កីឡាជាតិ
ជាតិ
កីឡាករ​ជម្រើសជាតិ​កូរ៉េខាងជើង​២​នាក់ មក​ពង្រឹងកម្លាំង​ក្លិប​ក្រសួងការពារជាតិ​
15, Jun 2016 , 3:05 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ ខ្សែការពារ Jang Song-hyok ខ្សែប្រយុទ្ធ Ri Hyok-chol និង​លោក ខូវ ឆាយ អ្នកចាត់ការទូទៅ​ក្លិប​ក្រសួងការពារ។ រូបថត ហ្វេសប៊ុក Army FC
ពីឆ្វេងទៅស្តាំ៖ ខ្សែការពារ Jang Song-hyok ខ្សែប្រយុទ្ធ Ri Hyok-chol និង​លោក ខូវ ឆាយ អ្នកចាត់ការទូទៅ​ក្លិប​ក្រសួងការពារ។ រូបថត ហ្វេសប៊ុក Army FC
ដោយ:
ក្លិប​កីឡាបាល់ទាត់​ក្រសួងការពារជាតិ​ដែល​កំពុង​ឈរ​លេខ​មួយ​លើ​តារាង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​លី​ក​ឆ្នាំ​២០១៦ មានកំណត់​ត្រា​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​តាមរយៈ​ការ​នាំចូល​កីឡាករ​ជម្រើសជាតិ​កូរ៉េខាងជើង​រហូតដល់​ទៅ​២​នាក់ គឺ​ខ្សែប្រយុទ្ធ Ri Hyok-chol និង​ខ្សែការពារ Jang Song-hyok ដើម្បី​ពង្រឹង​ក្លិប​សម្រាប់​ការប្រកួត​ជើង​ទី​ពីរ​។ ជា​លើកទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​កម្ពុជា ដែល​ក្លិប​កម្ពុ​ជាមាន​កីឡាករ​បរទេស​ដែល​កំពុងមាន​ឈ្មោះ​ក្នុង​បញ្ជី​ក្រុម​ជម្រើសជាតិ​របស់​ពួកគេ​។​

 
​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ក្លិប​ក្រសួងការពារជាតិ បាន​អះអាង​កាលពី​ថ្ងៃទី​១៤ ខែមិថុនា ថា ពួកគេ​ទទួលបាន​កីឡាករ​ជម្រើសជាតិ​កូរ៉េខាងជើង​ពីរ​នាក់មក​រួម​ក្លិប​សម្រាប់​ការប្រកួត​ជើង​ទី​ពីរ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៦ ដោយ​ក្លិប​មាន​មហិច្ឆតា​ខ្ពស់​ក្នុង​ការលើក​ពាន​ក្របខណ្ឌ​កំពូល​ជា​លើកដំបូង​។​
 
Ri Hyok-chol និង Jang Song-hyok គឺជា​កីឡាករ​ដែល​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​កូរ៉េខាងជើង​នៅឡើយ​។ Ri Hyok-chol ដែល​ត្រូវ​ពាក់​លេខ​៣៣​សម្រាប់​ក្រសួងការពារជាតិ បាន​ជាប់​ក្នុង​ជម្រើសជាតិ​កូរ៉េខាងជើង​តាំងពី​ឆ្នាំ​២០០៤​មក ដោយបាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​៧​គ្រាប់​ក្នុងចំណោម​ការបង្ហាញ​ខ្លួន​ជិត​២០​លើក​។ 
 
​មុន​មកកាន់​ក្លិប​ក្រសួងការពារជាតិ Ri Hyok-chol បាន​ចំណាយពេល​ពី​រដូវ​កាល​នៅ​ក្លិប Rimyongs Sports Club នៃ​ក្របខណ្ឌ DPR Korea League​។ ក្នុងការ​ប្រកួត​ជម្រុះ World Cup ខ្សែប្រយុទ្ធ Ri Hyok-chol ក៏បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​៣​គ្រាប់​ផងដែរ ដោយ​១​គ្រាប់​នា​ជ័យជម្នះ ៤-១ លើ​ថៃ កាលពី​ឆ្នាំ​២០០៤ ១​គ្រាប់​នា​ជ័យ​លើ​អ៊ូ​បេ​គី​ស្ថាន ៤-២ នៅ​ព្យុងយ៉ាង និង​១​គ្រាប់​នា​បរាជ័យ ៣-១ ដោយសារ​អ៊ូ​បេ​គី​ស្ថាន​វិញ នៅ​ក្រុង Tashkent កាលពី​ឆ្នាំ​២០១៥ ។ នា​ជំនួប​វគ្គ​ជម្រុះ ជាមួយ​ហ្វីលីពីន​កាលពី​ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ​២០១៦ Ri Hyok-chol ក៏​ស្ថិតក្នុង​ជម្រើស​ដំបូង​របស់​កូរ៉េខាងជើង​ដែល​ដឹកនាំ​ដោយ​លោក Kim Chang-bok ផងដែរ​។​
 
