កីឡាជាតិ
ជាតិ
Keisuke Honda សន្យាថា​នឹង​ជួយ​កម្ពុជា​លើសពី​វិស័យ​កីឡាបាល់ទាត់​
11, Jun 2016 , 9:39 pm        
រូបភាព
ដោយ:
នាឱកាស​ចែករំលែក​បទពិសោធន៍​ល្អៗ​ដល់​សិស្សសាលា​វិទ្យាល័យ​ឥន្ទ្រ​ទេវី​កាលពី​ថ្ងៃទី​៩ ខែមិថុនា កីឡាករ​បាល់ទាត់​ដ៏​ឆ្នើម​របស់​ជប៉ុន Keisuke Honda មិន​ត្រឹម​តែមាន​គម្រោង​បើក​សាលា​បាល់ទាត់ HONDA’s SOLTILO SOCCER SCHOOL ដើម្បី​ជួយ​លើកស្ទួយ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ប៉ុណ្ណោះ​ទេ ព្រមទាំង​បាន​សន្យា ជួយ​លើកស្ទួយ​វិស័យ​អប់រំ និង​សង្គម​កម្ពុជា​ថែម​ទៀតផង​។​


​ស្រប​ពេលដែល Keisuke Honda មក​ទស្សនកិច្ច​កម្ពុជា​ក្នុង​គោលបំណង​ដើម្បី​ប្រកាស​បើក​សាលា​បាល់ទាត់ HONDA’S SOLTILO SOCCER SCHOOL ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ឲ្យ​ដូច​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អឺរ៉ុប តាមរយៈ​ការផ្តល់​ឱកាស​ឲ្យ​ក្មេងៗ​នៅ​កម្ពុជា​ទទួលបាន​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​ល្អៗ​មកពី​ជប៉ុន និង​អឺរ៉ុប​នោះ​។ កីឡាករ​ដែល​លេង​ឲ្យ​ក្លិប AC Milan របស់​អ៊ីតាលី​រូបនេះ​បាន​សន្យាថា នឹង​ជួយ​កម្ពុជា​លើ​វិស័យ​អប់រំ និង​វិស័យ​សង្គម​ផងដែរ​។​

​នា​ពិធី​ចែករំលែក​បទពិសោធន៍​ល្អៗ​ដល់​សិស្សសាលា​វិទ្យាល័យ​ឥន្ទ្រ​ទេវី តារាបាល់ទាត់​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​មក​ទី​មិន​ត្រឹមតែ​ជួយ​វិស័យ​កីឡាបាល់ទាត់​ប៉ុណ្ណោះ​ទេ ខ្ញុំ​នឹង​ផ្នែក​វិស័យ​អប់រំ និង​សង្គម តាមរយៈ​ការជួយ​យុវជន​កម្ពុជា​ដែលមាន​ការខ្វះខាត ជាពិសេស​គឺ​ការ​ចូលរៀន​នៅក្នុង​សាលា​របស់លោក​ដោយ​មិនបាច់​បង់ថ្លៃ ហើយ​ខ្ញុំ​នឹង​ជួយ​ផ្នែក​ផ្សេងៗ​ទៀត ប៉ុន្តែ​ខ្ញុំ​មិន​បញ្ជាក់​ពី​ទំហំ​ទឹកប្រាក់​នោះទេ​»​។​

​តាមរយៈ​ការចូល​ហ្វឹក​របស់​កីឡាករ​វ័យក្មេង​នេះដែរ Keisuke Honda នឹងធ្វើ​ការជ្រើសរើស​កី​ឡករ​កម្ពុជា​ដែលមាន​សមត្ថភាព​ដើម្បី​ឡើង​ទៅលេង​ក្នុង​ក្លិប​លំដាប់​ពិភពលោក ម្យ៉ាងទៀត​តាមរយៈ​ការបើក​សាលា​នេះ​លោក​នឹង​ឲ្យ​គ្រូបង្វឹក​ដែល​បង្វឹក​នៅក្នុង​សាលា​របស់លោក​ចែករំលែក​បទពិសោធន៍​ល្អៗ​ដល់​គ្រូបង្វឹក​កម្ពុជា​ទៀតផង ធ្វើ​ដូច្នេះ​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​សម្រេច​គោលបំណង​សម្រាប់​ឡើងទៅ​លេង​នៅ​អឺរ៉ុប​ជាដើម​។

