ជាតិ
មគ្គុទ្ទេសក៍​២០​រូប​ចេញទៅ​ម៉ា​កាវ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​វិស័យ​ទេសចរណ៍​
14, Jun 2016 , 10:36 am        
រូបភាព
​ក្រុម​មគ្គុទ្ទេសក៍​ចំនួន ២០​រូប ក្នុងនោះ​មាន​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​៤​រូប​ផង​នោះ បានចេញ​ដំណើរ​ទៅកាន់​ទីក្រុង​ម៉ា​កាវ សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ហើយ កាលពី​ថ្ងៃទី​១៣​មិថុនា​ម្សិលមិញ​។ ការចេញដំណើរ​នេះ គឺ​ដើម្បី​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ខ្លី​មួយ ស្តីពី​វិស័យ​ទេសចរណ៍ ដែល​រៀបចំឡើង​ដោយ អង្គការ​ទេសចរណ៍​ពិភពលោក ហៅ​កាត់​ថា UNWTO ។​



​កាល​ម្សិលមិញ គេ​ឃើញ​មាន​វត្តមាន​លោក សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជូន​ដំណើរ​ដល់​ក្រុម​មគ្គុទ្ទេសក៍​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ ក្នុងនោះដែរ លោក សុខ សង្វារ បាន​ផ្តាំផ្ញើ​ដល់​មគ្គុទ្ទេសក៍​ទាំងអស់ ដែល​ត្រូវ​ទៅ​បំពេញភារកិច្ច​នៅ​ទីក្រុង​ម៉ា​កាវ ត្រូវធ្វើ​យ៉ាងណា ក្រេប​យកចំណេះ​ដឹង និង​បទពិសោធន៍​ថ្មីៗ​ពី​វគ្គ​បណ្តុះបណ្តាល​នោះ សម្រាប់​មកប្រើប្រាស់​ក្នុងប្រទេស​កម្ពុជា​។ ជាងនេះទៅទៀត ក្រុម​មគ្គុទ្ទេសក៍ ត្រូវ​ចែករម្លែក និង​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ទៅដល់​បណ្តា​ប្រទេស​ផ្សេងៗ  ដើម្បី​ឲ្យ​ពួកគេ​កាន់តែច្បាស់​ពី​ប្រទេស​កម្ពុជា​។​

​គួររម្លឹកថា អាជា្ញធរ​ជាតិ​អប្សរា​បាន​សហការគ្នាជាមួយ​អង្គ​ការ​ទេសចរណ៍​ពិភព​ល​លោក​បានប្រកាស​ជូនដំណឹង​ប្រឡង​ជ្រើសរើស​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍ ដើម្បី​ទៅ​ចូលរួម​វគ្គប​ណ្តុះ បណ្តាល​ខ្លី​នៅ​ទីក្រុង​ម៉ា​កាវ សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦ ។ កិច្ចសហការ​នេះ​ក៏មាន​ការចូលរួម​ធ្វើជា គណៈកម្មការ​ជ្រើសរើស​ពី​សំណាក់​តំណាង​ក្រសួងទេសចរណ៍​និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ផងដែរ​។ ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​ទាំងអស់​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​ដោយ​ឥត​ថ្លៃ បូករួម​ទាំង​ការធ្វើដំណើរ និង​ការ​ស្នាក់នៅ ក្រោម​ការ​ឧបត្ថម​ពី​អង្គការ​ទេសចរណ៍​ពិភពលោក​ផងដែរ​៕


Tag:
 ​សង្គមជាតិ​
  មគ្គុទ្ទេសក៍​ទេសចរណ៍​
  UNWTO
  អាជ្ញាធរ​ជាតិ​អប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com