កីឡាជាតិ
ជាតិ
គ្រូបង្វឹក​កម្រិត​១​ប្តេជ្ញាចិត្ត​អភិវឌ្ឍន៍​កីឡា​វាយ​សី​ក្រោយ​ទទួលបាន​ការបណ្តុះបណ្តាល​ពី​គ្រូឧទ្ទេស​ម៉ាឡេស៊ី​
16, Jun 2016 , 5:39 pm        
រូបភាព
ដោយ:
​គ្រូបង្វឹក​កីឡា​វាយ​សី​កម្ពុជា​ជាច្រើនរូប​បន្ទាប់ពី​ទទួលបាន​ការបណ្តុះបណ្តាល​វគ្គ​គ្រូ​កម្រិត​ម​១​ពី​គ្រូឧទ្ទេស​ជនជាតិ​ម៉ាឡេស៊ី មកពី​សហព័ន្ធ​កីឡា​វាយ​សី​អាស៊ី​(BAC) SAMBENTHAN រយៈពេល​១១​ថ្ងៃ​កន្លងមក ពោលគឺ​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១៦ ខែមិថុនា បាន​ប្តេ​ជា​ចិត្ត​ថា នឹង​យក​ចំណេះដឹង​ដែល​ខ្លួន​ទទួលបាន​ពី​វគ្គ​នេះ​ទៅ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​កីឡា​វាយ​សី​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ដូច​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​។​



​សិក្ខាកាម​ចំនួន​២០​នាក់​ដែល​មកពី​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ក្រោយពី​ទទួលបាន​ការបណ្តុះបណ្តាល​វគ្គ​គ្រូ​កម្រិត​១​ពី​លោកគ្រូ​ឧទ្ទេស​ជនជាតិ​ម៉ាឡេស៊ី SAMBENTHAN មកពី​សហព័ន្ធ​កីឡា​វាយ​សី​អាស៊ី​បាន​ប្តេ​ជា្ញ​ថា នឹង​យក​ចំណេះដឹង​ដែល​ខ្លួន​បាន​រៀន​ទាំង​ទ្រឹស្តី និង​អនុវត្តន៍​ជាក់ស្តែង​នៅលើ​ទីលាន ទៅ​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅតាម​ក្លិប សាលា សមាគម ក្នុង​រាជធានី​-​ខេត្ត​របស់​ពួកគេ ដើម្បី​អភិវឌ្ឍន៍​កីឡា​វាយ​សី​កម្ពុជា​ឲ្យ​មាន​ភាព​រីកចម្រើន​ដូច​បណ្តា​ប្រទេស​នៅក្នុង​តំបន់​។


​នេះ​ជា​លើក​ទី​៣​ហើយ​សម្រាប់​កម្ពុជា​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​វគ្គ​គ្រូបង្វឹក​កម្រិត​១​ដែលមាន​គ្រូឧទ្ទេស​មកពី​សហព័ន្ធ​កីឡា​វាយ​សី​អាស៊ី ដែល​បណ្តា​ប្រទេស​មួយចំនួន​នៅ​តំបន់​មិនមាន​ជាពិសេស​ប្រទេស​វៀតណាម និង​ឡាវ​ជាដើម ព្រោះ​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​លើក​នេះ​មាន​សិក្ខា​ម្នាក់​មកពី​ប្រទេស​វៀតណាម​ផងដែរ​។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ដែល​កម្ពុជា​តែងតែ​ទទួលបាន​ការចូលរួម​ពី​សំណាក់​គ្រូឧទ្ទេស​មកពី​សហព័ន្ធ​កីឡា​វាយ​សី​អាស៊ី ជាពិសេស​លោក SAMBENTHAN ជនជាតិ​ម៉ាឡេស៊ី​នោះ លោក លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​បញ្ជាក់ថា​៖«​តាមរយៈ​ទំនាក់ទំនង​ល្អ​ជាមួយ​សហព័ន្ធ​កីឡា​វាយ​សី​អាស៊ី​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កម្រិត​១​យើង​តែងតែ​ធ្វើជា​រៀងរាល់ឆ្នាំ​ជា​បន្តបន្ទាប់ ជាពិសេស​គឺ​ទទួលបាន​ការសម្របសម្រួល​ពី​លោក SAMBENTHAN តែម្តង​។ វា​ជា​មោទនភាព​របស់​កម្ពុជា​ដែល​ទទួលបាន​វគ្គ​សិក្សា​នេះ ព្រោះ​ប្រទេស​មួយចំនួន​ដូចជា វៀតណាម និង​ឡាវ មិនទាន់មាន​វគ្គ​សិក្សា​បែបនេះ​នោះទេ​»​។​


​ដើម្បី​ត្រៀមខ្លួន​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ លោក​ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​រូបនេះ​ឲ្យ​ផោ្ត​ត​សំខាន់​ទៅលើ​យុវជន ជាពិសេស​គឺ​ការជ្រើសរើស​កីឡាករ​កីឡាការិនី​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​ដើម្បី​ឲ្យ​វិស័យ​កីឡា​យើង​អាចឈាន​ទៅមុខ និង​មានការ​រីកចម្រើន​ឲ្យ​ឆាប់រហ័ស​នោះ​គឺ​ត្រូវ​ជ្រើសរើស​កីឡាករ​កីឡាការិនី​វ័យក្មេង​ឲ្យ​បានល្អ ព្រោះ​ការប្រកួត​ស៊ី​ហ្គេម​នឹង​មកដល់​ក្នុង​រយៈពេល​៧​ឆ្នាំ​ខាងមុខ​ទៀត ដូច្នេះ​យើង​គិតពី​ឥឡូវ​ទៅ ដោយ​យើង​ត្រូវផ្តោត​សំខាន់​ទៅលើ​ការហ្វឹកហាត់​ទាំង​ទ្រឹស្តី និង​ការអនុវត្ត ជាពិសេស​គឺ​ការបង្កើត​ឲ្យ​មានការ​ប្រកួត​ឲ្យ​បាន​ច្រើន ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​របស់​កីឡាករ​»​។

​គួរ​បញ្ជាក់ថា សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កម្រិត​១​រយៈពេល​១១​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១៦ ខែមិថុនា ដោយ​មានការ​សិក្ខា​ចូលរួម​ទាំងអស់​ចំនួន​២០​នាក់​(​ស្រី​៣​នាក់​)​។ ពួកគេ​ទាំងនេះ​មកពី​សាលា​ក្លិប​-​សមាគម​នៅតាម​ខេត្ត និង​រាជធានី​ចំនួន​១៥ ក្នុងនោះ​មកពី​ប្រទេស​វៀតណាម​ម្នាក់​ផងដែរ​។ សិក្ខាកាម​ទាំងនេះ​ទទួលបាន​ការបង្ហាត់បង្រៀន​ពី​សំណាក់​គ្រូឧទ្ទេស​ជនជាតិ​ម៉ាឡេស៊ី SAMBENTHAN ដែល​មកពី​សហព័ន្ធ​កីឡា​វាយ​សី​អាស៊ី និង​ជា​អ្នកសម្របសម្រួល​របស់​សហព័ន្ធ​កីឡា​វាយ​សី​ពិភពលោក​៕  



Tag:
 កីឡា​វាយ​សី​
  លី កុសល​
  SAMBENTHAN
© រក្សាសិទ្ធិដោយ thmeythmey.com