ជាតិ
ក្រុមហ៊ុន​ចិន​កំពុង​សិក្សា​លទ្ធភាព​វិនិយោគ​នៅក្នុង​ខេត្តពោធិ៍សាត់​
15, Jun 2016 , 2:16 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកជំនួញ និង​មន្ត្រីជាន់ខ្ពស់​ជនជាតិ​ចិន​ជាង​១០​នាក់ បានធ្វើ​ដំណើរ​ទៅកាន់​ខេត្តពោធិ៍សាត់​កាលពីដើម​សប្តាហ៍​នេះ ដើម្បី​សិក្សា​លទ្ធភាព​បោះទុន​វិនិយោគ​។ អ្នកវិនិយោគ​ចិន​ទាំងនោះ មកពី​វិស័យ​ផ្សេងៗ​គ្នា​ដូចជា​៖ វិស័យ​កាត់ដេរ ចំណីអាហារ ឱសថ និង​កែច្នៃ​ម្សៅ​ឆា​។



​លោក អ៊ឹង គីម​លាង អភិបាលខេត្តរង​ខេត្តពោធិ៍សាត់ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​មក​ថា មន្ត្រីជាន់ខ្ពស់ និង​អ្នកជំនួញ​ជនជាតិ​ចិន​ជាង​១០​នាក់​នោះ មកពី​ខេត្ត​សាង​តុង​នៃ​ប្រទេស​ចិន​។ ក្រោយពី​ទស្សនកិច្ច​ខេត្តពោធិ៍សាត់​រួចហើយ ទាំង​អ្នកវិនិយោគ ទាំង​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ចិន បានបង្ហាញ​ឆន្ទៈ​ចង់​វិនិយោគ​ផង និង​ចង់​បង្កើន​ទំនាក់ទំនង​ល្អ​រវាង​ខេត្ត​ខ្មែរ និង​ខេត្ត​របស់​ចិន​ផង​។



​ក្រុមហ៊ុន​ចិន​ដែល​បានធ្វើ​ទស្សនកិច្ច​នៅក្នុង​ខេត្តពោធិ៍សាត់ បានបង្ហាញ​អារម្មណ៍​ចង់​វិនិយោគ​នៅក្នុង​ខេត្ត​មួយ​នេះ​មែន​។ តើ​ក្រុមហ៊ុន​ចិន​គ្រោង​បោះទុន​វិនិយោគ​នៅពេលណា ហើយ​ក្នុង​ទំហំ​ទឹកប្រាក់​ប៉ុន្មាន និង​ក្នុង​វិស័យ​អ្វីខ្លះ​?

​លោក អ៊ឹង គីម​លាង​, ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក​អភិបាលខេត្ត​ពោធិ៍សាត់ ម៉ៅ ថា​និ​ន​, បានបញ្ជាក់​ប្រាប់ថា ដំណាក់​កាលឥឡូវនេះ គឺជា​ដំណាក់​កាលដែល​ក្រុមហ៊ុន​ចិន​កំពុង​សិក្សា​លើ​គម្រោង​ដែល​នឹងត្រូវ​វិនិយោគ​នាពេល​អនាគត​។ អភិបាលខេត្តរង​រូបនេះ រំពឹងថា ក្រុមហ៊ុន​ចិន​អាច​នឹង​សម្រេចចិត្ត​បោះទុន​វិនិយោគ​នៅក្នុង​អំឡុង​ឆ្នាំ​២០១៦​នេះ​។ រីឯ ទាក់ទង​ទៅនឹង​ទំហំ​ទុន​វិនិយោគទុន​នោះ លោក​អភិបាលរង​ខេត្តពោធិ៍សាត់ មិនទាន់​អាច​បញ្ជាក់ប្រាប់​នៅឡើយ​ទេ​។ អ្វីដែល​លោក អ៊ឹង គីម​លាង អាចសន្និដ្ឋាន​បាន​នៅពេលនេះ គឺថា ក្រុមហ៊ុនកាត់ដេរ និង​ក្រុមហ៊ុន​ផលិត​ម្សៅ​ឆា​របស់​ចិន អាច​នឹង​បោះទុន​វិនិយោគ​មុនគេ​នៅក្នុង​ខេត្តពោធិ៍សាត់​។



​វត្តមាន​ក្រុមហ៊ុន​ចិន​នៅក្នុង​ខេត្ត​ពោធិ៍​ខេត្ត​នៅពេលនេះ ធ្វើ​ឲ្យ​មន្ត្រីជាន់ខ្ពស់​នៃ​ខេត្ត​ដែល​មិនសូវ​អភិវឌ្ឍ​មួយ​នេះ​សប្បាយចិត្ត​។ «​ការវិនិយោគ​នឹង​បង្កើត​ការងារ​ជូន​ពលរដ្ឋ​នៅក្នុង​ខេត្តពោធិ៍សាត់​, ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​កសិករ និង​ជួយ​កាត់បន្ថយ​ចលនា​ចំណាកស្រុក​របស់​បងប្អូន​នៅក្នុង​ខេត្តពោធិ៍សាត់​»​។ នេះ គឺជា​ការអត្ថាធិប្បាយរ​ប​ស់លោក អ៊ឹង គីម​លាង មុននឹង​លោក​បញ្ចប់​ដោយ​និយាយថា លោក​មិន​ត្រឹមតែ​ជំរុញ​អ្នកវិនិយោគ​ក្រៅប្រទេស​ឲ្យ​ចូលមកក្នុង​ខេត្តពោធិ៍សាត់​ប៉ុណ្ណោះ​ទេ​។ តែ​លោក​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងដូចម្តេច​ដើម្បី​ជំរុញ​គោលនយោបាយ​ភូមិ​មួយ ផលិតផល​មួយ​នៅក្នុង​ខេ​ត​ត្ត​ពោធិ៍សាត់​អោយទទួល​ជោគជ័យ មានន័យថា លោក​នឹង​រិះរក​មធ្យោបាយ​ជំរុញ​ផលិតផល​របស់​ខេត្ត​ឲ្យ​ចូល​ទៅកាន់​ទីផ្សារ​ជាមួយនឹង​តម្លៃ​សមរម្យ​។

​មានតែ​ការវិនិយោគ​ពី​ខាងក្រៅ​ប្រទេស និង​ការពង្រីក​ការវិនិយោគ​ពី​សំណាក់​អ្នកជំនួញ​ក្នុង​ខេត្ត​ប៉ុណ្ណោះ​ដែល​អាច​រុញច្រាន​ឲ្យ​ខេត្ត​មួយ​នេះ អាច​អភិវឌ្ឍ​ទៅមុខ​បាន​ឆាប់រហ័ស ដូច​ខេត្តបាត់ដំបង ខេត្តសៀមរាប កំពង់ចាម និង​ខេត្ត​ព្រះសីហនុ ឬ​ទីក្រុង​ភ្នំពេញ​៕


Tag:
 ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com