ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ស្នើ​ឲ្យ​ប្រមុខរដ្ឋ​វៀតណាម បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ភាគី​ទាំងពីរ
15, Jun 2016 , 7:27 pm        
រូបភាព
ដោយ: ថ្មីៗ
សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក ត្រិ​ន ដាយ​ក្វាង (Tran Dai Quang ) ប្រធាន​រដ្ឋ នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម នៅ​វិមាន​សន្តិភាព។ ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​ជា​លើកដំបូង​របស់លោក ត្រឹ​ន ដាយ​ក្វាង ពេលនេះ​គឺ​ដើម្បី​បញ្ជាក់​អំពី​ជំហរ និង​គោលការណ៍​នៃ​ទំនាក់ទំនង សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ។



បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន ក្នុងជំនួប​ពិភាក្សាគ្នា​នោះ សម្ដេច​បានស្នើ​ឲ្យ​ប្រធាន​រដ្ឋ​វៀតណាម បន្ត​ជុំរុញ​កិច្ចពិភាក្សា​លើ​បញ្ហា​ត​ភ្ជាប់​ខាង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត។ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​ស្នើ​ឲ្យ​ភាគី​វៀតណាម រៀបចំ​នូវ​កម្មវិធី​មួយចំនួន​ដូចជា​សកម្មភាព​ប្រតិបត្តិការ​សង្គ្រោះបន្ទាន់​នៅតាម​ព្រំដែន ការប្រកួតប្រជែង​កីឡា និង​ការសម្តែង​សិល្បៈ​មិត្តភាព ដើម្បី​ពង្រឹង​មិត្តភាព​នៃ​ប្រទេស​ទាំងពីរ​ផងដែរ។

ជាការ​ឆ្លើយតប​លោក ត្រិ​ន ដាយ​ក្វាង ឯកភាព​ចំពោះ​ការស្នើ​របស់​សម្តេច ហ៊ុន សែន ដោយ​លោក​សន្យា​ខិតខំ​ជុំរុញ​កិច្ចសហប្រតិបត្តិការ​នេះ​ឲ្យ​បានទទួល​ជោគជ័យ​ដែល​នាំមក​នូវ​ផល​ប្រ​យោ​ជ​ន៌​សម្រាប់​ប្រជាជាតិ​ទាំងពីរ។ ជាមួយគ្នានេះ ប្រមុខរដ្ឋ​វៀតណាម ក៏បាន​គោរព​អញ្ជើញ សម្តេច ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​វិញ​ផងដែរ។ នាយករដ្ឋមន្ត្រី ហ៊ុន សែន យល់ព្រម​បានទទួល​យក​នូវ​ការអញ្ជើញ​របស់លោក ត្រិ​ន ដាយ​ក្វាង  ។

ក្រៅពី​ជួប​ជាមួយ​សម្ដេច ហ៊ុន សែន នេះ​លោក ត្រិ​ន ដាយ​ក្វាង ក៏បាន​ចូលជួប​ជាមួយ​ប្រធានព្រឹទ្ធសភា សម្ដេច សាយ ឈុំ ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន មុននឹង​ចូល​ក្រាបបង្គំ​គាល់​ព្រះមហា​ស​ក្សត្រ​នរោត្តម សីហមុនី។

គួរ​បញ្ជាក់ថា ប្រធាន​រដ្ឋ នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម​លោក ត្រិ​ន ដាយ​ក្វាង មក​បំពេញ​ទស្សនកិច្ច​នៅ​ក​ម្ព​ជា​ចាប់ពី​ថ្ងៃទី ១៤-១៦ មិថុនា។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ប្រធាន​រដ្ឋ នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ក៏បាន​រៀបចំ​អំណោយ​ថវិកា​ចំនួន ១លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​អគារ​ហ្វឹកហ្វឺន​វិជ្ជាជីវៈ​នៅ​ខេត្តព្រៃវែង​ទៀតផង។ នេះបើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន៕



Tag:
 ហ៊ុន សែន
 ត្រិ​ន ដាយ​ក្វាង
© រក្សាសិទ្ធិដោយ thmeythmey.com