ជាតិ
ជនជាតិដើម​ភាគតិច​បន្ត​ជំទាស់​គម្រោង​រុករក​រ៉ែ​មាស​ខេត្តរតនគិរី​
17, Jun 2016 , 10:19 pm        
រូបភាព
ដោយ:
​រតនគិរី​៖ ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ចំនួន ២​ឃុំ ក្នុងស្រុក​អូរ​យ៉ា​ដាវ បាន​បន្ត​ជំទាស់ នឹង​គម្រោង​រុករក​រ៉ែ​របស់​ក្រុមហ៊ុន​អង្គរ​ហ្គោល (Angkor Gold) ក្នុង​ខេត្តរតនគិរី ដោយ​ពួកគេ​លើកឡើងថា ក្រុមហ៊ុន​របស់​កាណាដា​មួយ​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដីចម្ការ​វិលជុំ ដីព្រៃ​កប់ខ្មោច ប្រពៃណី​ដូនតា​ដើម និង​បរិស្ថាន​នៅក្នុង​សហគមន៍​គេ​។ តែ ភាគី​ក្រុមហ៊ុន​បាន​ច្រានចោល​ការចោទប្រកាន់​ពួក​គេ​។



​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ជាង ១០០​គ្រួសារ រស់នៅក្នុង​ឃុំ​ប៉ា​តេ និង​ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បន្ត​ជំទាស់​គម្រោង​រុក​រ៉ែ​របស់​ក្រុមហ៊ុន អង្គរ ហ្គោល ដែល​ទទួលបាន​សិទ្ធិ​ស្រាវជ្រាវ​រុករក​រ៉ែ​មាស​ពី​ក្រសួង​រ៉ែ និង​ថាមពល​។ ពួកគេ​អះអាង ក្រុមហ៊ុន​បាន​ចុះ​ប្រតិបត្តិ​ការសិក្សា​ពី​ប្រភព​រ៉ែ​ក្នុង​តំបន់​ពួកគេ​ជិត ១០​ឆ្នាំ​ហើយ វា​កំពុង​បង្ក​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​សហគមន៍​ជនជាតិដើម​ភាគតិច​ពួកគេ​។​



​ប្រធាន​សហគមន៍​ជនជាតិដើម​ភាគតិច​ចា​រាយ ឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ លោក សេវ ហ្លិ​ត បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ដែល​ដឹកនាំ​ដោយ​អង្គការក្រៅរដ្ឋាភិបាល កាលពី​ថ្ងៃទី​២៥ ខែឧសភា ថា ពួកគេ​ប្រឆាំង​ដាច់ខាត នឹង​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន រុករក​រ៉ែ​មាស​ក្នុង សហគមន៍​ពួកគេ​។​

​បុរស​ជនជាតិ​ចា​រាយ​សម្បុរ​ខ្មៅ​ស្រអែម​វ័យ ៤៧​ឆ្នាំ​រូបនេះ បាន​ចោទប្រកាន់​ក្រុមហ៊ុន​ឯកជន​នេះ កំពុង​រុករក​រ៉ែ​បំផ្លាញ​ដីព្រៃ និង​ដីចម្ការ​វិលជុំ​ដែលជា​អាយុជីវិត​ពួកគេ ព្រោះ​ក្រុមហ៊ុនបានរុករាន​លើដី​ព្រៃភ្នំ​ធម្មជាតិរបស់ពួកគេ​។ លោក​បានលើកឡើង​ពី​ក្តីបារម្ភ​យ៉ាង​ដូច្នេះ​ថា​៖«យើងមាន​បញ្ហា​ គឺ​ក្រុមហ៊ុន​បង្កផល​ប៉ះពាល់​អ​ដល់​បរិស្ថាន​ហើយ ថែមទាំង​អាច​កើត​ភាពវឹកវរ​នៅក្នុង​សហគមន៍ ដូចជា ចោរលួច ឬ​ចោរប្លន់​ជាដើម​ ក្នុងសហគមន៍។ សហគមន៍​យើង​ដាច់ខាត​ឥត​ត្រូវការ​អភិវឌ្ឍ​បែបនេះ​ទេ​។ ពួកគេធ្វើបែបនេះ ដូច​សម្លាប់យើងចោល​ដែរ​។ ពលរដ្ឋ​ក្នុងភូមិ​នេះ​ពុំមាន​ដី ពួកគាត់​ចេះរកស៊ី​លក់ដូរ​អ្ ដូចខ្មែរទេ​»?

