្នុង​
09, Jun 2016 , 12:11 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច អតីត​ប្រធាន​មន្ទីរ​ស​-២១ ឬ គុក​ទួលស្លែង​ក្នុង​របប​ខ្មែរក្រហម បាន​អះអាង​បន្ថែម​នា​ថ្ងៃ​ពុធ​នេះ​ថា នួន ជា បងធំ​ទី​ពីរ​នៃ​របប​ខ្មៅ​ងងឹត​នេះ​បាន​បញ្ជា​ឲ្យ​ខ្លួន​កម្ទេច​មន្ទីរ​ស​-២១​នា​ចុងឆ្នាំ​១៩៧៦ ក្រោយ​ពេលដែល​ធ្វើការ​បោសសម្អាត​ផ្ទៃក្នុង​របស់​របប​អាវខ្មៅ​មួយ​នេះ​។ ឆ្លើយ​ចំពោះមុខ​ចៅក្រម​និង​អង្គជំនុំជម្រះ​នៃ​សាលាក្តី​ខ្មែរក្រហម ឌុ​ច​អះអាងថា ខ្លួនឯង​និង​ក្រុមគ្រួសារ​ក៏មាន​ការ​«​ភ័យខ្លាច​យ៉ាងខ្លាំង​» ចំពោះ​ការ​បោសសម្អាត​ផ្ទៃក្នុង​ផងដែរ​។​



​ក្នុង​សក្ខីកម្ម​របស់ខ្លួន នា​ថ្ងៃទី​ពីរ​នេះ ទណ្ឌិត កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច បាន​អះអាងថា ខ្លួន​ទទួលបញ្ជា​ពី នួន ជា ឲ្យ​«​កម្ទេច គុក​ទួលស្លែង​» និង​សម្លាប់​អ្នក​ជាប់ឃុំ​នៅ​ទីនោះ​ទាំងអស់​នៅក្នុង​នោះ  មុនពេល​ដែល កង​ទ​ព័​វៀតណាម​ចូលមក​ដល់​នា​ចុងឆ្នាំ​១៩៧៦​។​

​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ព្រះរាជអាជ្ញា​អន្តរជាតិ​ចំពោះ ជោគវាសនា​គ្រួសារ​និង​កូនៗ​របស់ ជន​ដែល​បញ្ជូន​មកកាន់​គុក​ដ៏​ខ្មៅ​ងងឹត​របស់ខ្លួន​យ៉ាងណា​នោះ ឌុ​ច​ឬ កាំ​ង ហ្កេ​ក​អ៊ា​វ​បានបញ្ជាក់​ដដែលៗ​ថា លោក​ធ្វើតាម​បញ្ជា​របស់​អង្គការ និង​ការចាត់តាំងរ​បស់បង​ធំ​ទី​ពីរ នួន ជា ក្នុងការ​កម្ទេច​ខ្មាំង​ទាំង​គ្រួសារ​។ យ៉ាងណាក៏ដោយ ឌុ​ច ថ្លែងថា ការងារ​ចុងក្រោយ​របស់លោក​ក្នុងការ​បោសសម្អាត​ផ្ទៃក្នុង​របស់​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ គឺ​សម្អាត​មន្ទីរ​ស​-២១ និង​អ្នកទោស​ទាំងអស់​។​

​ក្នុង​សម្លៀកបំពាក់​អាវ​ពណ៌​ស​និង​កោរសក់​ផង​នោះ ឌុ​ច​បាន​ថ្លែង​ក្នុង​តុលាការ​នា​ថ្ងៃ​ពុធ​នេះ យ៉ាង​ដូច្នេះ​ថា​៖
«​តាម​ការណែនាំ​របស់​ពូ​នួន​ឲ្យ​កម្ទេចចោល​ទាំងអស់​មុន​យួន​ចូល ហើយ​ពេល​ណឹ​ង​ខ្ញុំ​សុំ​ទុក​តែ​៤​នាក់​គត់​»​។​

