កីឡាជាតិ
ជាតិ
ខេ​ម​បូ​ឌា​ន​លី​ក​៖ ២​ប្រកួត​នៅ​អូឡាំពិក ១​ប្រកួត​នៅ​ស្វាយរៀង និង RSN
12, Jun 2016 , 12:10 pm        
រូបភាព
ដោយ: ថ្មីៗ
​ការប្រកួត​កីឡាបាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៦ ឈានដល់​ការប្រកួត​បញ្ចប់​ជើង​ទីមួយ​នៅ​ថ្ងៃអាទិត្យ​នេះ ដោយ​ណាហ្គា​វើ​ល ជួប បឹងកេត​អង្គរ មុន​ជំនួប​រវាង​ព្រះខ័ន​រាជ​ស្វាយរៀង និង​អាស៊ី​អឺរ៉ុប ភ្នំពេញ​ក្រោ​ន និង​ស៊ីម៉ាក់ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ និង​ក្រសួងការពារជាតិ​។ កាលពី​ថ្ងៃ​សៅរ៍ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​វេ​ស្ទើ​ន​ភ្នំពេញ បានបញ្ចប់​ការប្រកួត​ក្នុង​លទ្ធផល​ស្មើ ២-២ ។​


​ការប្រកួត​សប្តាហ៍​ចុងក្រោយ​ជើង​ទីមួយ​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៦ នឹងមាន​ភាពស្វិតស្វាញ​ខ្លាំង​សម្រាប់​ក្រសួងការពារជាតិ និង​បឹងកេត​អង្គរ ខណៈ​ពួកគេ​ត្រូវការ​រក្សា​តំណែង​នៅលើ​កំពូល​តារាង​។​

​នៅវេលា​ម៉ោង​៣ និង​៣០​នាទី បឹងកេត​អង្គរ​ត្រូវ​តទល់​ជាមួយ​ណាហ្គា​វើ​ល នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ បឹងកេត​អង្គរ​ដែល​បច្ចុប្បន្ន​ស្ថិតនៅ​លេខ​២ និង​មាន​២១​ពិន្ទុ​ស្មើ​ក្រសួងការពារជាតិ រំពឹង​បោះជំហាន​ទៅមុខ​បន្ថែមទៀត ខណៈ​ណាហ្គា​វើ​ល ប្រឹង​ឈរ​ឲ្យ​នឹង​នៅ​ចំណាត់ថ្នាក់​លេខ​៣​បណ្តោះអាសន្ន ដោយ​បច្ចុប្បន្ន ពួកគេ​មាន​១៤​ពិន្ទុ​។​

​នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ដដែល ក្រសួងការពារជាតិ នឹង​ក្តោប​ក្តាប់​ឱកាស​ដើម្បី​រក្សា​តំណែង​លេខ​មួយ​បណ្តោះអាសន្ន ខណៈ​ពួកគេ​ត្រូវ​ជួប​ក្រុម​ដែល​កំពុង​ឡើង​ជើង ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​។ ថា​យ​ហ្គឺ​រ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៥​ដោយមាន​១៣​ពិន្ទុ​។​

​រីឯ​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​នា​វេលា​ម៉ោង​៦​ល្ងាច ក្រុម​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង ទទួលភ្ញៀវ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​។ ព្រះខ័ន​រាជ ស្ថិតនៅ​លេខ​៤​ដោយមាន​១៣​ពិន្ទុ​ស្មើ ថា​យ​ហ្គ​រ ខណៈ​អាស៊ី​អឺរ៉ុប នៅ​ចំណាត់ថ្នាក់​លេខ​៨ ដោយមាន​៥​ពិន្ទុ​។​

​ជំនួប​មួយគូ​ទៀត​នៅ​ម៉ោង​៦​ល្ងាច នឹង​ប្រព្រឹត្តទៅ​នៅ​កីឡដ្ឋាន RSN ខណៈ​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​ស្វាគមន៍​ស៊ីម៉ាក់​យូ​ណាយ​ធី​ត​ដោយ​ប្រឹង​លុបលាង​ការខកចិត្ត​ក្រោយ​ចាញ់​អាស៊ី​អឺរ៉ុប ២-០ ។ ភ្នំពេញ​ក្រោ​ន​ស្ថិតនៅ​លេខ​៦​ដោយមាន​១១​ពិន្ទុ រីឯ​ស៊ីម៉ាក់​នៅ​លេខ​៧​មាន​៧​ពិន្ទុ​។​

​កាលពី​ថ្ងៃ​សៅរ៍ ក្រុម​បាត​តារាង​ទាំងពីរ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​វេ​ស្ទើ​ន​ភ្នំពេញ រក្សា​កំណត់ត្រា​មិន​ស្គាល់​ឈ្នះ​ដូចគ្នា​សម្រាប់​ជើ់ង​ទីមួយ បន្ទាប់ពី​ពួកគេ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ។ ខ្សែប្រយុទ្ធ​ចំណូល​ថ្មី ណៃ អាសា​រី រកបាន​២​គ្រាប់​សម្រាប់​វេ​ស្ទើ​ន ខណៈ Lee Jae Jin និង​ទិ​ត្យ ឌី​ណា សម្រេចបាន​សម្រាប់​នគ​របាល​ជាតិ​។​

​កម្មវិធី​ប្រកួត​៖
​ណាហ្គា​វើ​ល ជួប បឹងកេត​អង្គរ (៣:៣០​នា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​)
​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ជួប ក្រសួងការពារជាតិ (៦​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​)
​ព្រះខ័ន​រាជ​ស្វាយរៀង ជួប អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត (៦​ល្ងាច នៅ​កីឡដ្ឋាន​ស្វាយរៀង​)
​ភ្នំពេញ​ក្រោ​ន ជួប ស៊ីម៉ាក់​យូ​ណាយ​ធី​ត (៦​ល្ងាច​នៅ​កីឡដ្ឋាន RSN)៕


Tag:
 ​បាល់ទាត់​
  ខេ​ម​បូ​ឌា​ន​លី​ក​
© រក្សាសិទ្ធិដោយ thmeythmey.com