​តារាបាល់ទាត់​លំដាប់​ពិភពលោក​រូបនេះ​បានកត់សម្គាល់​ឃើញថា វិស័យ​កីឡាបាល់ទាត់​កម្ពុជា​បច្ចុប្បន្ន​កំពុងមាន​ការរីកចម្រើន​ខ្លាំង ជាក់ស្តែង​លោក​បាន​ទស្សនាការ​ប្រកួត​ជម្រុះ​វគ្គ Play off ពានរង្វាន់ AFC Asian Cup 2019 ជាមួយ​ក្រុម​ឆាយ​នី​ស​តៃប៉ិ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។ ស្របពេល​នេះដែរ លោក​ក៏បាន​កត់សម្គាល់ឃើញ​ពី​ចំណុច​ខ្វះខាត​របស់​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ផងដែរ ហើយ​លោក​នឹង​ជួយ​បំពេញ​នូវ​រាល់​ចំណុច​ខ្វះខាត​ទាំងនោះ ដើម្បី​ជួយ​វិស័យនេះ​ឲ្យ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់ រហូត​ឈានដល់​កម្រិត​កំពូល​។ ហើយ​លោក​រំពឹងថា ១០​ឆ្នាំ​ទៀត​វិស័យ​បាល់ទាត់​កម្ពុជា​នឹងមាន​ការរីកចម្រើន​ដូច​ជប៉ុន និង​អឺរ៉ុប​។ 

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន Keisuke Honda បាន​បង្កើត​សាលា​បាល់ទាត់​ជាង​៦០​សាលា​ទៅហើយ ទាំង​នៅក្នុង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ដោយមាន​កូនសិស្ស​រាប់​ពាន់​នាក់​កំពុង​ហ្វឹកហាត់​ទីនោះ​។ កាលពីពេល​ថ្មី លោក បាន​ទិញ​ក្លិប​អាជីព​មួយ​ក្នុងប្រទេស​អូទ្រីស ប្រកបដោយ​ជោគជ័យ​ខ្ពស់ ហើយ​លោក​ក៏មាន​បំណង​ចង់​ទិញ​ក្លិប​នៅ​កម្ពុជា​ផងដែរ​។ ហើយ​លោក​ចង់យក​បទពិសោធ​ន៍​នៅ​អឺរ៉ុប​ទាំង​នោះមក​ចែករំលែក​ដល់​កម្ពុជា​។​

​ក្នុង​ធ្វើដំណើរ​មក​ទស្ស​កិច្ច​នៅ​កម្ពុជា​នេះដែរ Honda មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ការទទួល​ស្វាគមន៍ និង​គាំទ្រ​របស់​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​ឥន្ទ្រ​ទេវី ក៏ដូចជា​មន្ត្រី ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ដែលមាន លោក ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​ជា​តំណាង​។ ហើយ​ការដែល Honda មក​ទស្សនកិច្ច​នៅ​កម្ពុជា​នេះដែរ​តាមរយៈ​ការ​ស្គាល់ និង​ពិភាក្សា​ជាមួយ លោក ខៀវ សា​ម៉េ​ត បញ្ហា​ជួយ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​។​

​កីឡាករ​ក្លិប AC Milan របស់​អ៊ីតាលី​រូបនេះ បានផ្តល់​នូវ​ដំបូន្មាន​ជាច្រើន​ដល់​សិស្សសាលា​វិទ្យាល័យ​ឥន្ទ្រ​ទេវី ដោយ​លោក​ឲ្យ​សិស្ស​ទាំងនោះ​ត្រូវ​ចេះ​សម្លឹងមើល​កីឡាករ​ឆ្នើមៗ​នៅក្នុង​តំបន់​អាស៊ី ក៏ដូចជា​តំបន់​អឺរ៉ុប​ដែល​ខ្លួន​ចូលចិត្ត​ដើម្បី​អនុវត្តតាម ជាពិសេស​ត្រូវ​មានការ​អត់ធ្មត់ និង​ព្យាយាម​។ ហើយ​លោក​បាន​សន្យាថា នឹង​ជួយ​បង្ហាត់បង្រៀន​សិស្ស​ទាំងនោះ​ឲ្យ​ក្លាយជា​អ្នកលេង​ដ៏​ល្អ​ម្នាក់​ដែល​អាច​ទទួលយកបាន​៕    


Tag:
 បាល់ទាត់​
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com