កីឡាជាតិ
ជាតិ
តើ​សៀមរាប​អង្គរ ស្វាយរៀង ឬ​នគរបាលជាតិ ដែល​ត្រូវ​ឡើង​ជាមួយ​ណាហ្គា​វើ​ល​?
15, Jun 2016 , 7:39 am        
រូបភាព
ដោយ:
 
​ការប្រកួត​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន លើ​កទ​១០ នឹងធ្វើ​ការប្រកួត​បញ្ច​ប់​ក្នុង​ពូ​ល C និង D នា​ល្ងាច​នេះ ដោយ ភ្នំពេញ​ក្រោ​ន ត្រូវ​ប្រជែង​ជាមួយ មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា ដើម្បី​ដណ្តើម​ឈរ​កំពូល​តារាង​ក្នុង​ពូ​ល C ខណៈ​សៀមរាប​អង្គរ ជួប ខេត្តស្វាយរៀង ក្នុង​ពូ​ល D ប៉ុន្តែ​វាសនា​ក្រុម​ទាំងពីរ​ក្នុងកា​ឡើងទៅ​វគ្គ​បន្ត​ស្ថិតនៅលើ​ក្រុម​ណាហ្គា​វើ​ល ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ អគ្គស្នងការ​នគរបាល​ជាតិ នា​ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

 
​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៦ សៀមរាប​អង្គរ​ត្រូវ​ប្រជែង​ជាមួយ​ខេត្តស្វាយរៀង​ក្នុង​ពូ​ល D នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​នា​លា្ង​ចនេះ ខណៈ​ក្រុម​ទាំងពីរ​ត្រូវការ​ឈ្នះ​ដូចគ្នា​ដើម្បី​រង់ចាំ​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ត ប៉ុន្តែ​វាសនា​ក្រុម​ទាំងពីរ​ត្រូវ​ពឹង​ផ្អែកលើ​ក្រុម​ណា​ហា​វើ​ល ប្រសិនបើ​ណាហ្គា​វើ​ល​ឈ្នះ​លើ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​) នោះ​ក្រុម​ទាំងពីរ​សៀមរាប​អង្គរ និង​ខេត្តស្វាយរៀង​មានសង្ឃឹម​ច្រើន​ក្នុងការ​ឡើងទៅ​វគ្គ​បន្ត​។​
 
​ជាមួយគ្នានេះ ក្រុមប៉ូលិស ក៏ត្រូវ​ការ​ឈ្នះ​ណាហ្គា​វើ​ល​ផងដែរ ដើម្បី​បាន​៣​ពិន្ទុ​បន្ថែម​សម្រាប់​ឡើងទៅ​វគ្គ​បន្ត ព្រោះ​បច្ចុប្បន្ន​ក្រុម​នេះ​មាន​៨​ពិន្ទុ ខណៈ​សៀ​បរាប​អង្គរ និង​ខេត្តស្វាយរៀង​មាន​៧​ពិន្ទុ ចំណែក​ណាហ្គា​វើ​ល​ជា​ក្រុម​ដែល​ត្រូវ​ឡើងទៅ​វគ្គ​បន្ត​មុនគេ​តំណាង​ពូ​ល D ដោយមាន​១២​ពិន្ទុ​។ ទន្ទឹមនឹងនេះ ក្រុម​ឈរ​នៅ​បាត​តារាង ខេត្តក្រចេះ និង​ខេត្តព្រះវិហារ ដែលជា​ក្រុម​មិន​ស្គាល់​ពាក្យ​ឈ្នះ នឹង​ប្រកួត​បង្គ្រប់កិច្ច​នៅក្នុង​ពូ​ល D ផងដែរ​។ 
 
​ចំណែក ក្រុម​ភ្នំពេញ​ក្រោ​ន នឹង​ប្រើ​កីឡដ្ឋាន RSN របស់ខ្លួន ដើម្បី​ប្រជែង​គ្នា​ជាមួយ​ក្រុម​ភ្ញៀវ​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​(​ស៊ីម៉ាក់​) ដើម្បី​ដណ្តើម​ឈរ​នៅ​កំពូល​តារាង​ក្នុង​ពូ​ល C ដោយ​ក្រុម​ទាំងពីរ​មាន​១២​ពិន្ទុ​ដូចគ្នា​បន្ទាប់ពី​ឆ្លងកាត់​៤​ប្រកួត​ឈ្នះ​ទាំង​៤​ប្រកួត និង​ជា​ក្រុម​ដែល​ត្រូវ​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ត​តំណាង​ឲ្យ​ពូ​ល C ផងដែរ​។​
 
​ក្នុង​ពូ​ល C ដដែល ក្រុម​ម្ចាស់​ផ្តះ ខេត្ត​ប៉ៃលិន ត្រូវ​ជួប​ប្រកួត​ជាមួយ ខេត្តកំពត ខណៈ​វេ​ស្ទើ​ន​ភ្នំពេញ ប្រើ​កីឡដ្ឋាន​វេ​ស្ទើ​ន របស់ខ្លួន ស្វាគមន៍​ក្រុម​ភ្ញៀវ ខេត្តកំពង់ស្ពឺ​។ គួរ​បញ្ជាក់ថា ការប្រកួត​ទាំងពីរ​គូ​នេះ គឺជា​ការប្រកួត​បង្គ្រប់​កិច្ច​ក្នុង​ពូ​ល C ប៉ុណ្ណោះ​៕ 
 
​កម្មវិធី​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្ងៃទី​១៥ ខែមិថុនា នេះ​៖
​ពូ​ល C៖
-​ម៉ោង​៣:៣០-​ខេត្ត​ប៉ៃលិន ជួប ខេត្តកំពត នៅ​កីឡដ្ឋាន​ខេត្ត​ប៉ៃលិន​
-​ម៉ោង​៣:៣០-​វេ​ស្ទើ​ន​ភ្នំពេញ ជួប ខេត្តកំពង់ស្ពឺ នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​
-​ម៉ោង​១៨:០០-​ភ្នំពេញ​ក្រោ​ន ជួប មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា នៅ​កីឡដ្ឋាន RSN
​ពូ​ល D៖
-​ម៉ោង​៣:៣០-​ខេត្តក្រចេះ ជួប ខេត្តព្រះវិហារ នៅ​កីឡដ្ឋាន​ខេត្តក្រចេះ​
-​ម៉ោង​៣:៣០-​សៀមរាប​អង្គរ ជួប ខេត្តស្វាយរៀង នៅ​ពហុ​កីឡដ្ឋាន​ខេត្តសៀមរាប​
-​ម៉ោង​១៨:០០-​ណាហ្គា​វើ​ល ជួប អគ្គស្នងការ​នគរបាល​ជាតិ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

Tag:
 បាល់ទាត់​
  Hun Sen Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com