ជាតិ
រដ្ឋលេខាធិការ ជា ច័ន្ទ​បរិបូរណ៍ បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​
18, Jun 2016 , 10:20 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពីដើម​សប្ដាហ៍​នេះ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​លោក ជា ច័ន្ទ​បរិបូរណ៍ បានធ្វើ​ដំណើរ​ចូលទៅ​កាន់​តំបន់​កោះ​ពេជ្រ​ដើម្បី​ចូលរួម​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រោម​វត្តមាន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។


 
​ពេល​ឆ្លងស្ពាន​ចូលទៅ​តំបន់​កោះ​ពេជ្រ សមាជិក​រាជរដ្ឋាភិបាល​រូបនេះ បាន​ជួប​រឿង​ដដែលៗ​របស់ខ្លួន​ជាថ្មីទៀត​ម្តងទៀត គឺ​ទទួល​ការមើល​ងាយ​ពី​សំណាក់​មនុស្ស​មួយចំនួន​នៅពេលដែល​លោក​ប្រើ​រថយន្ត​តែមួយគត់​របស់ខ្លួន​ម៉ាក​លុច​ស៊ី​ស​៤៥០​ដ៏​ចំណាស់ ហើយ​ថែមទាំង​បើក​វា​ដោយ​ខ្លួនឯង គ្មាន​តៃកុង​ឡើយ​។ 
 
​ទំនងជា​ទ្រាំលែងបាន តាមរយះ​បណ្ដា​យ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​, លោក ជា ច័ន្ទ​បរិបូរណ៍ បាន​បង្ហោះ​ដោយ​សរសេរ​រៀបរាប់​ពី​នាយ​នគ​បាល​ម្នាក់​បញ្ជា​ឲ្យ​គាត់​ចត​រថយន្ត​ចាស់​របស់គាត់​ដែលមាន​គ្មាន​តៃកុង​នៅ​ឆ្ងាយ​ពី​សាល​សន្និបាត​បាន​ហើយ បើទោះបីជា​គាត់​មាន​ប័ណ្ណ VIP ក៏ដោយ​។ តាមពិត​សំបុត្រ VIP ដូចជា​មិនសូវ​មានតម្លៃ​ទេ​។ អ្វីដែល​នគ​បាល​រូបនោះ ចាប់អារម្មណ៍​ខ្លាំង គឺថា រថយន្ត​គ្មាន​តៃកុង ហើយ​រថយន្ត​ទំនងជា​ចាស់​ពេក​។ 
 
​តាមពិតទៅ នេះ​មិនមែនជា​លើក​ទី​១​ឡើយ​សម្រាប់​លោក ជា ច័ន្ទ​បរិបូរ​ណ៌​, បើ​យោងតាម​ប្រភព​មួយចំនួន​ដែល​ស្និទ្ធ​នឹង​លោក​។ ការដែល​លោក​រដ្ឋលេខាធិការ​ទទួល​រង​ការ​មិនសូវ​ឲ្យ​តម្លៃ​ពី​មនុស្ស​មួយចំនួន អាច​បណ្តាលមកពី​លោក​ប្រើ​រថយន្ត​កញ្ចាស់ ក្នុងខណៈ​ពេលដែល​លោក​កំពុងកាន់​តួនាទី​ខ្ពស់​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​។ 
 
​ទោះជា​យ៉ាងណាក៏ដោយ ក៏​មានមតិ​មួយចំនួន​បានលើកឡើង​ទាក់ទង​ទៅ​មន្ត្រីជាន់ខ្ពស់​មាន​ធនធាន និង​មន្ត្រីជាន់ខ្ពស់​មិនសូវមាន​ធនធាន​។ មតិ​នោះ តែង​រិះគន់​មន្ត្រី​ធំៗ​មួយចំនួន​ដែល​ជិះឡាន​ល្អ និង​មានតម្លៃ​ថ្លៃ​ខ្ពស់​ថា មាន​«​ទ្រព្យសម្បត្តិ​» អាច​បាន​ប្រាក់​ដោយសារ​ការប្រព្រឹត្តិ​អំពើ​ផ្តេសផ្តាស​។ តែ​មតិ​ដដែល​នោះ បើ​ឃើញ​មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៃ​រាជរដ្ឋាភិបាល​ផ្សេងទៀត មាន​ជីវភាព​មិនសូវ​ធូរធា​រ ប្រើ​ឡាន​កញ្ចាស់ គ្មាន​អ្នក​ហែរ​ហម​អមដំណើរ គ្មាន​តៃ​កង់​បើក​ជូន ពួកគេ​បែរជា​មើលងាយ​ទៅវិញ​។  តើ​មតិ​ទាំងនោះ​ចង់បាន​អ្វី​ពិតប្រាកដ​? គួរ​លើកទឹកចិត្ត​អ្នក​ស្មោះត្រង់​ដែល​មិនសូវមាន​ប្រាក់ ឬ​ត្រូវ​អបអរ​អ្នក​អាក្រក់​ដែលមាន​ប្រាក់ តែ​មិនសូវ​ស្មោះត្រង់​? 
 

Tag:
 ជា ច័ន្ទ​បរិបូរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com