 រីឯ​ខ្សែការពារ Jang Song-hyok អាយុ​២៥​ឆ្នាំ បាន​លេង​ឲ្យ​ក្លិប Rimyongs Sports Club ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៦ ។ Song-hyok ជា​សមាជិក​ឈុត U-20 World Cup របស់​កូរ៉េខាងជើង​កាលពី​ឆ្នាំ​២០១១ ។ កំណត់ត្រា​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នោះ ខ្សែការពារ​រូបនេះ បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី ៨៧ ដើម្បី​នាំ​ឲ្យ​កូរ៉េខាងជើង​ឈ្នះ​តួ​កមេ​នី​ស្ថាន ២-១ នៅ​ទីក្រុង Kathmandu ប្រទេស​នេ​ប៉ាល់ ដើម្បី​លើក​ពាន AFC Challenge Cup ឆ្នាំ​២០១២ ។​
 
​នា​ការប្រកួត​វគ្គ​ជម្រុះ World Cup កាលពី​ឆ្នាំ​២០១២ Song-hyong បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ចូល ក្នុងជំនួប​ស្មើ ១-១ ជាមួយ​តា​ហ្ស៊ី​គី​ស្ថាន នៅ​កីឡដ្ឋាន 20 Years of Independence Tajikistan​។ នា​រយៈ​ចុង​ក្រោយនេះ Song-hyong មិន​ទទួលបាន​ការកោះហៅ​ពី​គ្រួ​បង្វឹក​ក្រុម​ជម្រើសជាតិ​ឡើយ​។ សម្រាប់​ក្រុម​ក្រសួងការពារជាតិ Song-hyong នឹង​ពាក់​លេខ​៣៤ ។​
 
​កីឡាករ​ទាំងពីរ​នាក់​បាន​មកដល់​កម្ពុជា​ហើយ​នៅ​យប់​នេះ ដោយ​ត្រូវ​ចូលរួម​ជាមួយ​មិត្ត​រួម​ជាតិ​ខ្លួន​ពីរ​នាក់​ទៀត​ដែល​ស្ថិតនៅក្នុង​ក្រសួងការពារជាតិ​ស្រាប់ ដែល​ក្នុងនោះ មាន​ខ្សែប្រយុទ្ធ Choe Myong-ho ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​រាល់​ការប្រកួត​ក្នុង​ជើង​ទីមួយ ដោយមាន​សរុប​១៤​គ្រាប់​នាំមុខគេ​លើ​តារាង និង​ខ្សែបម្រើ Kim Kyong-hon ដែលមាន​៤​គ្រាប់​នៅក្នុង​ដៃ​ផងដែរ​។​
 
​លោក ខូវ ឆាយ អ្នកចាត់ការ​ទូទៅ​ក្លិប​ក្រសួងការពារជាតិ​បាន​ប្រាប់​ពី​គោលបំណង​ថា ការ​នាំចូល​កីឡាករ​ជើង​ខ្លាំង​ជនជាតិ​កូរ៉េខាងជើង​ទាំងពីរ​នាក់​នេះ​ដោយសារ​ក្រសួងការពារជាតិ​ចង់​សាង​ប្រវត្តិសាស្ត្រ​ល្អ​សម្រាប់​ក្លិប​តាមរយៈ​ការលើក​ពាន​ក្របខណ្ឌ​លី​កនៅ​ក្នុងឆ្នាំនេះ ម្យ៉ាងទៀត​ចង់​ឲ្យ​ក្លិប​របស់ខ្លួន​បន្ត​ឈរ​លំដាប់​លេខ​១​នៅក្នុង​ជុំ​ទី​២ ទោះបី​ជុំ​ទី​១​ខ្លួន​ឈរ​លំដាប់​លេខ​១​ក៏ដោយ ប៉ុន្តែ​ដោយសារ​មាន​ក្រុម​បឹងកេត​តាម​ប្រកៀក​ប្រកិត​នឹង​ក្រុម​របស់ខ្លួន​។​
 
