ពីនេះ ពីនោះ
ចង់​ទទួលបាន​រឿង​ពិត​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​?
10, Jun 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដើម្បី​រក្សាបាន​ការសហកា​រ​គ្នា​បានល្អ ការសម្រេចចិត្ត​ត្រូវ គឺ​ត្រូវការ​ជា​ចាំបាច់​ការទទួលបាន​ព័ត៌មាន​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ​។ ចំណែក វាសនា​ប្រជាពលរដ្ឋ អនាគត​សង្គមជាតិ ត្រូវការ​ជា​ចាំបាច់​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ព័ត៌មាន​ពិត សម្រាប់​ថ្នាក់ដឹកនាំ សម្រាប់​ប្រជាជន យកមក​ផ្ទៀងផ្ទាត់ ដើម្បី​ធ្វើ​សេចក្ដីសម្រេចចិត្ត​ណាមួយ​ក្នុង​បុព្វហេតុ​ផលប្រយោជន៍​ជាតិ​។​



​កន្លងទៅ​មានរឿង​ជាច្រើន​បាន​កើតមានឡើង​បង្ករ​ជា​បញ្ហា ជា​ទំនាស់ ប្រកាន់បក្ស ប្រកាន់​និន្នាការ​គឺ​ព្រោះតែ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត នាំ​ឲ្យ​ភាគី​នានា​ចេះតែ​មើលគ្នា​ក្នុង​គំនិត​មិន​ទុកចិត្ត​គ្នា​។ ចំណែក​ផ្នែក​អភិវឌ្ឍន​មួយចំនួន​វិញ ផ្ដល់​ទិន្នន័យ​មិន​ច្បាស់លាស់ ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ មិនបាន​សិក្សា​ឲ្យ​បានច្បាស់លាស់ ហើយ​ចេះតែ​សរសេរ​របាយការណ៍ ជូន​ថ្នាក់លើ​។ ចំណែក​បញ្ហា​ខ្លះ ថ្នាក់លើ​បញ្ជា​ឲ្យ​ថ្នាក់ក្រោម​សរសរ​ខុស​ដោយ​បំផ្លើស ឬ​បន្ថយ​ព័ត៌មាន ដើម្បី​ផលប្រយោជន៍​ណាមួយ ទីបំផុត​ពេល​រដ្ឋ​ដាក់​ការសម្រេចចិត្ត​អ្វីមួយ​ទៅ បញ្ហា​ចេះតែ​កើតមាន​មិនចេះចប់​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន ពលរដ្ឋ​និង​រដ្ឋាភិបាល​ជាដើម​។ តើ​បញ្ហា​នៅ​កន្លែង​ណា​? បញ្ហា​មួយ​ភាគ​ធំ​គឺ​មកពី​ព័ត៌មាន​មិន​ពិត​។

​ដូច្នេះហើយ បក​មក​គិតពី​រឿង​ជាតិ​វិញ គ្រប់ភាគី​ដែលមាន​អត្ថិភាព​ក្នុងសង្គម​មួយ​នេះ គួរ​នាំគ្នា​ផ្សាយ​ភាពស្មោះត្រង់​ឲ្យ​គ្នា ផ្ដល់នូវ​អ្វី​ដែលជា​តថភាព​ឲ្យ​គ្នា ដើម្បី​សេចក្ដីសុខ​ទាំងអស់គ្នា​ក្នុងនាម​ជា​ធាតុ​សង្គម​ដូចគ្នា​។ ជាពិសេស គឺ​ភាគី​ដែល​ធ្វើ​កិច្ចការ​ផ្នែក​ផ្សព្វផ្សាយ​ព័ត៌មាន​។ ដោយហេតុថា ព័ត៌មាន​ពិត ជា​មធ្យោបាយ​មួយ​ដ៏​ល្អប្រសើរ​បំផុត ក្នុងការ​កំណត់​ជោគវាសនា​ប្រទេសជាតិ ដោយ​ការគិត​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ មុននឹង​សម្រេចចិត្ត​ធ្វើ​អ្វីមួយ ចៀសវាង​នូវ​ការធ្វើ​សេចក្ដីសម្រេចចិត្ត​ណាមួយ ដែល​នាំ​ឲ្យ​ជាតិ​ប្រឈម​និង​វិនាសកម្ម​។​

​យ៉ាងណាមិញ នៅក្នុង​ការរៀបចំ​សង្គម ការអប់រំ ការដោះស្រាយ​បញ្ហានយោបាយ វា​គឺជា​ការ​លូកដៃ​ចូល​យ៉ាងសំខាន់​នៃ​ការផ្ដល់​ព័ត៌មាន ដែល​អាច​នាំ​ឲ្យ​មាន​តម្លាភាព គណនេយ្យភាព និង​អាច​នាំ​ឲ្យ​សេវាសាធារណៈ​កាន់តែ​ល្អ​ប្រសើរឡើង​សម្រាប់​ប្រជាជាតិ សន្តិភាព និង​ការអភិវឌ្ឍន​សង្គម​។ ហេតុនេះ ដើម្បី​ទទួលបាន​ព័ត៌មាន​ពិត​គឺ​មិនមែនជា​កាតព្វកិច្ច​ចំពោះតែ​អ្នកណាម្នាក់​នោះទេ ប៉ុន្តែ​គឺជា​កាតព្វកិច្ច​របស់​ម​នុស្ស​ទូទៅ​ក្នុងសង្គម ជាពិសេស​ភាគី​ស្ថាប័ន​ព័ត៌មាន​។​


© រក្សាសិទ្ធិដោយ thmeythmey.com