កីឡាជាតិ
ជាតិ
អ្នកចូលរួម​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ​
13, Jun 2016 , 7:39 pm        
រូបភាព
ដោយ:
​មនុស្ស​ជាង​៥០០០​នាក់ ក្នុងនោះ​បរទេស​ជិត​៥០០​នាក់ ដែល​មកពី​២៨​ប្រទេស បាន​ចូលរួម​ក្នុង​ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ ដើម្បី​អបអរ​បុណ្យចម្រើនព្រះជន្ម​ព្រះ​អគ្គមហេសី​វររាជ​មាតា​ជាតិខ្មែរ នរោត្តម មុន្នីនាថ សីហនុ និង​រត់​ដើម្បី​ទីក្រុង​ស្អាត ព្រមទាំង​រត់​ដើម្បី​មនុស្សធម៌​ប្រមូល​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ បើតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ចំនួន​អ្នកចូលរួម​រត់ប្រណាំង​កាលពី​ថ្ងៃអាទិត្យ មានការ​កើនឡើង​២០​ភាគរយ បើ​ប្រៀបធៀប​កាលពី​ឆ្នាំមុន​។​



​បន្ទាប់ពី​ប្រកួត​អស់​រយៈពេល​មួយ​ព្រឹក​ពេញ​នៅមុខ​ព្រះបរមរាជវាំង ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​លើក​ទី​៦ ដែលមាន​៣​ប្រភេទ​វិញ្ញាសា​ចូលរួមបាន​បញ្ចប់​ដោយ​ជោគជ័យ ក្នុងនោះ​ម្ចាស់​ជ័យលាភី​វិញ្ញាសា​រត់​ចម្ងាយ​៣​គីឡូម៉ែត្រ​ផ្នែក​បុរស​បាន​ទៅ​កីឡាករ ឈុន ប៊ុនថន ឬ​ឯ​លេខ​២ ពិសិដ្ឋ សេង ខណៈ​លេខ​៣ ម៉េង អេង​ចិន​។ ៣​គីឡូម៉ែត្រ​នារី​លេខ​១​បាន​ទៅ ផល រតនា ឬ​ឯ​លេខ​២ ញ៉ែម វុត្ថា និង​លេខ​៣ ប៊ុន រក្សា​។



​ដោយឡែក​វិញ្ញាសា​២១​គីឡូម៉ែត្រ​បុរស​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ Kuniaki Takizaki (NEKO) លេខ​២ ម៉ា វី​រ៉ូ និង​លេខ​៣ Tsubasa Nakamura ចំណែក​២១​គីឡូម៉ែត្រ​ផ្នែក​នារី ចំណាត់ថ្នាក់​លេខ​១ Jill Hamill ឬ​ឯ​លេខ​២ Veronique Massina និង​ចំណាត់​លេខ​៣​បាន​ទៅលើ​កីឡាការិនី​ជនជាតិ​បារាំង Caroline Girard​។    

​កីឡាករ​អត្តពលកម្ម​ជម្រើសជាតិ ម៉ា វី​រ៉ូ បានបង្ហាញ​ពី​ការ​ខកបំណង​បន្ទាប់ពី​ទទួលបាន​លទ្ធផល​មិន​ដូច​ទៅនឹង​អ្វីដែល​បាន​រំ​ពឺ​ង​ទុក ដោយ​រូបគេ​រំពឹងថា នឹង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ នៃ​ព្រឹត្តិការណ៍​ភ្នំពេញ​ពាក់កណ្តាល​ម៉ា​រ៉​តុង​លើក​ទី​៦ លើ​វិ​ញ្ញា​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ​។ ប៉ុន្តែ​រូបគេ​បែរជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​ទៅវិញ បន្ទាប់ពី​ចាញ់​កីឡាករ​ជម្រើសជាតិ​ជនជាតិ​ជប៉ុន សញ្ជាតិ​ខ្មែរ NEKO ដែល​បេក្ខភាព​ដែល​ត្រូវ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រទេស​ស៊ី​ល​ក្នុង​ខែសីហា ខាងមុខ ជាមួយ​កីឡាការិនី លី ណា​រី ដែល​កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​កេ​ន​យ៉ា​។​



​ទោះបីជា​យ៉ាងនេះ​ក្តី ម៉ា វី​រ៉ូ ទទួលស្គាល់ថា សន្ទុះ​នៃ​ការរត់​របស់​កីឡាករ NEKO មាន​ល្បឿន​លឿន និង​មាន​កម្លាំង​ខ្លាំង ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​រូបគេ​យល់ថា អាច​បណ្តាលមកពី​អាហារ​បំប៉ន និង​ការហ្វឹកហាត់ ព្រោះ​ថាមពល​របស់ខ្លួន​ឆាប់​អស់ ចំណែក NEKO មាន​ស្ថាន​ភាពខ្លាំង​ដដែល​។ ប៉ុន្តែ​ប្រសិនបើ​រត់​ក្នុង​ចម្ងាយ ១០​គីឡូម៉ែត្រ ប្រហែលជា​មិន​ឈ្នះ​រូបគេ​នោះទេ​។

​ជាមួយគ្នានេះ​កីឡាការិនី ហេង ម៉ី​ជូ ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​លើ​វិញ្ញាសា​រត់​ចម្ងាយ ១០​គីឡូម៉ែត្រ​បាន​សម្តែង​អារម្មណ៍​សប្បាយរីករាយ​ចំពោះ​លទ្ធផល​របស់ខ្លួន ប៉ុន្តែ​រូបគេ​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​សមត្ថភាព និង​បច្ចេកទេស​នៃ​ការរត់ ព្រោះ​ការទទួល​ចំណាត់ថ្នាក់​លេខ​១​នេះ បើ​ប្រៀបធៀប​ថេរវេលា​ទៅនឹង​ឆ្នាំមុន គឺមាន​ការថយចុះ​។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នៃ​ការធ្លាក់ចុះ​នេះដែរ រូបគេ​គិតថា​ប្រហែលជា​អាច​បណ្តាលមកពី​កម្មវិធី​នៃ​ការហ្វឹកហាត់ ប៉ុន្តែ​សម្រាប់​ពេលវេលា​នៃ​ការហ្វឹកហាត់​មិនមាន​បញ្ហា​នោះទេ ហើយ​រូបគេ​នឹងធ្វើ​ការផ្លាស់ប្តូរ​កម្មវិធី​ហ្វឹកហាត់​ម្តងទៀត​។



​វិញ្ញាសា​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​បុរស លេខ​១​បាន​ទៅ គៀង សាម៉ន ឬ​ឯ​លេខ​២ ផាន សុ​ភ័​ក្រ និង​លេខ​៣ កាំ​ង ធឿន​។ ចំណែក​១០​គីឡូម៉ែត្រ​នារី ម្ចាស់​ជ័យលាភី​បាន​ទៅ​កីឡាការិនី ហេង ម៉ី​ជូ ឬ​ឯ​លេខ​២ បាន​ទៅ Jenny Alexender និង​លេខ​៣ Luca Mira៕












Tag:
 ​ភ្នំពេញ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​
  ម៉ា វិ​រ៉ូ​
  NEKO
© រក្សាសិទ្ធិដោយ thmeythmey.com