កីឡាជាតិ
ភ្នំពេញ​ក្រោ​ន​លើក​ពាន U-19 ចំណែក​កីឡាករ ម៉ែន ពិភព ទទួលបាន​ពាន​២​ក្នុងពេល​តែមួយ​
18, Jun 2016 , 3:04 pm        
រូបភាព
ដោយ:
​បន្ទាប់ពី​ធ្វើការ​ប្រកួត​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​កន្លងមក ក្រុមបាល់ទាត់​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​អាយុ​ក្រោម​១៩​ឆ្នាំ (U-19) បាន​លើក​ពាន Smart RSN Youth U-19 Championship បន្ទាប់ពី​យកឈ្នះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ៧-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ព្រឹក​មិញ នៅ​កីឡដ្ឋាន RSN​។ ជាមួយគ្នានេះ​កីឡាករ​ខ្សែប្រយុទ្ធ ម៉ែន ពិភព របស់​ភ្នំពេញ​ក្រោ​ន​ទទួលបាន​ពាន​២​ក្នុងពេល​តែមួយ​ពី​ការប្រកួត​ពាន U-19 នេះ​ផងដែរ​។  

 
​ក្រុមបាល់ទាត់​ជម្រើសជាតិ U-19 របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ក្រោយពី​យកឈ្នះ​ក្រុម U-19 របស់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ៧-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ព្រឹក​មិញ​នៅ​កីឡដ្ឋាន RSN បានធ្វើ​ឲ្យ​ក្រុម U-19 របស់​ភ្នំពេញ​ក្រោ​ន​លើក​ពាន Smart RSN Youth U-19 Championship ប្រចាំឆ្នាំ​២០១៦​នេះ ដោយមាន ១៨​ពិន្ទុ​។ 
 
​ចំណែក​ក្រុម U-19 របស់​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ក្លាយជា​ជើងឯក​រង​នៃ​ពានរង្វាន់​នេះ ដោយមាន​៧​ពិន្ទុ​ស្មើ​ជាមួយ​ក្រសួងការពារជាតិ ប៉ុន្តែ​ដោយសារ​គិត​តាម​រូបមន្ត Head to Head ធ្វើ​ឲ្យ​ក្រុម U-19 របស់​ក្រសួងការពារជាតិ​ដែល​ស្មើ ៣-៣ ជាមួយ​ក្រុម U-19 របស់​បឹងកេត​អង្គរ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ឬ​ឯ​ក្រុម U-19 របស់​បឹង​អង្គរ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤​។  
 

 
​កីឡាករ ម៉ែន ពិភព របស់​ភ្នំពេញ​ក្រោ​ន​បាន​ក្លាយជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​ច្រើនជាងគេ​(Top Scorer) បន្ទាប់ពី​រូបគេ​រក​គ្រាប់​បាល់​បាន​៦​គ្រាប់​សម្រាប់​ការប្រកួត​ពានរង្វាន់​នេះ ហើយ​រូបគេ​ត្រូវបាន​លោក Sam Schweingruber បាន​វាយតម្លៃ​ជា​កីឡាករ​ដែល​លេង​ល្អ​ជាងគេ​នៅក្នុង​នៅ​ក្រុម​បន្ទាប់ពី​លោក​បាន​ទស្សនាការ​ប្រកួត​កាលពី​ព្រឹក​មិញ និង​ពេលកន្លងមក​។ ដូច្នេះ​ធ្វើ​កីឡាករ ម៉ែន ពិភព ទទួលបាន​ពីរ​ក្នុងពេល​តែមួយ គឺ​ពាន​រក​គ្រាប់​បាល់​ច្រើនជាងគេ និង​ពាន​លេង​ល្អ​ជាងគេ​។ 
 


​កីឡាករ​ម្ចាស់​ពាន Top scorer រូបនេះ​បាន​សម្តែង​ង​អារម្មណ៍​រំភើព​សប្បាយរីករាយ​យ៉ាងខ្លាំង​នៅពេលដែល​ខ្លួន​ទទួលបាន​ពាន​ពីរ​ក្នុងពេល​តែមួយ​ដូច្នេះ ហើយ​រូបគេ​បាន​សម្តែង​អារម្មណ៍​ភ្ញាក់ផ្អើល​នៅពេលដែល លោក Sam គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​បាន​វាយតម្លៃ​ឲ្យ​ក្លាយជា​អ្នកលេង​ល្អ​ជាងគេ ព្រោះ​រូបគេ​មិនដែល​រំពឹងថា​នឹង​អាចជា​អ្នកលេង​ដ៏​ល្អ​នោះទេ គឹ​គ្រាន់តែ​ធ្លាប់​រំពឹងថា​ថ្ងៃ​ណាមួយ​រូបគេ​នឹង​ក្លាយជា​អ្នក Top Scorer ប៉ុណ្ណោះ​។​
 
​កីឡាករ​រូបនេះ​បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​មាន​អារម្មណ៍​រំភើព និង​សប្បាយរីករាយ​ណាស់​មិន​នឹកស្មានថា បាន​ពាន​ទាល់តែ​ពីរ​។ ខ្ញុំ​ធ្លាប់តែ​ស្រមៃ​ចង់បាន Top Scorer តែ​ការពិត​បាន​ដល់​ពីរ​តែម្តង វា​ហួស​ពីអ្វី​ដែល​ស្រ​ម៉ៃ និង​លើសពី​អ្វីដែល​ខ្ញុំ​រំពឹងទុក​»​។​
 
​បន្ទាប់ពី​ទទួលបាន​ពាន​ជា​កីឡាករ​ដែល​លេង​ល្អ​ជាងគេ កីឡាក​រូបនេះ​បាន​ប្រាប់​ពី​គោលបំណង​ទៅ​ថ្ងៃ​អនាគត​ថា រូបគេ​ចង់​ក្លាយជា​កីឡាករ​ជម្រើសជាតិ​ដែល​លេង​ឲ្យ​ក្លិប​ភ្នំពេញ​ក្រោ និង​លេង​ឲ្យ​ជម្រើស​តំណាង​ឲ្យ​កម្ពុជា ហើយ​គោល​ធំ​នោះ គឺ​រូបគេ​ចង់ទៅ​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​ថៃ ក្នុង​គោលបំណង​ដើម្បី​ដកស្រង់យក​បទពិសោធ​ន៍​ល្អ ជាពិសេស​ដោយសារ​បច្ចុប្បន្ន​កីឡាករ​រូបនេះ​មាន Idol ជា​កីឡាករ​ថៃ​។​
 
​ទន្ទឹមនឹង​ទទួលបាន​ពាន​ជា​កីឡាករ​រក​គ្រាប់​បាល់​ច្រើនជាងគេ និង​លេង​ល្អ​ជាងគេ កីឡាករ​រូបនេះ បាន​ប្តេជ្ញា​ថា និង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្តទៀត ដើម្បី​សម្រេច​គោលបំណង​របស់ខ្លួន​នា​ថ្ងៃ​អនាគត ហើយ​រូបគេ​រំពឹងថា ថ្ងៃ​ណាមួយ​ខ្លួន​នឹង​ក្លាយជា​កីឡាករ​ដ៏​ល្អ​តំណាង​ឲ្យ​កម្ពុជា​ចេញទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេងៗ​៕          

Tag:
 បាល់ទាត់​
  Smart RSN Youth U-19 Championship
© រក្សាសិទ្ធិដោយ thmeythmey.com