កីឡាជាតិ
ជាតិ
កីឡាករ​កាយសម្ព័ន្ធ​កម្ពុជា​៣​រូប និង​ចៅក្រម​មួយរូប​ចូលរួម World Championships នៅ​កូរ៉េខាងត្បូង​
13, Jun 2016 , 4:17 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​បញ្ជូន​កីឡាករ​ចំនួន​៣​រូប​(​ស្រី​១​រូប​) និង​ចៅក្រម​មួយរូប ដើម្បី​ចូលរួម​ប្រកួត និង​កាត់ក្តី​ជា​លើក​ទី​១​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក​ពិភពលោក​លើក​ទី​១៤ ក្នុង​ទីក្រុង INCHEON ប្រទេស​កូរ៉េខាងត្បូង​(14th Aerobic Gymnastics World Championships 2016) ចាប់ផ្តើម​ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៩ ខែមិថុនា​។​



​កីឡាករ​កីឡាការិនី​កាយសម្ព័ន្ធ​កម្ពុជា​ចំនួន​៣​រូប និង​ចៅក្រម​មួយរូប និង​ចូលរួម​ជា​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​ជើងឯក​ពិភពលោក​កីឡា​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក​លើក​ទី​១៤ (14th Aerobic Gymnastics World Championships 2016) នៅ​ទីក្រុង INCHEON សា​ធា​រៈ​រដ្ឋ​កូរ៉េខាងត្បូង​។ ការប្រកួត​នេះ​ក៏មាន​វត្តមាន​កាត់ក្តីរ​បស់​ចៅក្រម​កម្រិត​អន្តរជាតិ​របស់​កម្ពុជា​មួយរូប​ផងដែរ​។ កីឡាករ​កម្ពុជា​ទាំងនេះ​នឹងត្រូវ​ប្រជែង​ជាមួយ​កីឡាករ​កីឡាការិនី​ដែល​មកពី​បណ្តា​ប្រទេស​ជាច្រើន​នៅលើ​សកលលោក​។

​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​បាន​បញ្ជាក់ថា កីឡាករ​កម្ពុជា​ទាំងនោះ​រួមមាន​កីឡាករ  ជឿន ចាន់​បូរី និង​កីឡាករ សោ សុ​ផេង ដែល​ពួកគេ​ទាំងពីរ​ប្រកួត​លើ​វិញ្ញាសា​ឯកត្តជន​បុរស និង​កីឡាការិនី សោ សុ​គីម ប្រកួត​លើ​វិញ្ញាសា​ម៉ិច​គូ​។ ពួកគេ​ទាំងនេះ​នឹង​ប្រជែង​ជា​កីឡាករ​កីឡាការិនី​ជាង​មួយ​ពាន់​នាក់​ផ្សេងទៀត​ដែល​មកពី​៤៥​ប្រទេស​នៅលើ​ពិភពលោក​។ ការប្រកួត​នេះ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ក៏បាន​បញ្ជូន​ចៅក្រម​កម្រិត​អន្តរជាតិ​ម្នាក់​ដើម្បី​កាត់ក្តី​ផងដែរ គឺ លោក ស៊ុន ស្រ៊ន​។

​លោក ស៊ុន ស្រ៊ន គ្រូបង្វឹក​ក្រុម​ជម្រើស​កីឡា​កាយសម្ព័ន្ធ និង​ជា​បេក្ខភាព​ចៅក្រម​កាត់ក្តី​នៃ​ការប្រកួត​នេះ​បាន​បរិយាយ​ថា ទោះបីជា​នេះ​ជា​លើកទីមួយ​សម្រាប់​ការចូលរួម​របស់​កម្ពុ​ជា​ក៏ពិតមែន ប៉ុន្តែ​នេះ​ជា​លើក​ទី​៣​ហើយ​សម្រាប់​រូបលោក​ក្នុងការ​ធ្វើជា​ចៅក្រម​កាត់ក្តី​កម្រិត​អន្តរជាតិ​នេះ ដោយ​លើក​មុនៗ​នៅ​ចុងឆ្នាំ​២០១៣ និង​ចុងឆ្នាំ​២០១៥ ក្នុង​ក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​ដូចគ្នា​។​

​លោក​បាន​ក្លាយជា​ចៅក្រម​អន្តរជាតិ​តាំងពី​ឆ្នាំ​២០១៣ មកម្ល៉េះ​ដោយ​ធ្វើការ​ប្រឡង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ក្នុង​កម្រិត​៣ ប៉ុន្តែ​ដោយសារ​លោក​ជា​ចៅក្រម​ថ្មី​ដែល​មិនមាន​បទពិសោធន៍​សហ​ព័ន្ធ​អន្តរជាតិ​ទម្លាក់​លោក​មក​ត្រឹម​កម្រិត​៤ ដែលជា​កម្រិត​ទាប​បំផុត​។ មុននឹង​ក្លាយជា​ចៅក្រម​កម្រិត​អន្តរជាតិ​នេះ លោក​គឺជា​អតីត​កីឡាករ​កាយសម្ព័ន្ធ​តាំងពី​ឆ្នាំ​២០០២ ហើយ​បាន​ក្លាយជា​កីឡាករ​ជម្រើសជាតិ​ក្នុង​២០០៥ ដល់​ថ្ងៃទី​២០១៣​។​