​ថ្ងៃ​ពុធ​នេះ គឺជា​សក្ខីកម្ម​ថ្ងៃទី​ពីរ​ក្នុងចំណោម​៩​ថ្ងៃ​របស់​ទណ្ឌិត កាំ​ង ហ្កេ​ក​អ៊ា​វ ពាក់ព័ន្ធ​មន្ទីរ​សន្តិសុខ​និង​ការ​បោសសម្អាត​ផ្ទៃក្នុង ក្នុង​សំណុំរឿង​០០២ វគ្គ​០២ ប្រធានបទ​ទី​៤​។ ឌុ​ច​ធ្លាប់​ផ្តល់​សក្ខីកម្ម​ប្រឆាំងនឹង នួន ជា និង ខៀវ សំផន ក្នុង​តុលាការ​កាត់ទោស​ខ្មែរក្រហម​ម្តង​រួម​មកហើយ​នា​ឆ្នាំ ២០១២ ក្នុង​សំណុំរឿង​០០២ វគ្គ​១​។​

​សូមបញ្ជាក់​ផងដែរ​ថា កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច អតីត​ប្រធាន​មន្ទីរ​ស​-២១​ឬ​ទួលស្លែង​ក្នុង​របប​ខ្មែរក្រហម​ត្រូវ​តុលាការ​កាត់ទោស​ខ្មែរក្រហម ឬ ECCC ដាក់ទោស​អស់​មួយជីវិត នា​គុក​ខេត្តកណ្តាល​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ឆ្នាំ​១៩៤៩​។​

​នៅក្នុង​សវនាការ នា​ថ្ងៃ​ពុធ​នេះ ឌុ​ច ដែល​សព្វថ្ងៃ​មាន​វ័យ​៧៤​ឆ្នាំ ក៏បាន​បង្ហាញ​ពី​ភាព​«​ភ័យខ្លាច​» របស់ខ្លួន​នៅពេលដែល ក្បាលម៉ាស៊ីន​ដឹកនាំ​ខ្មែរក្រហម ចាប់ផ្តើម​ធ្វើការ​បោសសម្អាត​ផ្ទៃ​ក្នុងនោះ​។ ឌុ​ច​ដែល​ធ្លាប់ធ្វើ​ទារុណកម្ម​និង​សម្លាប់ មនុស្ស​ផ្តាច់​ពូជ យ៉ាងហោចណាស់​១២.០០០​នាក់ ក្នុង​គុក​ទួលស្លែង បាន​បង្ហាញថា ខ្លួន​គឺ​ទទួល​ការបញ្ជា​របស់​បក្សកុម្មុយនិស្ត​កម្ពុជា និង​ដោយផ្ទាល់​ពី នួន ជា​។​

​ឌុ​ច រៀបរាប់​ប្រាប់​សវនាការ​ថា​៖ «​ដល់​ចុងបញ្ចប់​នេះ ដែល​ពូ​នួន កាត់​ឲ្យ​ខ្ញុំ​កម្ទេច​មនុស្ស​ចេញ​ឲ្យ​អស់​ពីស​-២១​នេះ គឺ​ខ្ញុំ​ទន់​ជើង​ទន់​ដៃ លេង​ធ្វើការ​អី​កើត​។ ឈឺ​ដេក​នៅនឹងកន្លែង​។ ថ្ងៃ​ដែល​យួន​ចូល​មកដល់​ហ្នឹង គឺ​ខ្ញុំ​ឈឺ​។ ហ្នឹង​គឺ​វា​ភ័យ​អញ្ចឹង ហើយ​បើ​ប្រពន្ធ​ខ្ញុំ​វិញ គាត់​ថា​៖ ឲ្យ​តែ​ឃើញ​អង្គ​ការហៅ​ខ្ញុំ​ទៅធ្វើ​ការ គាត់​បុក​ពោះ ដល់​ឃើញ​ខ្ញុំ​ជិះ​ម៉ូតូ​មកវិញ បាន​គាត់​ស្វាង​។ គាត់​ថា​៖ បុក​ពោះ​ឡើង​អស់ហើយ​ព្រលឹង គាត់​ថា​៖ ដល់ពេល​ហើយ​អញ​។ ដូច្នេះ​ការសម្រិតសម្រាំង នៅពេលនោះ​គឺ​ប៉ះពាល់​អារម្មណ៍​មនុស្ស​មិនតិច​ទេ គឺ​ច្រើន​រួមទាំង​ខ្ញុំ​នឹង​ប្រពន្ធ​ខ្ញុំ​ផង​»​។​