​ដោយឡែក ពលរដ្ឋ​នៅក្នុង​សហគមន៍​មួយ​ផ្សេងទៀត ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឃុំ​ប៉ា​តេ​នេះ ក៏​បារម្ភ​ដូចគ្នា​នឹង​ប្រធាន​សហគមន៍​ខាងលើ​ដែរ ពាក់ព័ន្ធ​នឹង​ការវិនិយោគ​រុករក​រ៉ែ​មាស ដោយ​ក្រុមហ៊ុន អង្គរ ហ្គោល​។​


​ប្រជាពលរដ្ឋ​ភូមិ​ពាក់ ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ​ជាង ១០​គ្រួសារ មាន​វិវាទ​ដី​ជាង ១​ពាន់​ហិកតា ត្អូញត្អែរថា ពួកគេ​បាត់បង់​មុខរបរ និង​ប្រឈម​បញ្ហា​ជីវភាព ជាពិសេស​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​នេះ ជះឥទ្ធិពល​កាន់តែ​អាក្រក់​ទៅដល់​ប្រពៃណី​ដើម អស់​ព្រៃ​អារក្ស និង​ដីចម្ការ​វិលជុំ​ជាដើម​ក្រោយ​ការចូល​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន អង្គរ ហ្គោល ចាប់តាំងពី​ឆ្នាំ​២០១០ រហូតមក​។​

​លោក សេវ ហ្វុ​ន វ័យ ៦៦​ឆ្នាំ ជា​ព្រឹទ្ធាចារ្យ​នៅក្នុង​សហគមន៍​ឃុំ​យ៉ា​ទុង បាន​និយាយថា ជនជាតិភាគតិច មានចំណេះដឹង​តិចតួច ដូច្នេះ ពួកគេ​ពុំ​ងាយ​នឹង​ទទួលយក​ការអភិវឌ្ឍ បែប​វប្បធម៌​ថ្មី តាមរយៈ​ការវិនិយោគ​នេះ​ទេ​។ ម្យ៉ាង ពួកគេ​ពុំ​ជឿ​លើ​គោលការណ៍​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ទេ ព្រោះ​ពួកគេ​ឃើញថា ក្រុមហ៊ុន​បំពាន​លើដី​អាស្រ័យ​ផល​ប្តូរ​វេន​ពួកគេ​។

​បុរស​ជន​ជនជាតិ​ចា​រាយ​រូបនេះ ពុំ​យល់ព្រម​ទទួលយក​ការអភិវឌ្ឍ​ឡើយ​បើទោះបីជា​ក្រុមហ៊ុន​បាន​សន្យា​ពួកគេ​ថា គេ​នឹង​អភិវឌ្ឍន៍​តំបន់​ជនជាតិភាគតិច​រីកចម្រើន​ក្តី​។ លោក​បដិសេធ​យ៉ាង​ដូច្នេះ​ថា​៖« យើង​មិន​ចង់បាន​ឡាន ម៉ូតូ និង​មាន​ទីផ្សារ​ទំនើប​ទេ​។ យើង​ត្រូវ​ការរក្សា​នូវ​ប្រពៃណី​ដើម និង​ទម្រង់​នៃ​វប្បធម៌ ជំនឿ​សាសនា មុខរបរ​តាម​ទម្លាប់​ដូនតា​»​។ លោក​បន្ត​សង្កត់ធ្ងន់ថា​៖ «​យើង​ត្រូវការ​ព្រៃ សត្វព្រៃ បើ​អត់​ព្រៃ​គឺ​យើង​រស់នៅ​អត់​បានទេ​។ តាំង​ដើម​ធ្លាប់​រក​សត្វ​សំពោច ឆ្មាបា​អី និង​ជ្រូក​អី​បាន​តិចតួច​ទៅ គ្រាន់​បាន​ចិញ្ចឹម​គ្រួសារ​»​។​