​លោក​បាន​បញ្ជាក់ថា​៖«​ការ​នាំចូល​កីឡាករ​ជនជាតិ​កូរ៉េខាងជើង​ពីរ​នាក់​នេះ គោលបំណង​ធំ​គឺ​ចង់​ឲ្យ​ក្រុម​ក្រសួងការពារជាតិ​លើក​ពាន​នៅ​ឆ្នាំនេះ ដើម្បី​បំបែក​ឯក​ត្ត​កម្ម​ជូន​ក្លិប​ក្រសួងការពារជាតិ ព្រោះ​បច្ចុប្បន្ន​យើង​ឃើញ​ហើយ​ថា បឹងកេត​អង្គរ​កំពុង​តាម​ប្រកៀក​ប្រកិត​យើង​»​។​
 
​លោក ខូវ ឆាយ បាន​បញ្ជាក់ថា កីឡាករ​កូរ៉េខាងជើង​ទាំងពីរ​នេះ​បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​ក្រសួងការពារជាតិ​រយៈ​ពេល​២​ឆ្នាំ​។​
 
​ដោយសារ​បច្ចុប្បន្ន​ក្លិប​ក្រសួងការពារជាតិ​មាន​កីឡាករ​បរទេស​រហូត​ដល់​៤​នាក់ ហើយ​សម្រាប់​ការចូល​ថ្មី​២​នាក់​បន្ថែម​នេះ​វា​ធ្វើ​ក្លិប​មួយ​នេះ​មាន​កីឡាករ​បរទេស​រហូត​ដល់​៦​នាក់​។ ប៉ុន្តែ​បើតាម​ច្បាប់​នៃ​ការប្រកួត​ក្រម​ខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក គឺ​ក្លិប​មួយ​តម្រូវ​ឲ្យ​មាន​កីឡាករ​បរទេស​តែ​៥​នាក់​ប៉ុណ្ណោះ ពោលគឺ​ក្រសួងការពារជាតិ​មាន​កីឡាករ​បរទេស​លើស​ម្នាក់​។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក ខូវ ឆាយ បាន​បកស្រាយ​ថា​៖«​ការបន្ថែម​កីឡាករ​ជនជាតិ​កូរ៉េខាងជើង​ទាំងពីរ​នាក់​នេះ ដើម្បី​យើង​ជំនួស​កីឡាករ​ជនជាតិ​ជប៉ុន Kazu Yanagidat ដែល​ត្រូវ​ទៅលេង​ឲ្យ​ក្លិប​ស៊ីម៉ាក់​»​។  
 
​ជាមួយគ្នានេះ អ្នកចាត់ការ​ទូទៅ​ក្លិប​ក្រសួងការពារជាតិ បាន​ប្រាប់​ពី​មូលហេតុ​ដែល​អាច​នាំចូល​កីឡាករ​ជនជាតិ​ជប៉ុន​ទាំងពីរ​នាក់​នេះ​ថា ដោយសារ លោក មាន​ទំនាក់ទំនង​ការទូត​ល្អ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កូរ៉េខាងជើង ក៏ដូចជា​រដ្ឋាភិបាល​កូរ៉េខាងជើង ជាពិសេស​កាលពី​ខែតុលា ឆ្នាំ​២០១៥ លោក​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាងជើង ហើយ​លោក​ក៏បាន​ពិភាក្សា​ពី​បញ្ហា​នេះ​ផងដែរ ហើយ​លោក​បាន​បញ្ជាក់ថា​៖«​ការនាំ​មកនេះ​មិនមែន​ដោយសារ​យើង​លុយ​ច្រើន​នោះទេ គឺ​ដោយសារ​យើង​មាន​ទំនាក់ទំនង​ការទូត​ល្អ ព្រោះ​ប្រទេស​កូរ៉េខាងជើង​ជា​ប្រទេស​កុ​ម្មុយ​នី​ស​គេ​មិនសូវ​ផ្តោត​សំខាន់​ទៅលើ​លុយ​នោះទេ​»៕  
SaveSaveSave

Tag:
 បាល់ទាត់​
  ខេ​ម​បូ​ឌា​ន​លី​ក​
 ​ខូវ ឆាយ​
  ក្រសួងការពារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com