​យ៉ាងណាក៏ដោយ​ឌុ​ច​អះអាងថា ខ្លួន​គឺជា​បង្គោល​តែមួយគត់​សម្រាប់​ការរស់រាន​រប​ស់​ក្រុមគ្រួសារ ហើយ​ប្រសិនបើ​ឌុ​ច​មិន​ធ្វើតាម​ការបញ្ជា​ពី​បក្សកុម្មុយនិស្ត​កម្ពុជា និង​ដោយផ្ទាល់​ពី​នួន ជា​នោះទេ គ្រួសារ​របស់ខ្លួន​ក៏មាន​ជោគវាសនា​ដូច​អ្នក​ដ៏​ទៀត ចំពោះ​ការកម្ទេច​ចុងក្រោយ​របស់​ពួក​ខ្មែរក្រហម​។​

​លោក ជុំ ម៉ី អតីត​អ្នកទោស​ក្នុង​គុក​ទួលស្លែង ដែល​ធ្លាប់​ធ្វើជា​សាក្សី​ប្រឆាំងនឹង​ឌុ​ច​ក្នុងពេល​កន្លងមក​នោះ បាន​ប្រាប់ VOA នា​ថ្ងៃ​ពុធ​នេះ​ថា លោក​ជឿជាក់​ចំពោះ​ការណ៍​ដែល​ឌុ​ច​ភ័យខ្លាច​និង​ធ្វើតាម​បញ្ជា​ថ្នាក់ដឹកនាំ​កំពូល​នៃ​បក្សកុម្មុយនិស្ត​កម្ពុជា​។​

​បើទោះជា​មាន​មន្ទិល​ចំពោះ​សក្ខីកម្ម​ឌុ​ច​យ៉ាងណាក៏ដោយ លោក ជុំ ម៉ី បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ជឿ​! ជឿថា នួន ជា បញ្ជា​ពី​ខាងលើ​ឲ្យ​ឌុ​ច​ធ្វើ អានេះ​គាត់​ធ្វើ ធ្វើតាម​បញ្ជា​មកពី​លើ​ដែរ​ហ្នឹង​បាទ​។ បើ​គាត់​មិន​ធ្វើ​! គឺ​ដូចជា ហ៊ឹម ហ៊ុយ អញ្ចឹង​ណា​ក្មួយ​។ ហ៊ឹម ហ៊ុយ ហ្នឹង​ឌុ​ច វា​បញ្ជា​ឲ្យ​សម្លាប់​គេ តែ​ហ៊ឹម ហ៊ុយ វា​ថា​មិន​ហ៊ាន​សម្លាប់​។ តែបើ ហ៊ឹម ហ៊ុយ ហ្នឹង​មិន​ហ៊ាន​សម្លាប់ ឌុ​ច ហ្នឹង​មិន​សម្លាប់ ហ៊ឹម ហ៊ុយ ហើយ ព្រោះ​ឌុ​ច​ហ្នឹង កាន់​កៃកាំភ្លើង​ទៅហើយ សួរថា​មិត្តឯង ដាច់ខាត​ឬ​មិន​ដាច់ខាត​។ តែ ហ៊ឹម ហ៊ុយ ថា​មិន​ដាច់ខាត ឌុ​ច​ហ្នឹង​បាញ់ ប៉ូង បាទ​! ទម្លាក់​ក្នុង​រណ្តៅ​ហ្នឹង​»​។​

​ទោះជា​យ៉ាងនេះ​ក៏ដោយ នួន ជា បងធំ​ទី​ពីរ​នៃ​របប​អាវខ្មៅ​នេះ ធ្លាប់បាន​ទាត់ចោល​និង​មិន​ទទួលខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ក្នុង​គុក​ទួលស្លែង​រួមទាំង ការបញ្ជា​ឲ្យ​ធ្វើ​ទារុណកម្ម​និង​សម្លាប់ អ្នកទោស​នៅ​ទីនោះ​។ ក៏ប៉ុន្តែ​ការទាត់ចោល​មិន​ទទួលខុសត្រូវ​របស់ នួន ជា ត្រូវ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច​ថា «​វា​មិន​មានន័យ​»​។​