​ជា​ការឆ្លើយតប លោក ម៉ា សំអាត អ្នកគ្រប់គ្រង​បច្ចេកទេស ក្រុមហ៊ុន អង្គរ​ហ្គោល បាន​បដិសេធ នឹង​ការចោទប្រកាន់​របស់​ព​ល​រដ្ឋ​ជនជាតិដើម​ភាគតិច​។ លោក​និយាយថា ក្រុមហ៊ុន​បានរៀបចំ​វេទិកា​ជជែក​ពិភាក្សា​ជា​សាធារណៈ​ជាមួយ​ពលរដ្ឋ ដោយមាន​ការចូលរួម​ពី​សំណាក់ អង្គ​ក្រៅ​រដ្ឋាភិបាល អ្នកសារព័ត៌មាន និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ដើម្បី​ឲ្យ​ពលរដ្ឋ លើក​ពី​ក្តីបារម្ភ​ពួកគេ​។ ប៉ុន្តែ​លោក​ថា ពួកគេ​បាន​បដិសេធ​ការចូលរួម ដោយសារ​ពួកគេ​ពុំ​យល់​ពី​ការអភិវឌ្ឍន៍​។ លោក​បដិសេធ​យ៉ាង​ដូច្នេះ​ថា​៖«​យើង​តែង​សម្រួល​បញ្ហា​ជាមួយ​ពួគគាត់ យើង​ទិញ​ដី​ពួកគាត់​ទាំង​អត់​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​។ យើង​រៀបចំ​ដីស្រែ​តំបន់​ផ្សេង ធ្វើ​ពាង​ស្តុក​ទឹក​តាម​ផ្ទះ​ជូន​គាត់ តែ​ពួកគាត់​ពុំ​ចេះ​រស់នៅ ពួកគាត់​ចង់​រស់​នៅតាម​ព្រៃភ្នំ ទឹកអូរ ទឹកស្ទឹង​ទៅវិញ​។ តែ​យើង​នឹង​ពិភាក្សាគ្នា​ជា​សាធារណ​ជាមួយ​ពួកគាត់​ថែមទៀត​»​។​

​យ៉ាងណា បច្ចុប្បន្ននេះ ក្រុមហ៊ុន​ស្រាវជ្រាវ​រុករក​រ៉ែ​អង្គរ​ហ្គោល​នេះ បាន​លក់​អាជ្ញាប័ណ្ណ​ដី​រ៉ែ បន្ត​ឲ្យ​ក្រុមហ៊ុន​មួយ​ផ្សេងទៀត គឺ​ក្រុមហ៊ុន មេ​ស្កូ ហ្គូ​ល (Mesco Gold) របស់​ប្រទេស​ឥណ្ឌា​ម្ដង ដើម្បី​បើក​ប្រតិបត្តិ​ការធ្វើ​អាជីវកម្ម​រ៉ែ​ក្នុង​តំបន់​ព្រៃភ្នំ​ជនជាតិដើម​ភាគតិច ឃុំ​យ៉ា​ទុង និង​ឃុំ​ប៉ា​តេ​។​

​ប្រធាន​ប្រតិបត្តិការ​អាជីវកម្ម​រ៉ែ​ប្រចាំ​ក្រុមហ៊ុន មេ​ស្កូ ហ្គោល លោក ហាស វី​ស្យា​ម៉ា (Harsh V Sharma) បាន​បដិសេធថា ក្រុមហ៊ុន​លោក​បាន​បំពាន​ដីធ្លី សិទ្ធិសេរីភាព​ពលរដ្ឋ ក្នុង​ការធ្វើ​អាជីវកម្ម​ដោយ​អាថ៌កំបាំង​ឡើយ​។​