​សម្រាប់​ការចូលរួម​លើក​ទី​១​នេះដែរ ប្រធាន​ប្រតិភូ​រូបនេះ​រំពឹងថា នឹង​ទទួលបាន​លទ្ធផល​ល្អ​ដើម្បី​បំបែក​ឯក​ត្ត​កម្ម​ដែល​បាន​ចូលរួម​នាពេល​កន្លងមក ជាពិសេស​សង្ឃឹមថា​កីឡាករ​កី​ល​ឡា​ការិនី​កម្ពុជា​ក៏ដូចជា​រូបលោក​ផ្ទាល់​នឹង​អាច​ស្រូបយក​នូវ​បទពិសោធន៍ និង​បច្ចេកទេស​ថ្មីៗ​ពី​បណ្តា​ប្រទេស​ចូលរួម​ទាំងនោះ​។

​លោក​លើកឡើងថា​៖«​ឬ​ឯ​លទ្ធផល​យើង​សង្ឃឹមថានឹង​អាច​បំបែក​ឯក​ត្ត​កម្ម​របស់​យើង​ពីមុនមក ក្នុងនាម​យើង​ជា​គ្រូ​កម្រិត​បច្ចេកទេស​យ៉ាងណា​យើង​ដឹង​ច្បាស់​ហើយ ប៉ុន្តែ​កីឡា​ប្រសិនបើ​យើង​ហាត់​ហើយ​មិន​ចូលរួម​ប្រកួត​ជា​ស្ថាប័ន​ផ្សេងៗ ឬ​ជា​លក្ខណៈ​អន្តរជាតិ​នោះទេ មានន័យថា​ដូច​កាំបិត​ដែល​សម្លៀង​ទុកចោល​អញ្ចឹង ដូច​វា​នៅតែ​អត់​មុត​ដដែល ដូច្នេះ​កីឡា​ក៏​ដូចគ្នា​អញ្ចឹង​ដែរ បើ​មិនបាន​ចូលរួម​ប្រកួត​ផ្សេងៗ​គឺ​មិនមាន​ការរីកចម្រើន​»​។

​ក្នុងចំណោម​ប្រទេស​ចូលរួម​ទាំង​៤៥ នោះ​ត្រូវបាន​លោក​អគ្គលេខាធិការ​រូបនេះ​បាន​វាយតម្លៃថា កម្ពុ​ជាមាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​ទៅនឹង​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី និង​ជាមួយ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​មួយចំនួន​ផងដែរ​។ ហើយ​ក្នុងចំណោម​ប្រទេស​ទាំងនោះ បារាំង អេ​ស្ប៉ា​ញ រ៉ូ​ម៉ា​នី ជប៉ុន កូរ៉េ និង​ចិន ជា​ប្រទេស​ដែលមាន​សមត្ថភាព​ដែល​កម្ពុជា​មានការ​ព្រួយបារម្ភ​។

​សម្រាប់​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​នេះ កម្ពុជា​នឹង​ទទួលបាន​នូវ​បទពិសោធន៍ និង​បច្ចេកទេស​លំដាប់​ពិភពលោក ជាពិសេស​កីឡាករ​កីឡាការិនី​នឺង​ទទួលបាន​ចំណេះដឹង​ពី​អ្វីដែល​ពិភពលោក​កំពុង​ធ្វើ​ក្នុង​វិស័យ​កីឡា​អា​អេ​រ៉ូ​ប៊ិក​មួយ​នេះ​។​

​លោក ណ​យ ផា​ណា បាន​រៀបរាប់ថា​៖«​ជាការ​ពិតណាស់​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក ដូច្នេះ​អ្វីដែល​យើង​ទទួលបាន​មកវិញ​ទីមួយ​គឺ​លក្ខណៈ​បច្ចេកទេស ទី​២​ទទួលបាន​ការផ្លាស់ប្តូ​រ​បទពិសោធន៍​ជា​លក្ខណៈ​ពិភពលោក និង​ទី​៣​គឺ​កីឡាករ​កីឡាការិនី​គាត់​បាន​មើលឃើញ​ពី​អ្វីដែល​ពិភពលោក​កំពុងដំណើរការ​បច្ចុប្បន្ន​នៅលើ​ពិភពលោក​នៃ​វិស័យ​កីឡា​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក​នេះ​»​។​

​គួរ​បញ្ជាក់ថា កីឡាករ​កីឡាការិនី​កាយសម្ព័ន្ធ និង​ចៅក្រម​ព្រមទាំង​គណ​ប្រិត​ភូ បាន​ចាក​ចេញពី​ភ្នំពេញ​ដើម្បី​ចូលរួម​ប្រកួត​នៅ​ប្រទេស​កូរ៉េ​កាលពី​យប់​ថ្ងៃទី​១២ ខែមិថុនា ម្សិលមិញ​នេះ ដោយ​គ្រោង​នឹង​មកដល់​កម្ពុជា​វិញ​នៅ​ថ្ងៃទី​២០ ខែមិថុនា ខាងមុខនេះ​៕  


Tag:
 កាយសម្ព័ន្ធ​
  ណ​យ ផា​ណា​
  World Championship 2016
© រក្សាសិទ្ធិដោយ thmeythmey.com