កីឡាជាតិ
ជាតិ
បញ្ចប់​ជើង​ទី​១ ការពារជាតិ និង​បឹងកេត រក្សា​តំណែង​កំពូល​តារាង ខណៈ​នគរបាលជាតិ និង​វេ​ស្ទើ​ន មិន​ស្គាល់​ជាតិ​ឈ្នះ​
13, Jun 2016 , 12:00 pm        
រូបភាព
ដោយ:
 
​ការប្រកួត​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល ២០១៦ បាន​ប្រកួត​បញ្ចប់​ជើង​ទី​១​របស់ខ្លួន​កាលពី​ម្សិលមិញ ដោយ​ក្រុម​បឹងកេត​អង្គរ បាន​យកឈ្នះ​ក្រុម​ណាហ្គា​វើ​ល ២-១ ចំណែក​ក្រសួងការពារជាតិ​យកឈ្នះ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ២-១​។ ជ័យជម្នះ​នេះ​បានធ្វើ​ឲ្យ​ក្រុម​ទាំងពីរ​មាន​២៤​ពិន្ទុ​ស្មើគ្នា ប៉ុន្តែ​បើ​គិត​តាម​រូបមន្ត Head to Head ទ័ព​ឈរ​ក្នុង​លំដាប់​លេខ​១ ចំណែក​បឹងកេត​ឈរ​លំដាប់​លេខ​២ ទោះបី​បឹងកេត​មាន​គ្រាប់​បាល់​ចំណេញ​ច្រើនជាង​ក៏ដោយ​។​

 
​បន្ទាប់ពី​បញ្ចប់​ការប្រកួត​ជើង​ទី​១​កាលពី​ម្សិលមិញ ក្រុម​បឹងកេត​អង្គរ និង​ក្រុម​ក្រសួងការពារជាតិ នៅតែ​ក្លាយជា​ក្រុម​ខ្លាំង​នៅក្នុង​តារាង​ដែល​ត្រូវ​ប្រជែង​គ្នា​នៅ​ជើង​ទី​២​បន្តទៀត ដោយ​ក្រសួងការពារជាតិ​ឈរ​លំដាប់​លេខ​១ ចំណែក​បឹងកេត​អង្គរ​ឈរ​ក្នុង​លំដាប់​លេខ​២ ជាមួយ​២៤​ពិន្ទុ​ដូចគ្នា ទោះបី​បឹងកេត​មាន​គ្រាប់​បាល់​ចំណេញ​២៤​គ្រាប់ ក្រសួងការពារជាតិ​១៧​គ្រាប់​ក៏ដោយ ប៉ុន្តែ​គេ​គិត​តាម​រូបមន្ត Head to Head ដែល​បឹងកេត​បាន​ចាញ់​ក្រសួងការពារជាតិ​កាលពី​សប្តាហ៍​ទី​៤​។​
 
​សម្រាប់​ការប្រកួត​បញ្ចប់​ជើង​ទី​១​កាលពី​ម្សិលមិញ​នា​ពហុ​កីឡដ្ឋាន​ជាតិ​នៅ​នាទី​ទី​៥២ ប្រធាន​ក្រុម​បឹងកេត ឃួន ឡា​បូ​រ៉ាវី សម្រេចបាន​មួយគ្រា​ប់ មុន​ខ្សែប្រយុទ្ធ​វ័យក្មេង ចាន់ វឌ្ឍនាកា សម្រេច​មួយ​គ្រាប់​នៅ​នាទី​៥៨ ដើម្បី​ជួយ​ឲ្យ​បឹងកេត​អង្គរ​យកឈ្នះ​លើ​ក្រុម​ណាហ្គា​វើ​ល​ក្នុង​លទ្ធផល ២-១​។ ចំណែក​មួយ​គ្រាប់​របស់ ណាហ្គា​វើ​ល សម្រេច​ដោយ​កីឡាករ​ពាក់អាវ​លេខ​៤៥ ZOGBE GBAYORO ANDERSON នៅ​នាទី​ទី​៧៣​។ 
 
​ជាមួយគ្នានេះ ក្រសួងការពារជាតិ បាន​យកឈ្នះ​លើ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ២-១ ផងដែរ​។ ជ័យជម្នះ​របស់​ក្រសួងការពារជាតិ​នេះ គឺ​សម្រេចបាន​ដោយ​កីឡាករ​ជនជាតិ​កូរ៉េ CHOE MYONG HO តែ​ម្នាក់​ប៉ុណ្ណោះ នៅ​នាទី​ទី​៤០ និង​៥០ ខណៈ​មួយ​គ្រាប់​របស់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រស​ម្រេច​ដោយ​កីឡាករ​ពាក់អាវ​លេខ​៩ MURAMATSU TOMOKI នៅ​នាទី​៧ ។ CHOE ក៏​ក្លាយជា​កីឡាករ​ដំបូង​ផងដែរ ដែល​រក​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​រាល់​ការប្រកួត​នៅ​ជើង​ទីមួយ​។ បច្ចុប្បន្ន CHOE មាន​១៤​គ្រាប់ ខណៈ​វឌ្ឍនាកា មាន​១៣​គ្រាប់​។​
 
​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​កាលពី​ម្សិលមិញ​នេះដែរ ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​បាន​យកឈ្នះ​ក្រុម​ស៊ីម៉ាក់ ៤-២ ចំណែក ព្រះខ័ន​រាជ​ស្វាយរៀង បាន​លត់​ក្រុម អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ៤-០​។ ក្នុង​ជើង​ទី​១​នេះ ព្រះខ័ន​រាជ​ស្វាយរៀង ឈរ​ក្នុង​លំដាប់​លេខ​៣ ដោយមាន​១៦ ឬ​ឯណា​ហ្គា​វើ​ល ឈរ​លំដាប់​លេខ​៤ ដោយមាន​១៤ ខណៈ​ភ្នំពេញ​ក្រោ​ន​ឈរ​លំដាប់​លេខ​៥ ដោយមាន​១៤​ពិន្ទុ​។ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ឈរ​លំដាប់​៦ ដោយមាន​១៣​ពិន្ទុ ឬ​ឯ ស៊ីម៉ាក់ ឈរ​លេខ​រៀង​ទី​៧ ដោយមាន​៧​ពិន្ទុ ខណៈ​ក្រុម​អាស៊ី​អឺរ៉ុប ឈរ​លេខ​រៀង​ទី​៨ ដោយមាន​៥​ពិន្ទុ ចំណែក​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ឈរ​លេខ​រៀង​ទី​៩​ដោយមាន​៥ និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​ឈរ​នៅ​បាត់​តារាង​ជាមួយ​៤​ពិន្ទុ​។ ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ និង​វេ​ស្ទើ​ន​ភ្នំពេញ​ជា​ក្រុម​ដែល​មិន​ធ្លាប់​ស្គាល់​ពាក្យ​ថា​ឈ្នះ​សម្រាប់​ការប្រកួត​៩​ដង ក្នុង​ជើង​ទី​១​នេះ​៕   
 
 
  

Tag:
 បាល់ទាត់​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com