ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សាយ ភូថង អតីតអនុប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​ ទទួលមរណភាព​ក្នុងអាយុ​៩៦​ឆ្នាំ
13, Jun 2016 , 9:22 pm        
រូបភាព
សម្តេច ហ៊ុន សែន ដឹកនាំប្រតិភូទៅសួរសុខទុក្ខលោក សាយ ភូថង កន្លងមក។ រូបថត ហ្វេសប៊ុក សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន ដឹកនាំប្រតិភូទៅសួរសុខទុក្ខលោក សាយ ភូថង កន្លងមក។ រូបថត ហ្វេសប៊ុក សម្តេច ហ៊ុន សែន
ដោយ: រួបរួម
លោក សាយ ភូថង សមាជិក​គណៈអចិន្ត្រៃយ៍គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​មរណភាព​នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា នេះ ដោយរោគាពាធ​ក្នុងអាយុ​៩៦​ឆ្នាំនៅ​ទីក្រុង​បាងកក ប្រទេសថៃ។ នេះ​បើតាម​ការ​បញ្ជាក់របស់​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈហ្វេសប៊ុក​របស់ខ្លួន។



ជាមួយ​នឹង​រូបថត​ជាច្រើនសន្លឹក សម្តេច ហ៊ុន សែន បាន​សរសេរថា កាលពីប៉ុន្មាន​ថ្ងៃមុន សម្តេច​បាន​ដឹកនាំ​ប្រតិភូទៅសួរសុខទុក្ខ​លោក សាយ ភូថង អតីតអនុប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ (អនុប្រធាន​រដ្ឋ) ដែល​សម្រាកព្យាបាលនៅទីក្រុង​បាងកក ប្រទេស​ថៃ។ ចំពោះ​មរណភាព​របស់​ព្រឹទ្ធចារ្យគណបក្ស​ប្រជាជនកម្ពុជារូបនេះ សម្តេច ហ៊ុន សែន សម្តែងការ​សោក​ស្តាយ​ខ្លាំងបំផុត ព្រោះលោក​ សាយ ភូថង ជាឥស្សរជន​ដ៏សំខាន់ម្នាក់​របស់​បក្សដែល​បាន​លះបង់ និងបូជាគ្រប់​យ៉ាង​ក្នុងការ​រំដោះប្រទេសពី​របបខ្មែរក្រហម។

ប្រធានគណបក្ស​កាន់អំណាច​បាន​លើក​ឡើង​យ៉ាងដូច្នេះថា៖ «នេះជាការ​បាត់បង់មេដឹកនាំ​ដ៏សំខាន់ម្នាក់​របស់​កម្ពុជា។ គុណ​បំណាច់ និងការលះបង់​ដ៏ឧត្តុង្គឧត្តមរបស់​លោកអ៊ំ សាយ ភូថង ចំពោះជាតិមាតុភូមិ គឺ​យើង​ទាំងអស់គ្នា​ចងចាំជានិច្ច»៕


Tag:
 សាយ ភូថង
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com