​គេ​សង្កេតឃើញថា មិនមាន​វត្តមាន​រប​ស់បង​ធំ​ទី​ពីរ នួន ជា ចូល​ស្តាប់​ក្នុង​សវនាការ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ នោះទេ​។​

​លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ​នៃ​សាលាក្តី​ខ្មែរក្រហម ឬ ECCC បាន​ប្រាប់ VOA នា​ថ្ងៃ​ពុធ​នេះ​ថា​នួន ជា បាន​បោះបង់​សិទ្ធិ​មិន​ចូល​អង្គុយ ស្តាប់​ក្នុង​សវនាការ​ដោយ​អះអាង​ពី​សុខភាព​មិនល្អ​។ យ៉ាងណាក៏ដោយ​លោក នេត្រ ភក្ត្រា ថា នួន ជា គឺ​នៅ​តាមដាន​សវនាការ ក្នុង​បន្ទប់​សោតទស្សន៍​របស់​សាលាក្តី​ខ្មែរក្រហម​។​

​លោក នេត្រ ភក្ត្រា បញ្ជាក់ថា​៖ «​បើទោះបីជា​គាត់​មិន​ស្ថិតនៅក្នុង​បន្ទាប់ នៅក្នុង​សាល​សវនាការ​ខាងលើ ជួប​ហ្នឹង​សាក្សី​ឌុ​ច​ក៏ដោយ ក៏​គាត់​អាច​ស្តាប់ បន្ត​ការ​ស្តាប់ ការផ្តល់​សក្ខីកម្ម​រប​ស់​ឌុ​ច តាម​សោតទស្សន៍ ដែល​នៅក្នុង​បន្ទប់​ឃុំខ្លួន​នៅ​ខាងក្រោម​ហ្នឹង​បាន​។ ហើយ​បើ​គាត់​ចង់​មានការ​ថ្លែង ឬអី​យ៉ាងម៉េច គឺ​គាត់​អាច​ជូនដំណឹង​តាមរយៈ​មេធាវី​គាត់​មកកាន់​អង្គជំនុំជម្រះ​បាន បាទ​!»​។​

​មន្ត្រី​សាលាក្តី​ខ្មែរក្រហម​ដដែល​រូបនេះ បានបញ្ជាក់​ផងដែរ​ថា ក្រុម​មេធាវី​នៃ​ជនរងគ្រោះ​នឹង​អាចធ្វើ​ការសាកសួរ ឌុ​ច ឬ កាំ​ង ហ្កេ​ក​អ៊ា​វ ក្នុង​សវនាការ​បន្តទៀត នា​ថ្ងៃ​ខាងមុខ​ចំពោះ​ប្រធានបទ​ទី​៤ ដែល​ពាក់ព័ន្ធ​មន្ទីរ​សន្តិសុខ នឹង​ការ​បោសសម្អាត​ផ្ទៃក្នុង​។​

​របប​ខ្មែរក្រហម​ត្រូវបាន​គេ​ស្តីបន្ទោស​ថា បាន​កាប់សម្លាប់​ពលរ​ដ្ឋ​ខ្មែរ​ជាង​១​លាន​៧​សែន​នាក់​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​។ សាលាក្តី​កូនកាត់​មួយ​នេះ ទើបតែ កាត់ទោស​បាន​ជនជាប់ចោទ​ម្នាក់​គឺ​ដែលជា​ប្រធាន​គុក​ទួលស្លែង​គឺ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច តែ​ជនជាប់ចោទ​ដទៃទៀត​បា​ន​ស្លាប់ មុន​ការកាត់ទោស ហើយ​សព្វថ្ងៃ​នៅសល់តែ​មេដឹកនាំ​របប​នេះ តែ​ពីររូប​តែប៉ុណ្ណោះ ដែល​ប្រឈម​នឹង​ការកាត់ទោស គឺ នួន ជា អតីត​បងធំ​ទី​២ និង ខៀវ សំផន អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម ដែល​ស្ថិតក្នុង​សំណុំរឿង​០០២៕

​សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com