​តំណាង​ក្រុមហ៊ុន មេ​ស្កូ ហ្គោល ជនជាតិ​ឥណ្ឌា និយាយ​ពី​ការអភិវឌ្ឍ​ថា ក្រុមហ៊ុន​នឹង​បង្រៀន និង​ជ្រើសរើស​ជនជាតិភាគតិច​ឲ្យ​ចូលធ្វើការ​ផ្នែក​រ៉ែ ក្នុង​ក្រុមហ៊ុន ដោយ​ទទួល​ប្រាក់​ខ្ពស់ សមរម្យ ហើយ​ក្រុមហ៊ុន​នឹង​ជួយ​សង់​ពាង​ស្តុក​ទឹក បង្គន់​អនាម័យ ផ្លូវថ្នល់​ជូន​ពួកគេ ប្រសិនបើ​គម្រោង​ទទួលជោគជ័យ​។ បើតាម​លោក Harsh V Sharma បច្ចុប្បន្ននេះ ក្រុមហ៊ុន​លោក​កំពុង​រង់ចាំ​អាជ្ញាប័ណ្ណ​បើក​អាជីវកម្ម​រ៉ែ​ផ្លូវការ​ពី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​។​

​មិន​ខុសគ្នា​ពី​លោក ម៉ា សំអាត ប្រធាន​ប្រតិបត្តិការ​ក្រុមហ៊ុន មេ​ស្កូ ហ្គោល លើកឡើងថា ក្រុមហ៊ុន មេ​ស្កូ ហ្គោល ក្រៅពី​បានផ្ដល់​សំណង​ដល់​សហគមន៍​ក្នុង​មួយ​គ្រួសារ​ចំនួន ១.៥០០​ដុល្លារ​ហើយ ពលរដ្ឋ​រស់នៅ​តំបន់​នោះ អាច​បម្រើការ​ក្នុង​ក្រុមហ៊ុន​ពួកគេ​ទៀតផង​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្តរតនគិរី​សង្កេតឃើញថា ក្រុមហ៊ុន​រុករក​រ៉ែ អង្គរ​ហ្គោល  និង​ក្រុមហ៊ុន​អាជីវកម្ម​រែ់ មេ​ស្កូ ហ្គោល បាន​បើក​ព័ត៌មាន​យ៉ាង​ទូលំទូលាយ ក្នុង​ការចរចា​ជាមួយ​សហគមន៍ អង្គការក្រៅរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ ផ្ទុយ​ពី​ក្រុមហ៊ុន​ដទៃទៀត​។​

​លោក ប៊ី វ៉ាន់​នី មន្ត្រី​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្តរតនគិរី និយាយថា ក្រុមហ៊ុន​ទាំងពីរ​បាន​បើកទូលាយ និង​មាន​តម្លាភាព​ក្នុងការ​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ចាប់តាំងពី​ផ្ដើម​វិនិយោគ រហូតមក ។ ហើយ​ថា ក្រុមហ៊ុន​ពុំបាន​បំពាន​រាល់​​សំណើ​ពលរដ្ឋ​ឡើយ​។​

​មន្ត្រី NGO ដែល​តាមដាន​រឿងនេះ និយាយ​ដូច្នេះ​ថា​៖«​រហូតមកដល់​ពេលនេះ ខ្ញុំ​ឃើញ​ក្រុមហ៊ុន​ហ្នឹង​អត់​ទាន់​បាន​រំលោភបំពាន​ទៅ​លើដី​ប្រជាពលរដ្ឋ ណាមួយ​ទេ​។ រយៈ​ពេលដែល​ខ្ញុំ​ធ្វើ​មួយ​ឆ្នាំនេះ អត់​មាន​ឃើញ​ក្រុមហ៊ុន​ហ្នឹង​រំលោភ​ទៅ​លើដី​ប្រជាពលរដ្ឋ​ទេ​»​។​

​បើតាម​លោក Harsh V Sharma ក្រុមហ៊ុន Mesco Gold ដែល​ទិញ​សិទ្ធិ​បន្ត​ពី​ក្រុមហ៊ុន អង្គរ ហ្គោល អាច​នឹងត្រូវ​ចាប់ផ្ដើម​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ក្នុង​ខែមិថុនា​នេះ​។ ហើយ ក្រុមហ៊ុន​ត្រូវការ​កម្លាំង​ពលកម្ម​ជាង ៤០០​នាក់ ក្នុងនោះ មាន ៤០ ទៅ ៥០​នាក់ ជា​អ្នកបច្ចេកទេស​ជនជាតិ​ឥណ្ឌា​៕


Tag:
 ​រ៉ែ​
  មាស​
  រតនគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com