ពីនេះ ពីនោះ
«បដិវត្តន៍» មានន័យដូចម្តេច?
× នៅក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ«បដិវត្តន៍»ជានាម ថា គឺជាការវិលត្រឡប់, ការប្រែប្រួល, ការកែប្រែ ឬផ្លាស់ប្តូរ។ នៅក្នុងវចនានុក្រមព្រះសង្ឃរាជបានបកស្រាយពាក្យនេះយ៉ាងដូច្នេះថា គឺជាការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវរបបគ្រប់គ្រងចាស់ ដែលមិនចម្រើនឲ្យបានចម្រើនលូតលាស់ទាន់កាលសម័យជាដើម, ការប្រព្រឹត្តិប្រឆាំងដោយកម្លាំងអាវុធចំពោះអំពើរំលោភ។ ឧទាហារណ៍ អំពើរំលោភត្រូវបានវិនាសសាបសូន្យដោយកម្លាំងនៃបដិវត្តន៍។
នៅក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ក៏បានពន្យល់ពាក្យ«បដិវត្ត»ជាកិរិយាសព្ទផងដែរថា ប្រព្រឹត្តប្រឆាំង, បង្វិលត្រឡប់, ប្រែប្រួល និងផ្លាស់ប្តូរ (របបគ្រប់គ្រងដើម្បីឲ្យបានច្រើន)ជាដើម។
រីឯ «បដិវត្តបុគ្គល» នៅក្នុងវចនានកុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ និងលើកជាឧទាហារណ៍យ៉ាងដូច្នេះថា គឺបុគ្គលអ្នករៀបចំកែប្រែលទ្ធិ ឬរបបគ្រប់គ្រងជាដើម ដើម្បីឲ្យបានសម្រេចច្រើនរុងរឿង។ ឧទាហរណ៍៖ គួរកោតសរសើរនូវព្យាយាមតស៊ូប្តូរផ្តាច់របស់បដិវត្តបុគ្គលអ្នកប្រព្រឹត្តសុចរិតទាំងឡាយ។ ព្រះសមណគោតមទ្រង់ជាបដិវត្តបុគ្គលផ្នែកខាងសាសនាល្បីល្បាញក្នុងប្រទេសឥណ្ឌា សម័យពុទ្ធកាលដោយទ្រង់បានបង្វិលធម្មចក្រឲ្យវិលទៅសព្វទិសទីដោយសន្តិវិធី៕
© រក្សាសិទ្ធិដោយ thmeythmey.com